ខេត្តព្រះសីហនុផលិតអគ្គិសនីបានជាង ១ពាន់មេហ្គាវ៉ាត់ ខណៈប្រើអស់ត្រឹម ១៥០មេហ្គាវ៉ាត់

បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិត និងផ្គត់ផ្គង់អគ្គិសនីបានរហូតដល់ ១.៣៩៥មេហ្គាវ៉ាត់ ខណៈខេត្តប្រើប្រាស់អគ្គិសនីអស់ត្រឹមតែ ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបានថ្លែងថា កាលពី ០៥ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលមានកង្វះខាតផ្នែកថាមពលអគ្គិសនី តែមកទល់ពេលនេះ ខេត្តនេះ ជាអ្នកផលិត និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ការចែកចាយទូទាំងប្រទេស។ ឯកឧត្តមបានបន្ថែមថា ខេត្តបានផលិតអគ្គិសនី ដោយអាចផ្គត់ផ្គង់ទៅបណ្តាញជាតិ និងបន្តចែកចាយក្នុងរាជធានី ខេត្តថែមទៀតផង។ ឯកឧត្តមបញ្ជាក់ថា ឥឡូវនេះ ខេត្តព្រះសីហនុ មានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ ១៣៩៥ មេហ្គា​វ៉ាត់។ ចំណែកការប្រើប្រាស់ក្នុងក្រុងព្រះសីហនុ មានត្រឹមតែរង្វង់ ១៥០មេហ្គាវ៉ាត់ ឬប្រើត្រឹមជាង ១១០មេហ្គាវ៉ា​ត់ ក្នុងអំឡុងថ្ងៃសៅរ៍-អាទិត្យ។ ចំពោះការផ្គង់ផ្គង់ទឹកស្អាត ក្រុងព្រះសីហនុ មានទឹកស្អាតគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ដែលប្រើត្រឹមតែ ៨ម៉ឺន ទៅ៩ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុន្តែចំពោះតំបន់ជនបទ ការផ្គត់ផ្គង់ទឹកស្អាតនៅមិនទាន់បានពេញលេញនៅឡើយ ដោយ​សារ​បណ្តាញទឹកស្អាតនៅឆ្ងាយពីតំបន់ទាំងនោះ។

អាន​បន្ថែម

គម្រោងសង់ទីលានចាក់សំរាមនៅស្ទឹងត្រែងតម្លៃជិត ៥លានដុល្លារ សម្រេចបាន ៤០%

ទីលានចាក់សំរាមថ្មីតម្លៃជិត ៥លានដុល្លារ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចការសាងសង់បាន ៤០% ហើយ​។ នេះបើតាមដំណើរចុះពិនិត្យទីតាំងការដ្ឋានសាងសង់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឺងត្រែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងនេះ កំពុងសាងសង់នៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង ដែលបានចាប់បើកការ​ដ្ឋាន នៅថ្ងៃទី០៨មេសាឆ្នាំ២០២២  និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខនេះ។ ទីលានចាក់សំរាមថ្មីនេះ កំពុងសាងសង់លើផ្ទៃដីជាង ២០ហិកតា ដែលជាទីតាំងផ្ទុកសំរាមដ៏ធំមួយ មានទំហំជាង ១ម៉ឺន ៥ពាន់​ម៉ែត្រការ៉េ  និងអាងប្រព្រឹត្តិកម្ម ចំនួន៤  រួមនឹងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ រដ្ឋភ្ជាប់អគ្គិសនីបានជាង ៣​,៥ លានទីតាំង ខណៈផលិតបានជាង ៤ពាន់មេហ្គាវ៉ាត់

ត្រឹមឆ្នាំ២០២២ រដ្ឋបានភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទនៅកម្ពុជាបានចំនួន ៣.៥៣៣.៩៣៥​​ទីតាំង ខណៈការផលិតសរុបបានចំនួន ៤.៤៩៥មេហ្កាវ៉ាត់។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងងចំណោមទីតាំងដែលបានភ្ជាប់ចរន្តអគ្គិសនីរួចនេះ រួមមានមាន៖ លំនៅឋានចំនួន ៣.២៨២.៧០៣ កន្លែង ស្មើនឹង ៨៨.៤១% នៃលំនៅឋានសរុប ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈចំនួន ២២៣.១៣០ កន្លែង ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មធុនធំ និងធុនមធ្យមចំនួន ២១.៨៩៥កន្លែង ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលប្រើប្រាស់ថ្លៃអគ្គិសនីតាមពេលវេលាចំនួន ៣២កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន ៦.១៧៥កន្លែង ។ ទន្ទឹមនឹងនេះ សម្រាប់ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ផ្ទះជួល និងតូបលក់ដូរក្នុងផ្សារ អគ្គិសនីកម្ពុជាបានភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ៣៤៨.៥៧៧ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ៦៥ផ្សារ ស្មើនឹង ៣០. ២២០ តូប។ ចំពោះតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល […]

អាន​បន្ថែម

៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែ​ល​បានចុះកិច្ចព្រៀមព្រៀងចំនួន១២​ ដែលក្នុងនោះមានមានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណ​ង​ សំរាប់ “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា”​​។ គួររម្លឹកថា​ កន្លងមកចាប់ពីឆ្នាំ២០១៨ រដ្ឋាភិបាលចិនធ្លាប់បានផ្តល់ជំនួយ ​ចំនួន ២លើកមកហើយ។ ក្នុងនោះ ចិនផ្តល់ជំនួយលើកទី១ ចំនួន ២,៥លានដុល្លារ ​  (២០១៨-២០១៩​)​ និងលើកទី២ ចំនួន៧,៥លានដុល្លារ (ពីឆ្នាំ២០២០-២០២២​) ចំពោះជំនួយថ្មីៗនេះ គឺចាប់ផ្តើមអនុវត្តលើគម្រោងលើកទី៣​ ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,២លានដុល្លារ សំរាប់រយ:ពេល៣ឆ្នាំ ​(២០២៣-២០២៥​​)​ ដែលក្នុងមួយឆ្នាំៗមានថវិកាចំនួន៤,៤លានដុល្លារ។

អាន​បន្ថែម

គម្រោងសង់ទីលានចាក់សំរាមស្តង់ដារនៅកំពង់ធំ នឹងបញ្ចាប់ក្នុងខែកក្កដាឆ្នាំនេះ

រដ្ឋបាលខេត្តកំពង់ធំបានរៀបចំទីលានចាក់សំរាមបែបស្តង់ដារអនាម័យ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ១៩ហិកតា ដើម្បីរៀបចំចាត់ចែងកាកសំណល់រឹង និងលើកកម្ពស់សោភ័ណភាពខេត្តកំពង់ធំ ព្រមទាំងកំពុងសិក្សាទីតាំងរៀបចំបន្ថែម ក្នុងស្រុកចំនួន ៧ ផ្សេងទៀត​ ក្រោយបញ្ជប់គម្រោងទីមួយក្នុងខែកក្កដា ខាងមុខនេះ។​ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ងួន​ រតនៈ​ អភិបាល​​នៃ​គណៈអភិបាល​ខេត្ត​កំពង់ធំ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា គម្រោងមួយនេះត្រូវការរយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ ដោយចាប់គិតពីពេលអនុវត្តតំាងពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣នេះ។ គួរបញ្ជាកថា ក្រោយបញ្ចាប់ការសាងសង់ ទីលានមួយនេះ​នឹងមានសមត្ថភាព​ផ្ទុក​សំរាម​បានរហូតដល់ ៤៨.០០០ម៉ែត្រគីប ដែលសំរាមទាំងនោះនឹងត្រូវ​ប្រមូលមកពី​ទូទាំងក្នុងខេត្តកំពង់ធំ ជាពិសេស ក្នុងទីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ឯកឧត្តមបានបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំកំពុងពិនិត្យលទ្ធភាពក្នុងការរៀបចំទីតាំងបន្ថែមដើម្បីកសាង ទីលានចាក់សំរាម ឲ្យត្រូវតាមស្តង់ដារក្នុងស្រុកចំនួន ៧ ផ្សេងទៀត។ ឯកឧត្តមបានដាក់ទិសដៅក្នុងការពង្រីក ការគ្រប់គ្រងបរិស្ថាន ជាពិសេស ផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋចូលរួម និងពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រងសំរាម ដោយកំណត់ការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។

អាន​បន្ថែម

កម្ពុជាកំពុងព្រាងអនុក្រឹត្យគ្រប់គ្រងថាមពល ខណៈវិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើវិស័យនេះ

ក្រសួងរ៉ែ និងថាមពល កំពុងព្រាងអនុក្រឹត្យមួយ ដើម្បីគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ខណៈនេះដែរក៏មានក្រុមហ៊ុនកូរ៉េចង់មកធ្វើការវិនិយោគលើវិស័យថាមពលនៅកម្ពុជាផងដែរ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីព្រាងអនុក្រឹត្យ មានគោលបំណងក្នុងការកំណត់បទប្បញ្ញត្តិសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា។ ការគ្រប់គ្រងនេះ នឹងអនុវត្តតាមបទដ្ឋាននិងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពលស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល។ បើតាមកិច្ចប្រជុំ អនុក្រឹត្យនេះ ត្រូវបានពិនិត្យ និងផ្តល់យោបល់ចុងក្រោយពីក្រុមការងារអន្តរក្រសួង មុននឹងបញ្ជូនសេចក្តីព្រាងនេះទៅ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើការពិនិត្យបន្ត និងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។ ពាក់ព័ន្ធជាមួយនឹងការងារថាមពលនេះដែរ ក្រុមហ៊ុនរដ្ឋ Oasis Engery របស់ប្រទេសកូរ៉េ ចង់ជំរុញការវិនិយោគក្នុងវិស័យថាមពលរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។ ក្រុមហ៊ុននេះ កំពុងស្វែងរកឱកាសមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា រួមមានការរៀបចំប្រព័ន្ធគ្រប់​គ្រង​អគ្គិសនី  ស្តង់ដារបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការផ្តាស់ប្តូរបទពិសោធន៍។

អាន​បន្ថែម

កំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ

រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទ​សារព័ត៌មានស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប្បកម្មថ្មបំបែកចំនួន ៣ទីតាំង សិប្បកម្មខ្សាច់បកចំនួន ៨ទីតាំង សិប្បកម្មជីករណ្តៅដីចំនួន ៧ទីតាំង និងអាជ្ញាបណ្ណសិប្បកម្មរ៉ែសម្រាប់អាជីវកម្មអាចម៌ដី រណ្តៅដីចល័តចំនួន ៥៦ទីតាំង។ ទន្ទឹមនឹងនេះ ការដ្ឋានស្តារទំនប់ទឹកមានចំនួន ២០ទីតាំង និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមាន ២ទីតាំង។

អាន​បន្ថែម

ក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត

ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R  ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប។ ដោយឡែក បណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ និងបានចុះហត្ថលេខាលើ Indore 3R   រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕

អាន​បន្ថែម

ជប៉ុន ចង់បង្កើតរោងចក្រច្នៃគ្រាប់ និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២៣។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ គ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សារពិភពលោក និងកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ ខណៈឯកឧត្តមក៏បានស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកធ្លាប់បានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុនរួចមកហើយ។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រ នៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកគ្រាប់ចន្ទីទៅជាឥន្ធនៈគឺជារឿងដ៏ល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។ គួរបញ្ជាក់ដែរថា បំណងចង់បង្កើតរោងចក្រនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីពង្រីកសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែខ្លាំង៕

អាន​បន្ថែម

អង់គ្លេសចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសថាមពល នៅកម្ពុជា

វិនិយោគិនអង់គ្លេស ចង់ជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពល។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ ខាវ៉ាន់  រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសារអង់គ្លេសបានមើលឃើញថា ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនៅកម្ពុជា បានធ្វើឱ្យប្រភពថាមពលកកើតឡើងវិញមានភាគរយខ្ពស់ជាងគេនៅក្នុងប្រភពផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា​។ បន្ថែមពីនេះ អាជ្ញាធរ IPA ​និងតំណាងក្រុមហ៊ុនមួយចំនួនមកពីចក្រភពអង់គ្លេស​ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលផងដែរ។ ចំពោះភាគីកម្ពុជាវិញ  ឯកឧត្តម សុខ ខាវ៉ាន់ បានស្វាគមន៍រាល់វិនិយោគរបស់ភាគីចក្រភពអង់គ្លេស ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងគម្រោងវិនិយោគរបស់ចក្រភពអង់គ្លេស។

អាន​បន្ថែម