គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ខាងលិចស្ទឹងសង្កែរបស់ខេត្តបាត់ដំបង នឹងបញ្ចប់ចុងឆ្នាំ២០២៥នេះ
គិតមកពេលនេះ គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែ សម្រេចការសាងសង់បានបានជិត១០០% តាមគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុងពីរខែ្សនៅសង្កាត់ស្វាយប៉ោ និងសង្កាត់អូរចារក្រុងបាត់ដំបង កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ពេលនេះសម្រេចការសាងសង់បានជិត១០០ភាគរយហើយ។ ឯកឧត្តមបន្តថា តាមគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះ ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ។ ទន្ទឹមគ្នានេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ គឺគម្រោងនៅប៉ែកខាងលិចស្ទឹងនឹងមានគម្រោងសាងសង់ផ្លូវចំនួន២១ខ្សែ មានប្រវែងប្រមាណ១០គីឡូម៉ែត្រនៅក្នុងក្រុងបាត់ដំបង ហើយផ្លូវមួយចំនួនទៀតក៏នឹងត្រូវសាងសង់ជាបន្តបន្ទាប់ផងដែរ។ ឆ្លៀតឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋដែលកន្លងមកជួបបញ្ហាលំបាក និងដីហុយជាដើម ដោយសារត្រូវចំណាយរយៈពេលយូរក្នុងការកាយផ្លូវក្រោមដីដែលមានជម្រៅជ្រៅ និងលំបាកស្មុគស្មាញ។ សូមជម្រាបថា ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវនេះដែរ រដ្ឋបាលខេត្តបាត់ដំបង់ ក៏បានបង្ហាញពីទស្សនៈវិស័យក្នុងការអភិវឌ្ឍ និងរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ឆ្លាតវៃ និងងាយស្រួលដើរ ដើម្បីលើកកម្ពស់សោភ័ណភាពបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផងដែរ៕ […]
អានបន្ថែម

English
