ថាមពល និងបរិស្ថាន
គម្រោងអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្នុងការចរចាតម្លៃលក់ថាមពល
ក្រុមហ៊ុនសិង្ហបូរី The Blue Circle កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងចរចាជាមួយអគ្គិសនីកម្ពុជា ទាក់ទិននឹងថ្លៃលក់ថាមពល ដែលនឹងផលិតចេញពីរោងចក្រអគ្គិសនីដើរដោយខ្យល់របស់ខ្លួននៅបូកគោកំពត។ ក្រុមហ៊ុនរំពឹងទៀតថា ការចរចាអាចនឹងជោគជ័យក្នុងពេលឆាប់ៗ ព្រោះក្រុមហ៊ុនបានផ្ដល់តម្លៃលក់មួយដែលទាបបំផុតទៅដល់អគ្គិសនីកម្ពុជា ខណៈការសាងសង់ក៏គ្រោងនឹងចាប់ផ្ដើម ក្រោយការព្រមព្រៀងផងដែរ។ លោក ជា សោភ័ណ នាយកគ្រប់គ្រងក្រុមហ៊ុន The Blue Circle នៅកម្ពុជា បានឱ្យដឹងថា៖«កន្លងមក ក្រុមហ៊ុនយើងផ្តល់តម្លៃអគ្គិសនីទាបជាងគេ ក្នុងចំណោមប្រភពថាមពលទាំងអស់។ ដូច្នេះ ខ្ញុំគិតថា EDC នឹងបញ្ជូលថាមពលខ្យល់នៅជុំបន្ទាប់ បន្ទាប់ពីរោងចក្រថាមពលសូឡានានាត្រូវបានកសាង»។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល រំពឹងថាក្រុមហ៊ុន និង EDC អាចនឹងរកចំណុចរួមមួយនៃតម្លៃទិញលក់អគ្គិសនី បានឆាប់ៗ។ ឯកឧត្តម បន្តថា៖ «យើងចង់បានការវិនិយោគវិស័យថាមពលដែលមានតម្លៃលក់ចេញទាប ដើម្បីឱ្យរដ្ឋាភិបាលអាចបន្តបញ្ចុះតម្លៃអគ្គិសនីទៅកាន់អ្នកប្រើប្រាស់បាន»។ គួរបញ្ជាក់ផងដែរ តាមផែនការ ក្រុមហ៊ុន The Blue Circle នឹងសាងសង់ស្ថានីយអគ្គិសនីដើរដោយ ខ្យល់នេះ នៅលើភ្នំបូកគោ ក្នុងខេត្តកំពត ដែលមានអានុភាព៨០មេហ្គាវ៉ាត។ […]
អានបន្ថែមផលិតកម្មរ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា បើកដំណើរជាផ្លូវការថ្ងៃនេះ
ក្រុមហ៊ុន Renaissance Minerals (Cambodia) ចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ជាផ្លូវការការពីព្រឹកថ្ងៃចន្ទ ទី២១ មិថុនា នេះហើយ ដែលនេះជាការសឱ្យឃើញពីសមិទ្ធិផលដ៏ធំធេងមួយទៀតរបស់ប្រទេសកម្ពុជា។ ពិធីបើកដំណើរការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ការចាប់ដំណើរការចម្រាញ់មាសនេះ ធ្វើឡើងដោយក្រុមហ៊ុន Renaissance Minerals Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអូស្រ្តាលី Emerald Renaissance ក្រោយក្រុមហ៊ុនចំណាយពេលជាង១៤ឆ្នាំដើម្បីសិក្សា និងស្វែងរករ៉ែមាសនៅដែនអាជ្ញាបណ្ណរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ យ៉ាងណាក្ដី ដោយសារតែកម្ពុជាមិនទាន់មានរោងចក្របន្សុទ្ធមាស ដូច្នេះរ៉ែមាសដែលចម្រាញ់ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited គឺនឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលី ជាដើម។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
អានបន្ថែមកម្ពុជាគ្រោងប្ដូរមុខមាត់ដី ៣ម៉ឺនហិកតានៅកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវពូជឈើខ្នាតធំ
ក្រសួងកសិកម្ម គម្រោងអភិវឌ្ឍប្ដូរមុខមាត់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ដែលមានទំហំដីជិត ៣ ម៉ឺនហិកតា នៅខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ខ្នាតធំ ពោលគឺជំរុញផលិតកូនឈើឱ្យបាន ១០លានដើមក្នុងមួយឆ្នាំ។ នេះបើយោង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ។ ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន នេះមានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដែលបច្ចុប្បន្នកំពុងដាំដុះដើមមេពូជអាកាស្យា (Acacia hybrid) ១០ពាន់ដើម ប្រេងខ្យល់ពូជ K7 ៧ពាន់ដើម និងប្រេងខ្យល់ពូជG9 ២,៥ពាន់ដើម។ ទៅអនាគត ឯកឧត្តម វេង សាខុន បានឱ្យដឹងថាក្រសួងគ្រោងនឹងសាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបង្កើតជាថ្នាលបណ្តុះកូនឈើដែលមានស្ដង់ដារខ្ពស់ ផងដែរ។
អានបន្ថែមគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ
ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលថ្ងៃទី១៥ ខែមិថុនា។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងត្រើយខាងកើតដែលកំពុងសាងសង់នេះ គ្របដណ្តប់លើផ្ទៃដីជិត១០ហិកតា ត្រើយខាងកើតស្ទឹងសង្កែ ហើយមានសមត្ថភាពអាចសម្អាតទឹកកខ្វក់ជាង ៨ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយទឹកនេះអាចយកទឹកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានផងដែរ ។ តាមផែនការគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ។
អានបន្ថែមKrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់
ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។ កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថែម និងបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងកាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីថ្មីដែលទទួលបានសិទ្ធបន្ត ជាមួយរាជរដ្ឋាភិបាល ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ឯកឧត្តម ម៉េង សក្តិធារ៉ា បញ្ជាក់បន្ថែមថា ប្រតិបត្តិការធំៗ និងគម្រោងអភិវឌ្ឍន៍ជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរាជរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។
អានបន្ថែមជប៉ុនគ្រោងផ្ដល់ជំនួយ ១០ពាន់លានដុល្លារ លើគម្រោងកាត់បន្ថយឧស្ម័នពុលនៅអាស៊ាន
ប្រទេសជប៉ុនកំពុងរៀបចំផែនការបោះទុនទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសនានាក្នុងអាស៊ានកាត់បន្ថយការបំភាយឧស្ម័នពុល។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្មីៗនេះ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រទេសជប៉ុននឹងជាអ្នករៀបចំផែនការមេបង្ហាញផ្លូវ ក៏ដូចជាអ្នកប្រមូលទុកពីវិស័យរដ្ឋនិងឯកជន ដើម្បីត្រៀមផ្ដល់ឱ្យប្រទេសអាស៊ានទាំង១០។ បើយោងតាមប្រភពដដែល ទឹកប្រាក់១០ពាន់លាន់ដុល្លារនេះ នឹងត្រូវប្រើប្រាស់អនុវត្តគម្រោងនានាដូចជា ការរៀបចំផែនការសន្សំសំចៃថាមពល ការសាងសង់រោងចក្រថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរពីរោងចក្រថាមពេលធ្យូងថ្មទៅជារោងចក្រឧស្ម័នធម្មជាតិរាវ និងការប្រើប្រាស់អាម៉ូញាក់លាយនឹងធ្បូងថ្មក្នុងការផលិតថាមពលជាដើម។ ក្រៅពីនេះ ជប៉ុនក៏នឹងជួយបណ្តាប្រទេសអាស៊ានលើផ្នែកបច្ចេកវិទ្យា និងការអប់រំធនធានមនុស្សផងដែរ ពិសេសលើបច្ចេកវិទ្យាថ្មីៗ ដូចជាការកប់កាបូនឌីអុកស៊ីតនៅក្រោមដីជាដើម។ គួរបញ្ជាក់ថា គម្រោងទឹកប្រាក់ ១០ ពាន់លានដុល្លារនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានប្តេជ្ញាថា នឹងជួយពិភពលោកកាត់បន្ថយឧស្ម័នពុល ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ យោងតាមរបាយការណ៍របស់ Nikkei Asia គម្រោងនេះមិនត្រឹមជួយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយផ្លាស់ប្តូរបរិយាកាសធុរកិច្ចក្នុងតំបន់ផងដែរ ពោលគឺនឹងទាក់ទាញវិនិយោគិនកាន់តែច្រើន ពិសេសអ្នកវិនិយោគធំៗដែលខ្វល់អំពីបញ្ហាបរិស្ថាន។ ហេតុផលមួយទៀតដែលជប៉ុនផ្ដល់ជំនួយនេះ គឺដើម្បីប្រឆាំងនឹងប្រទេសចិន។ ជប៉ុន យល់ឃើញថា បើជប៉ុនមិនជួយបណ្តាប្រទេសអាស៊ានទេ វានឹងបង្កើតឱកាសឱ្យប្រទេសចិនក្នុងការចូលមកសាងសង់រោងចក្រថាមពលធ្យូងថ្ម និងធ្វើអាជីវកម្មផ្សេងៗទៀតបាន ដែលនាំឱ្យចិនមានឥទ្ធិពលកាន់តែខ្លាំង។ យោងតាមការស្រាវជ្រាវ បច្ចុប្បន្ន ជាង ៨០% ប្រភពអគ្គិសនីនៃអាស៊ាន គឺពីរោងចក្រថាមពលចំហេះឥន្ធនៈផូស៊ីល ដែលប៉ះពាល់ដល់បរិស្ថានខ្លាំង ខណៈថាមពលកកើតឡើងវិញគឺនៅមានកម្រិត។
អានបន្ថែមកម្ពុជាចង់រៀនសូត្រពីបរទេសដើម្បីអនុវត្តគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង
ក្រសួងសារធារណការ និងដឹកជញ្ជូន ប្ដេជ្ញារៀនសូត្របទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយការដឹកជញ្ជូនបៃតង ពិសេសលើការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តដើរដោយអគ្គិសនីឱ្យបានច្រើន ខណៈសព្វថ្ងៃនេះ កម្ពុជានៅទន់ខ្សោយណាស់លើវិស័យនេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិកាលថ្ងៃទី១០ ខែមិថុនា។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះវេទិកាដឹកជញ្ជូនអន្តរជាតិ នៅក្នុងខែវិច្ឆិកា ខាងមុខ ដែលនេះជាឱកាសឱ្យកម្ពុជារៀនសូត្រពីបរទេសបានយ៉ាងច្រើន។ «យើងចង់ធ្វើការយ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិំ ដើម្បីដោះស្រាយរាល់បញ្ហាទាក់ទិននឹងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។ លើសពីនេះ កម្ពុជាក៏ចង់រៀនសូត្របទពិសោធន៍របស់វេទិកានេះ អំពីគោលនយោបាយ និងយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតងផងដែរ»។ «កម្ពុជាសព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនីនៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ»។ លើសពីនេះ ឯកឧត្តម ក៏បានសុំអនុសាសន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីគ្រប់គ្រងសកម្មភាពដឹកជញ្ជូនខុសច្បាប់ផងដែរ។
អានបន្ថែមក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ្ធឱ្យបន្តបាន។ ក្នុងនោះក្រុមហ៊ុន HLH Agriculture នឹងទទួលបាន ៦០% នៃប្រាក់ចំណេញ ចំណែកឯ Hei Shi Mineral និងទទួលបាន ៤០%។ តាមកិច្ចព្រមព្រៀង ភាគីទាំង២ នឹងបង្កើតក្រុមហ៊ុនរួមគ្នាមួយ ដែលក្រុមហ៊ុន HLH Agriculture នឹងទទួលខុសត្រូវក្នុងការផ្តល់ដី និងចាត់ចែករឿងសិទ្ធិរុករករ៉ែ ខណៈក្រុមហ៊ុន Hei Shi Mineral នឹងជាអ្នករុករករ៉ែ។ ក្រុមហ៊ុន Hei Shi […]
អានបន្ថែមឧស្សាហកម្មចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជាគ្រោងផលិតបានមាស ៣តោនក្នុងមួយឆ្នាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ក្រោយពីសិក្សារុករកអស់រយៈពេលជាង ១៤ឆ្នាំ រោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី នឹងចាប់បើកដំណើរការជាផ្លូវការពីថ្ងៃទី២១ ខែមិថុនា ហើយ ដែលសបញ្ជាក់ឱ្យឃើញពីសមិទ្ធិផលសំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ជាតិ។ រោងចក្រចម្រាញ់រ៉ែមាសនេះ មានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលកំពុងប្រតិបត្តិដោយក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត។ (អានបន្ថែម) បើយោងតាមតាមរបាយការណ៍របស់ក្រុមហ៊ុន តំបន់អូរខ្វាវនឹងអាចឱ្យក្រុមហ៊ុនផលិតមាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០% ក្នុងនោះ ដោយក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យបញ្ឈប់ការធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារបន្តទៀត ដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗ។
អានបន្ថែមអូស្រ្តាលីផ្តល់ជំនួយជាង៩០ម៉ឺនដុល្លារដើម្បីតភ្ជាប់អគ្គិសនីតាមជនបទដាច់ស្រយាល
រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ៩២ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅតាមភូមិជនបទ ដែលមិនទាន់មានការផ្គត់ផ្គង់ទៅដល់។ កំណត់ហេតុនៃការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយមានចូលរួមដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Luke Arnold ភារៈធារី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេះ មានទឹកប្រាក់ ១,២ លានដុល្លារ អូស្រ្តាលី ឬស្មើនឹង ៩២ម៉ឺនដុល្លារអាមេរិក។ ការអនុវត្តគម្រោង នឹងមានរយៈពេល២ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១០ មិថុនា នេះថា គម្រោងនេះពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់នៅកម្ពុជា។ ឯកឧត្តមបន្តថា «គម្រោងអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទនៅភូមិដែលមិនទាន់មានការផ្គត់ផ្គង់ គឺផ្តោតលើការបំពាក់ផ្ទាំងសូឡា ដើម្បីផលិតថាមពលប្រើប្រាស់តាមផ្ទះតាមទីជនបទ»។ គិតមកពេលបច្ចុប្បន្ន ការតភ្ជាប់អគ្គិសនីទៅកាន់ភូមិទូទាំងប្រទេសសម្រេចបានជាង ៩៧% នៃភូមិសរុ បប្រមាណ ១៤ ១៦៨ភូមិ។
អានបន្ថែម