ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា
ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ និងចុះហត្ថលេខាដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។ សូមជម្រាបដែរថា ថវិកាសរុបមានចំនួន ៣០៧,៧២០ ដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តន៍“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង” និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង”។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត។ (អានបន្ថែម)
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា
ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្តបន្ទាយមានជ័យ និងសុខុមាលភាពនិស្សិតស្រីនៅខេត្តមណ្ឌលគិរី តាមរយៈក្របខ័ណ្ឌគម្រោង គូសាណូណិ រដ្ឋាភិបាលជប៉ុនបានបង្ហាញជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងសរុបចំនួន ៣០១,៩០៤ ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួនពីរ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គភាពទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមក្របខ័ណ្ឌនៃជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិកម្រិតមូលដ្ឋាន ឬហៅកាត់ថា គូសាណូណិ (KUSANONE)។ ថវិកាមួយផ្នែកធំដែលមានចំនួន ២២០,២១៦ ដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំ។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានថេរ និងអាចជឿទុកចិត្តបានសម្រាប់កសិករក្នុងមូលដ្ឋានពេញមួយឆ្នាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៦,០០០ នាក់ នៅក្នុងតំបន់ដែលតែងតែជួបប្រឈមនឹងការខ្វះខាតទឹក។ តាមរយៈការកែលម្អការគ្រប់គ្រងទឹក គម្រោងនេះមានគោលបំណងបង្កើនទិន្នផលកសិកម្ម និងគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋ រួមទាំងអ្នកដែលទើបនឹងវិលត្រឡប់មកក្នុងខេត្តវិញផងដែរ។ ចំណែកជំនួយចំនួន ៨១,៦៨៨ ដុល្លារទៀត ត្រូវបានផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី សម្រាប់ការសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងការដំឡើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈទំនើបៗ។ សំណង់នេះនឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់កន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់យុវតីមកពីសហគមន៍ជនជាតិដើមភាគតិចដែលរស់នៅតំបន់ដាច់ស្រយាល និងត្រូវធ្វើដំណើរឆ្ងាយមកបន្តការសិក្សា។ ក្រៅពីការផ្តល់កន្លែងស្នាក់នៅ ឧបករណ៍ថ្មីៗទាំងនេះនឹងអនុញ្ញាតឱ្យសិស្សានុសិស្សទទួលបានជំនាញបច្ចេកទេសសំខាន់ៗ ដែលនឹងជួយបង្កើនឱកាសការងារ និងលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេនាពេលអនាគត។ ថ្មីៗនេះ ជប៉ុនក៏ទើបបានផ្តល់ជំនួយឥតសំណង សាងសង់ជម្រកជូនស្រ្តីរងគ្រោះដោយការជួញដូរមនុស្សផងដែរ។ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជិត ៧០ម៉ឺនដុល្លារ ដល់កម្ពុជាដើម្បីបោសសម្អាតគ្រាប់បែកចង្កោម
រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ថវិកាសរុបចំនួនជិត៧០ម៉ឺនដុល្លារអាម៉េរិក ដើម្បីជួយដល់សកម្មភាពបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ជំនួយឥតសំណង ចំនួន ៦៦៥,១៨៦ ដុល្លារ ត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង។ ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារ នេះ គឺសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាត គ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS តាមរយៈអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS ចេម៉ាស) ដោយនឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ ហិកតា។ សូមរំឭកដែរថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ (អានបន្ថែម) ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕ (អានបន្ថែម)
អានបន្ថែម

English
