ជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ​។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។ ២_បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។ ៣_ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។ ៤_វិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សា យទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។ គួរបញ្ជាក់ឱ្យដឹងថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីJICA។ គម្រោងជំហានទី១នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។ តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនា​ញ​នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថ​យការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។

អាន​បន្ថែម

ចិនជួយកម្ពុជា ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៩ តាមរយៈប្រតិបត្តិការមេគង្គ-ឡានឆាង

តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០៩នៅកម្ពុជា។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងមូលនិធិពិសេសនេះ  គម្រោងទាំង៩ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។ ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០គម្រោងរួចមកហើយ នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិ​ការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់​ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។​ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សាររបស់ផលិតផលកម្ពុជា ឱ្យកាន់តែធំជាងមុន ដើម្បីធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងខ្លាំងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិចទេ ប៉ុន្តែគាត់ជា មជ្ឈមណ្ឌលចែកចាយ គាត់អាចមកវិនិយោគបង្កើតរោងចក្រ នៅកម្ពុជា ហើយចែកចាយបន្តទៅកាន់តប្រទេសដទៃ” ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងគ្រោងបង្កើតច្រកព្រំដែនថ្មីនៅបាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2) និងគ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅបាវិត។ នេះបើតាមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួមសម្របសម្រួលលើការងារនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានពិភាក្សាផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង សមិទ្ធិផលដែលទទួលបាន បញ្ហាគន្លឹះដែលនៅសេសសល់ ទិសដៅអនុវត្តជំហានខាងមុខ មុនពេលបញ្ចប់គម្រោង។ ទន្ទឹមនឹងនេះ ក្រុមការងារ បានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងវឌ្ឍនភាពការងារថ្មីៗក្នុងការរៀបចំបង្កើតគោលនយោបាយ ផែនការសកម្មភាពនានាដែលក្រុមការងារកំពុងរៀបចំរួមមាន៖ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) គោលនយោបាយរក្សាទុកទំនិញត្រជាក់ (Cold Chain Policy) និងគោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) ការសិក្សារៀបចំមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ក៏ដូចជាការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជា ការងារកែលម្អច្រកព្រំដែនបាវិត ការពិនិត្យផ្ទៀងផ្ទាត់រួមក្នុងការពិភាក្សា វាយតម្លៃ និងបញ្ជាក់ពីសមិទ្ធផលនានា។ ចំពោះការងារកែលម្អច្រកព្រំដែនបាវិតឡើងវិញ ក្រុមការងារបានពិភាក្សាស្វែងរកដំណោះស្រាយលើកត្តាប្រឈមមួយចំនួន និងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម តាមរយៈការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារមន្រ្តី ម៉ោងពេលបំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានីយព្រំដែន។ល។ […]

អាន​បន្ថែម

កម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា​ គិត​ ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ បើតាមវេបសាយរបស់ក្រុមហ៊ុនបានលើកឡើងថា សេវាកម្មខាងលើនេះ នឹងផ្តល់ជូននូវភាពរហ័សទាន់ចិត្ត ភាពស្រួល ក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាន ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍ផ្សេងៗនៅកម្ពុជា។

អាន​បន្ថែម

ក្រុមហ៊ុនដ៏ធំ១មកពីក្វាងចូវប្រទេសចិន ចង់វិនិយោគផលិតសំបកកង់រថយន្តនៅកម្ពុជា

ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED ជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់អារម្មណ៍ចង់មកវិនិយោគផលិតសំបកកង់យានយន្តនៅកម្ពុជា។ នេះបើតាមជំនួបឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ដោយឡែក ភាគីក្រុមហ៊ុន Wanli Tire Corporation Limited បានឱ្យដឹងដែរថា​ កម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញបំផុត សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនលោក។ ទន្ទឹមនឹងនេះ ជាមួយនឹងគោលបំណងនៃការវិនិយោគខាងលើ នឹងចូលរួមចំណែកជំរុញទ្វេរឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅផងដែរ។ គួររម្លឹករថា ​បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ _ទី១មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង (អានបន្ថែម)  _ទី២ មានទីតាំងនៅក្រុងព្រះសីហនុ […]

អាន​បន្ថែម

កូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម PARK បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម PARK បន្តថា នៅក្នុងអាណត្តិនេះ លោកប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រីកទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ហើយឯកឧត្តមរដ្ឋមុន្រ្តី ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងដ៏ជាក់លាក់មួយនេះផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុន Cambodia Angkor Air និង Trip com រួមដៃគ្នាអភិវឌ្ឍអាកាសយានដ្ឋានឆ្លាតវៃ

ក្នុងគោលបំណងរួមដើម្បីប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់​។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នា គម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះជាយុទ្ធសាស្ត្រផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។ ការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញសេវាកម្មអាកាសយានដ្ឋានឌីជីថល និងការផ្តល់ជូនទេសចរណ៍របស់កម្ពុជា។ […]

អាន​បន្ថែម

និយ័តករបរធនបាលកិច្ច និងសមាគមលំនៅឋាន រួមគ្នាលើកកម្ពស់វិស័យបរធនបាលកិច្ច ដើម្បី…

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្ស​រណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាល​កិច្ចនៅកម្ពុជា។ បើតាមពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ភាគីទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល។ ជាមួយគ្នានេះ អនុស្សារណៈនេះ នឹងជួយដល់សហគ្រិន និងធុរជនទាំងអស់ អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច  ដើម្បីអាចចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។ គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច ជាវិស័យមួយដែលកំពុងតែចាប់ផ្តើមនៅកម្ពុជា ដែលមានកំណើនខ្ពស់គួរ​ឱ្យកត់សម្គាល់ ខណៈរដ្ឋបានរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ​។​ (អានបន្ថែម)

អាន​បន្ថែម