អេស្ប៉ាញ ចង់បង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពលខ្យល់

ក្រុមហ៊ុន Acciona Energía របស់អេស្ប៉ាញ គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងតែអនុវត្តគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុនដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។

បន្ថែមពីនេះ ក្រុមហ៊ុនផលិតថាមពល ដ៏ធំមួយនេះមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេង​ៗគ្នាបម្រើការងារ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុន មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជារួចមកហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Acciona Energía ជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។

ក្រៅពីអេស្ប៉ាញ កន្លងមក ក្រុមហ៊ុន Blue Circle របស់បារាំង ក៏ធ្លាប់មានបំណងចង់វិនិយោគលើគម្រោងទាញយកថាមពលអគ្គិសនីដោយថាមពលខ្យល់នៅកម្ពុជាផងដែរ។

ក្រុមហ៊ុននេះ បានសិក្សាលើស្ថានភាពភូមិសាស្ត្រកម្ពុជា ដែលបានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត និងខេត្តមណ្ឌលគីរី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់

ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុព​ល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមកា​រងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេង​ៗ​​​ទៀត។ ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។ គម្រោងសាងស​ង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ […]

រដ្ឋចាប់ផ្តើមសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមថ្មី(loT) ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃនៅសៀមរាប

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ិនធើណេតនៃវត្ថុ( Internet of Thing ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត​ បានផុសផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ។ ប្រភពដដែលនេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត បានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើ​ម្បី​​​អនុវត្តគម្រោងខាងលើនេះ ក្នុងការពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែ​លមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។ គម្រោងខាងលើនេះ ត្រូវបានសិក្សាបឋមកាលពីឆ្នាំ២០២៣ ដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅ។ ជាលទ្ធផលនៃការសិក្សា បានបង្ហាញឱ្យដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់​ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ ក្រោយមក ដោយមានកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអង្គការ GIZ […]

កម្ពុជា-សឹង្ហបុរី រួមគ្នាជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីទប់ការឡើងថ្លៃអគ្គសនី និងការពារបរិស្ថាន

កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជា និងសិង្ហបុរី ​ជាអ្នក​​ផ្ដួច​ផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ​ដែលហៅថា Asean Power Grid (APG) ក្នុងគោលបំណងការការ​ពារ​បរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។​ ឯកឧត្តមបានបន្តថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម កែវ រតនៈ ក៏បានអះអាងថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញ​ឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។ […]

គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម) - Video Advertisement -

អូស្ត្រាលីគ្រោងច្នៃសំណល់ពោតជាជីវម៉ាស ដែលអាចរក្សាកាបូនបាន ១ពាន់ឆ្នាំ​ សម្រាប់ស្ដារគុណភាពដីកសិកម្មនៅសៀមរាប

ក្រុមហ៊ុន Agribusiness Asian Group (AAG) របស់អូស្រា្តលី គ្រោងកែច្នៃកាកសំណល់កសិកម្មពីដំណាំពោតរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវម៉ាស ដើម្បីរក្សាទុកកាបូនបាន ១០០០ឆ្នាំ ខណៈក្រុមហ៊ុននេះទើបសម្ពោធបើកកសិដ្ឋានដំណាំពោះលើផ្ទៃដីប្រមាណជា ១០០០ហិកតា នៅក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្រុមហ៊ុន AAG បានឱ្យដឹងថា​ ក្រុមហ៊ុន នឹងធ្វើការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ AAG បានបន្ថែមថា ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើ​យ​​​​ជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១០០០ឆ្នាំ ដែលអាចយកទៅប្រើលើដី ដើម្បីធ្វើឱ្យ​ប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សម​ត្ថភាពផ្ទុ​កសារធាតុចិញ្ចឹម និងស​កម្មភា​ព​​អតិសុខុមប្រាណក្នុងដី។ ទន្ទឹមនឹងនេះដែរ លោក ប្រាក់ ដាវីដ […]

កម្ពុជាជំរុញប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូន២០៥០

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន សំដៅឈានទៅសម្រេចគោលដៅអព្យាក្រិត្យកាបូន នៅឆ្នាំ ២០៥០​ ដូចដែលបានកំណត់ទុក។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម។ ជាងនេះទៀត ឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយនឹងប្រទេសដែលជាសមាជិកITF, ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ឱ្យជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មមួយនេះផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីដឹកជញ្ជូនដែលជាប្រទេសសមាជិក ក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយផងដែរ។ - Video Advertisement -