ក្រសួងរ៉ែ​និងថាមពល​ជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត

ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោង​ចំនួនពីរ រួមមាន​គម្រោងប្រសិទ្ធភាព​ថាមពល​​​សម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មាន​អគ្គិ​សនី តាមរយៈ​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខា​​សាលាផ្សព្វផ្សាយ​កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិ​ន្ទ​​ រដ្ឋ​លេ​ខាធិការ​ក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុ​ពីកម្មវិធី​សម្ព័ន្ធភាព​ប្រែ​ប្រួ​​ល​​​អា​កាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោ​ងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌ​គោលនយោបាយជាតិ​ស្តី​​ពី​ប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់​ស្រយា​ល​​ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជា​ប្រព័ន្ធគ្រប់គ្រងថាមពល និង​ការ​បង្កើត​​គំរូប្រតិបត្តិការ​គម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះ​ផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បាន​សន្យាផ្តល់ឥណទាន​សម្បទានថ្មី​បន្ថែម​ទៀត​​ចំ​នួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ)  សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់​អគ្គិសនី​​​តា​ម​ទី​ជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបាន​បញ្ចប់​។ (អានបន្ថែម) រូបភាពពី thebulletin

អាន​បន្ថែម