សម្តេចតេជោ ជំរុញឱ្យពន្លឿនរៀបចំតុលារការពាណិជ្ជកម្ម ដើម្បីបង្កើនជំនឿទុកចិត្តវិនិយោគិន ​និងធុរជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងធុរកិច្ច និងជាការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ណែនាំក្រសួងយុត្តិធម៌​ រៀបចំក្របខណ្ឌច្បាប់ លើការបង្កើតតុលាការពាណិជ្ជកម្ម ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្ត សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា។ ​សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ « ខ្ញុំស្នើ គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម។ រៀបចំតុលារការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីទៅលើរឿងពាណិជ្ជកម្មនេះ“ ។ បើតាមក្រសួងយុត្តិធម៌ ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ ជំហ៊ានបន្ទាប់ អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ និងជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។

អាន​បន្ថែម

អគារសាលាយុត្ដិធម្ម របស់ក្រសួងយុត្តិធម៌ តម្លៃជាង ១៤លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារសាលាយុត្ដិធម្ម ៨ជាន់ របស់ក្រសួងយុត្តិធម៌ តម្លៃជាង ១៤លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារថ្មីនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ អគារថ្មីនេះ ស្ថិតលើដីមួយកន្លែងទំហំ ៩.៤៥៦ ម៉ែត្រក្រឡា នៅតាមបណ្ដោយផ្លូវលោកតាក្រហមក​ ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC)។ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ មានបណ្តោយ៦២ម ទទឹង៦០ម កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣.០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារ និងអនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ លើសពីនេះ […]

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៣០ហិកតា​នៅកែបឱ្យក្រុមហ៊ុនមីជាតិអភិវឌ្ឍ ខណៈក៏ធ្លាប់កាត់ឱ្យជាង៨០០ហិកតា នៅកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បី…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីក្នុងឧទ្យានជាតិកែបជិត ៣០ហិកតា ជួលឱ្យក្រុមហ៊ុន វ័នម័រ (One More, Ltd.) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍ ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព។ (អានបន្ថែម) រិឯក្រុមហ៊ុន One Fraternity Co., Ltd ក៏ធ្លាប់ទទួលបានដី ៦៤៩ហិកតា ដែលរដ្ឋាភិបាល​បានកាត់ជួលឱ្យក្រុមហ៊ុននេះ អភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (អានបន្ថែម) គួរបញ្ជាក់ថា ដីទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាម្ចាស់ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទាំងពីខាងលើ (One More, Ltd និង One Fraternity Co., Ltd) ។

អាន​បន្ថែម

រដ្ឋប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

រដ្ឋប្រកាស៖ គម្រោងសង់លំនៅឋាន០៤ គ្មានអាជ្ញាបណ្ឌទេ សូមសាធារណជនប្រយ័ត្ន

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានជូនដំណឹងដល់សាធារណជនទាំងអស់ អំពីគម្រោងអភិវឌ្ឍលំនៅឋានដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវចំនួន ០៤គម្រោង នៅក្នុងរាជធានីភ្នំពេញ ដែលពលរដ្ឋមិនគួរទិញឡើយ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងដែលគ្មានច្បាប់អនុញ្ញាតទាំង ០៤នោះរួមមាន៖ ១. បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២. បុរី ទ្រី គីម គួរស្រូវ​​ ស្ថិតនៅព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣. សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៤. បុរី The Royal Garden ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ថែមពីនេះ ន.អ.ប បានជម្រាបសាធារណជនឱ្យចៀសវាងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋានគ្មានអាជ្ញាបណ្ណខាងលើនេះ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? (អានបន្ថែម)

អាន​បន្ថែម

សម្តេចតេជោ៖ ក្រុងអរិយក្សត្រ នឹងមិនត្រូវកាត់ចូលក្នុងរាជធានីភ្នំពេញនោះទេ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេច ដែលបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹ​ត្ត​កម្ម​ទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។ សម្តេចតេជោ បានលើកឡើងថា ដីខេត្តកណ្តាលពីដើមឡើយ គឺនៅឯគល់ស្ពានជ្រោយចង្វារ ដោយបានកាត់ជាច្រើនដង ដើម្បីដាក់បញ្ចូលទៅក្នុងរដ្ឋបាលទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ ដោយទុកឱ្យខេត្តកណ្តាលអនុវត្តពន្ធអចលនទ្រព្យលើក្រុងអរិយក្សត្រវិញ។ គួរបញ្ជាក់ថា ក្រុងអរិយក្សត្រ ត្រូវបានបង្កើតឡើង ទន្ទឹមនឹងក្រុង ស្រុក ០៤ផ្សេងទៀត ដែលមានសង្កាត់ចំនួន ១១ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល។ (អានបន្ថែម) រូបភាពដោយ droner505

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលខេត្តទាំងអស់បន្ត ទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅប្រទេស ចូលទៅវិនិយោគនៅតាមបណ្តាខេត្តខណ្ឌរបស់ខ្លួន ដើម្បីបង្កើតការងារជូនដល់ប្រជាលពលរដ្ឋនៅមូលដ្ឋាន។ សម្តេចតេជោ ​ហ៊ុន សែន មានប្រសាសន៍ថា៖ “សូមឱ្យបណ្តាខេត្តបន្តការទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុន ។ ឥឡូវ យើងបានប្រតិភូកម្មផ្តល់អំណាចទៅឱ្យថ្នាក់មូលដ្ឋានមានសិទ្ធិអនុម័តគម្រោងវិនិយោគមានដើមទុន៥លានដុល្លារ ដូច្នេះត្រូវទាក់ទាញវិនិយោគិន ដោយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅស្រុកទេ អ្នកក្នុងស្រុកក៏ត្រូវទាក់ទាញដែរ ដែលពួកគេគឺជាអ្នករកទីផ្សារពីខាងក្រៅមក”។​ សម្តេចតេជោបញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ។ សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគឱ្យចុះមកតាមបណ្តាខេត្តដើម្បីទាក់ទាញវិនិយោគ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។​ សម្តេចតេជោ ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម បង្កើនធនធានមនុស្សផ្នែកបច្ចេកវិទ្យាដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

អាន​បន្ថែម

សម្តេចតេជោ ស្នើឱ្យម្ចាស់បុរីរៀបឥណទានឡើងវិញសម្រាប់អ្នកទិញដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរី និងផ្ទះល្វែងទាំងអស់ ជួយផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោបានណែនាំឱ្យជំនួយការរៀបចំបញ្ជី ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។ សម្តេចតេជោ ថ្លែងថា៖ “ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់ ផ្តល់ការយោគយល់ចំពោះការលំបាករបស់អតិថិជន ដែលធ្លាប់តែមានប្រាក់ចំណូលខ្ពស់ ក៏ប៉ុន្តែប្រាក់ចំណូលវាធ្លាក់ គប្បីរៀបចំឥណទានឡើងវិញ”។ សម្តេចបន្ថែមថា អ្នកខ្លះបង់បាន៥ម៉ឺនដុល្លារលើតម្លៃផ្ទះ១០ម៉ឺនដុល្លារ ហើយបែរជាត្រូវម្ចាស់បុរីរឹបអូសនៅពេលមិនមានលទ្ធភាពបង់រំលស់ ដែលវាជារឿងអយុត្តិធម៌ ។ ដោយសារតែអាជ្ញាធរមិនអាចកត់ត្រា និងដឹងពីចំនួនជាក់ស្តែង ប្រមុខរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋដែលត្រូវបានបុរីរឹបអូសផ្ទះ ទៅរាយការណ៍នៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបញ្ជាឱ្យ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ រៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវបុរីរឹបអូសផ្ទះ។

អាន​បន្ថែម

សម្តេចតេជោព្រមានមិនអត់អោនចំពោះអ្នកមានអំណាចលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនអត់អោនចំពោះអ្នកមានអំណាចណា ដែលលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ នេះបើតាមសារពិសេសរយៈពេលជាង ៤នាទី កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានលើកឡើងថា តាមការសង្កេត និងការទទួលបានព័ត៌មានជាបន្តបន្ទាប់ ដោយសារជិតបោះឆ្នោត មានជនខិលខូចមួយចំនួច បានលួចកាប់ទន្ទ្រានព្រៃឈើ និងដីរដ្ឋខុសច្បាប់។ សម្តេចតេជោ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចាប់មេក្លោងទាំងអស់ យកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនអាចលើកលែង ឬយោគយល់ដោយគ្រាន់តែសន្លឹកឆ្នោតសម្រាប់ជនខិលខូចប៉ុន្មាននាក់នោះទេ។ ក្នុងនោះ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត ត្រូវបញ្ចេញកម្លាំងជាបន្ទាន់ដោយមិនពន្យារពេល ដើម្បីរារាំងគ្រប់សកម្មភាពទាំងអស់ ដែលឆ្លៀតឱកាសដោយជនខិលខូច នៅពេលដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់រៀបចំការងារបោះឆ្នោត ដោយមិនអាចឱ្យមានការទន្ទា្រនយកដីព្រៃរបស់រដ្ឋបានឡើយ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា អ្នកមានធនធាន ឬអ្នកមានអំណាច ដែលឈរពីក្រោយខ្នងនៃជនខិ​លខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីកាប់ទន្រ្ទានយកដីព្រៃឈើ ត្រូវដកខ្លួនជាបន្ទាន់ ហើយប្រសិនបើស្រាវជ្រាវឃើ​ញថា មានការពាក់ព័ន្ធនឹងការកាប់ទន្ទ្រានខុសច្បាប់ នោះរាជរដ្ឋាភិបាល មិនលើកលែង និងអត់អោនឱ្យឡើយ​។ ជាចុងក្រោយ សម្តេចតេជោ បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សូមគោរពច្បាប់ និងកុំទន្ទ្រានដីរដ្ឋ ដែលជាសម្បត្តិរបស់ជាតិផងដែរ។

អាន​បន្ថែម

រដ្ឋលើកលែងពន្ធអចលនទ្រព្យដល់ដាច់ឆ្នាំ២០២៣ សម្រាប់ក្រុងថ្មី៤ តែប៉ុណ្ណោះ

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានសម្រេចលើកការបង់ពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣ ដល់ក្រុងចំនួន ០៤ ដែលទើបបង្កើតថ្មី។ នេះបើតាមប្រកាសលេខ ៣២៩ សហវ.ប្រក ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ អចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងឧដុង្តម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត ត្រូវបានលើកលែងពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣។ ប៉ុន្តែម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ដោយដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។ មួយវិញទៀត ក្នុងករណីអចលនទ្រព្យស្ថិតក្នុងក្រុងខាងលើនេះ បានបង់ពន្ធលើអចលនទ្រព្យរួច ហើយចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើ អចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។ បន្ថែមពីនេះ ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់។ គួរបញ្ជាក់ថា​ ក្រុងថ្មីទាំង ០៤ខាងលើ ត្រូវបានបង្កើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ រួមជាមួយនឹងស្រុកថ្មីមួយទៀត គឺស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។ (អានបន្ថែម)

អាន​បន្ថែម