ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥​ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទី​ឆៅជាង ១​លានតោន

ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែលកម្ពុជាកំពុងពង្រឹងជំហររបស់ខ្លួនជាអ្នកដឹកនាំសកលក្នុងការផលិតគ្រាប់ស្វាយចន្ទីឆៅ ពេញមួយឆ្នាំ២០២៥ កម្ពុជារកប្រាក់ចំណូលបាន ​១,៥ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន ទៅកាន់ទីផ្សារវៀតណាម ពោល​កើនឡើង ២៧% បើធៀបនឹងឆ្នាំ ២០២៤។ ​​នេះបើយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជាផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ២០២៥ គឺជាឆ្នាំដ៏មានសក្តានុពលសម្រាប់វិស័យគ្រាប់ស្វាយចន្ទីព្រោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ១លានតោន (១.០០០.៧៥៧តោន) ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ដោយគិតជាទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ។ ប្រភពដដែលបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ ពោលគឺមានទំហំ ១.៥០០លានដុល្លារ ខណៈឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលប្រមាណ ១.១០០លានដុល្លារ។ សូមរំឭកដែរថា កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទាំងស្រស់ និងកែច្នៃទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៨១ម៉ឺនតោន ដោយទទួលបានចំណូលជាង ១,១ពាន់លានដុល្លារ កើនឡើង២៦,១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ដដែលនោះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕

អាន​បន្ថែម