Capital Gains Tax
រដ្ឋសម្រេចពន្យារពេលអនុវត្តយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យដល់ឆ្នាំ២០២៧
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចពន្យារកាលបរិច្ឆេទនៃដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២ ខែមករា បានលើកឡើងថា អនុលោមតាមចំណារឯកភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល ១ ឆ្នាំទៀត។ សេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ទៀតថា៖ «ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។ សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា ដោយឡែកពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕ (អានបន្ថែម)
អានបន្ថែម

English
