land measurement
ខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ
ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ស្មើនឹង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ខណៈអាជ្ញាធរក៏បានប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ខេត្តកំពតបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ លោកថាមន្ទីរដែនដីនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់ពលរដ្ឋ។ ជុំវិញលទ្ធផលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតប្រសូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក។ ឯកឧត្តម ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី៕
អានបន្ថែម

English
