រដ្ឋសម្រេចដកហូតដីព្រៃកាន់កាប់ខុសច្បាប់ជិត ៤៩០ហិកតាទៀត នៅឧទ្យានវ៉ើនសៃ-សៀមប៉ាង

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីស្តារ និងការពារធនធានធម្មជាតិ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចធ្វើការដកហូតដីព្រៃដែលកាន់កាប់ដោយខុសច្បាប់ជិត ៤៩០ ហិកតា មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ ការសម្រេចនេះធ្វើឡើងក្រោមដីកាលេខ ០១៧/២៥ ដ.ក ដែលមានគោលបំណងបញ្ជាក់ឡើងវិញនូវកម្មសិទ្ធិរបស់រដ្ឋលើដីដែលរងផលប៉ះពាល់ដោយការកាន់កាប់ខុសច្បាប់ ដែលបានធ្វើការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដីការនេះ បានប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ០១កន្លែងដែលមានផ្ទៃដីសរុប ៤៨៧ហិកតា និងដំណាំនៅលើដីទាំងអស់ ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្នុងនោះ អាជ្ញាធរខេត្តស្ទឹងត្រែង បានទុករយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាខាងលើ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាផងដែរ។​ សកម្មភាពទាំងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធានាថាធនធានរបស់រដ្ឋត្រូវបានអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។ កន្លងទៅថ្មីៗនេះដែរ អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក៏ធ្លាប់បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការដកហូត​យក​ដី​ជិត ១២០ហិកតា ​មកវិញ​ពី​ការកាន់កាប់​ខុសច្បាប់​ ដែលមានទីតាំងនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នេះផងដែរ។ (អានបន្ថែម) កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្រឆាំងនឹងការប្រើប្រាស់ដីខុសច្បាប់នៅក្នុងតំបន់ការពារ ដោយបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ន អាជ្ញាធរខេត្តក៏កំពុងបន្តជំរុញឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធគោរពព្រំដែនឧទ្យានជាតិ និងរួមចំណែកក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ។

អាន​បន្ថែម

ក្រសួងមហាផ្ទៃ ហាមប្រជាពលរដ្ឋតាមព្រំដែន ជួលដីកសិកម្មឱ្យទៅជនបរទេស

សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានហាមប្រាមមិនឱ្យប្រជាពលរដ្ឋខ្មែរជួលដីកសិកម្មរបស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យទៅជនបរទេស ដើម្បីជៀសវាងបញ្ហាដីធ្លី និងការតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។ ឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា។ សម្តេចក្រឡាហោ ស ខេង ថ្លែងថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គាត់ជួលដីឱ្យគេ ព្រោះវាស្រួល ប៉ុន្តែនៅពេលជួលយូរៗទៅ ជនបរទេសថាគាត់មកនៅលើដីនេះយូរ ហើយទាមទារកម្មសិទ្ធិ។ ដូច្នេះ ដោះមិនងាយចេញទេ»។ សម្តេចក្រឡាហោម ស ខេង បន្តថា សិទ្ធជួលដីកសិកម្មនៅតាមបន្ទាត់ព្រំដែន គួរត្រូវបានសិក្សាឱ្យបានល្អិតល្អន់ ដែលនេះគឺជាការការពារបូរណភាពទឹកដី។

អាន​បន្ថែម