រដ្ឋសម្រេចដកហូតដីព្រៃកាន់កាប់ខុសច្បាប់ជិត ៤៩០ហិកតាទៀត នៅឧទ្យានវ៉ើនសៃ-សៀមប៉ាង
នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីស្តារ និងការពារធនធានធម្មជាតិ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចធ្វើការដកហូតដីព្រៃដែលកាន់កាប់ដោយខុសច្បាប់ជិត ៤៩០ ហិកតា មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ ការសម្រេចនេះធ្វើឡើងក្រោមដីកាលេខ ០១៧/២៥ ដ.ក ដែលមានគោលបំណងបញ្ជាក់ឡើងវិញនូវកម្មសិទ្ធិរបស់រដ្ឋលើដីដែលរងផលប៉ះពាល់ដោយការកាន់កាប់ខុសច្បាប់ ដែលបានធ្វើការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ដីការនេះ បានប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ០១កន្លែងដែលមានផ្ទៃដីសរុប ៤៨៧ហិកតា និងដំណាំនៅលើដីទាំងអស់ ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងនោះ អាជ្ញាធរខេត្តស្ទឹងត្រែង បានទុករយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាខាងលើ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាផងដែរ។ សកម្មភាពទាំងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធានាថាធនធានរបស់រដ្ឋត្រូវបានអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
កន្លងទៅថ្មីៗនេះដែរ អាជ្ញាធរខេត្តស្ទឹងត្រែង ក៏ធ្លាប់បានប្រកាសជាផ្លូវការនូវការដកហូតយកដីជិត ១២០ហិកតា មកវិញពីការកាន់កាប់ខុសច្បាប់ ដែលមានទីតាំងនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នេះផងដែរ។ (អានបន្ថែម)
កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្រឆាំងនឹងការប្រើប្រាស់ដីខុសច្បាប់នៅក្នុងតំបន់ការពារ ដោយបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។
បច្ចុប្បន្ន អាជ្ញាធរខេត្តក៏កំពុងបន្តជំរុញឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធគោរពព្រំដែនឧទ្យានជាតិ និងរួមចំណែកក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ។
- Video Advertisement -