អ្នកធុរកិច្ចកម្ពុជា ជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ព្រមទាំងជាអ្នកធុរកិច្ចល្បីឈ្មោះនៅកម្ពុជាផងនោះ បានជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធដែលជំពាក់រដ្ឋ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជននាពេលកន្លងមក។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាពន្ធដារកម្ពុជា (Cambodia Tax Forum 2026) ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីសប្តាហ៍មុន។ នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញ និងស្នើទៅកាន់អគ្គនាយកដ្ឋានពន្ធដារថា គួរពិចារណាលើបំណុលពន្ធឬបំណុលចាស់ដើម្បីសម្រួលឱ្យក្រុមហ៊ុនឯកជនអាចបើកអាជីវកម្មថ្មីៗរបស់ពួកគេបាន ព្រោះការលុបបំណុលចាស់ៗរបស់ក្រុមហ៊ុនឯកជននឹងអាចមានផលប្រយោជន៍ដល់សង្គម។ សូមរំឭកដែរថា បើតាមសេចក្តីបំភ្លឺព័ត៌មានកាលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា ពន្យល់បន្ថែមថា ការដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុលពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។ ទោះជាយ៉ាងណា សភាពាណិជ្ជកម្មកម្ពុជាបានទទូចឲ្យវិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងទាំងក្រុមហ៊ុនបរទេសចូលរួមលើកកម្ពស់អនុលោមភាពសារពើពន្ធ និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់របស់រដ្ឋាភិបាលកម្ពុជា៕

អាន​បន្ថែម