ច្បាប់ និងបញ្ញាត្តិ
៥ឆ្នាំ ខេត្តព្រះវិហារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ សម្រចបានជាង ២២ម៉ឺនហិកតា
រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ នេះ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ បានចំនួន ២៥.០០០បណ្ណ ស្មើនឹងទំហំប្រមាណ ២២ ម៉ឺនហិកតា ខណៈរដ្ឋបាលខេត្តប្តេជ្ញានឹងខិតខំពន្លឿនការងារនេះ ដើម្បីឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ មីនា ២០២៣។ ឯកឧត្តមបានបន្តថា៖ «ការចុះបញ្ជីដីធ្លី ការទប់ស្កាត់ និងការដោះស្រាយវិវាទដីធ្លី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកម្មសិទ្ធិ និងការកាន់កាប់អចលនវត្ថុស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ដីធ្លី ព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ»។ ឯកឧត្តមបន្ត ចំពោះការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំវិញ សម្រេចបានចំនួន ៤២៩បណ្ណ ស្មើនឹងទំហំប្រមាណ ១៥ពាន់ហិកតា ខណៈការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន ១៨បណ្ណ ស្មើនឹងទំហំប្រមាណ ៤ពាន់ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹងវិវាទដីធ្លីចំនួន ៣៤ករណី ដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៣ករណី កំពុងដោះស្រាយវិវាទចំនួន១១ករណី និងបានបញ្ជូនសំណុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន១០ករណី។
អានបន្ថែមរដ្ឋតម្រូវម្ចាស់អគារ ឬរោងចក្រ ដែលសង់មុនច្បាប់សំណង់ចេញ ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់។ នេះបើតាមលិខិតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន។ (អានបន្ថែម) ដូចនេះ ម្ចាស់អគារ រោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់ដោយមិនទាន់មានលិខិតបិទការដ្ឋាន ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់បាននៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន។
អានបន្ថែមអាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីសហគមន៍
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការលក់ទិញ-ទិញដីសហគមន៍ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីព្រោះជាភូមិគោលដៅនៃការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្នង។ នេះបើតាមលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងលិខិតនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការណែនាំ និងមានវិធានការដូចខាងក្រោម៖ ទប់ស្កាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់ បញ្ឈប់ជាបណ្ដោះអាសន្ននូវការបញ្ជាក់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួចជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ (អានបន្ថែម) លើសពីនេះ បើតាមច្បាប់ភូមិបាល ក្នុងតំបន់នេះ ប្រជាពលរដ្ឋ មានរាល់សិទ្ធិ និងការការពារសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ តែមិនមានសិទ្ធិចាត់ចែង (លក់ ឬដូរជាដើម) ឱ្យទៅបុគ្គល ឬក្រុមណាមួយជាដាច់ខាត នូវចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពបាននោះទេ ពីព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាផ្លូវការហើយ
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវប្រកាសឱ្យប្រើជាផ្លូវការហើយ ដោយប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ច្បាប់ថ្មីនេះ មាន១៥ ជំពូក និង៦៥ មាត្រា ដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងនេះ ច្បាប់នេះ ធ្វើការគ្រប់គ្រងនូវរាល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានលក្ខណៈអាជីវកម្មនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា ច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ (អានបន្ថែម)
អានបន្ថែមរដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពតាមមតិយោបល់លើកឡើងក្នុងកិច្ចប្រជុំ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្តទៀតផងដែរ។
អានបន្ថែមក្រសួងណែនាំអាជ្ញាធររាជធានីរៀបចំណតរថយន្ត ដោយចាត់វិធានការក្តៅលើសំណង់ និងអាជីវកម្មលើដីចំណីផ្លូវ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំចំណតយានយន្តសាធារណៈអោយបានច្រើនទីតាំង និងទប់ស្កាត់ឱ្យបាននូវរាល់ការសាងសង់សំណង់ និងការប្រកបអាជីវកម្មមួយចំនួនលើដីសាធារណៈ ឬដីចំណីផ្លូវ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានណែនាំឱ្យសាលារាជធានីភ្នំពេញរៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍ចំណតយានយន្តសាធារណៈឱ្យបានច្រើន ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ។ បន្ថែមពីនេះ សម្តេចបានណែនាំឱ្យការសាងសង់សំណង់នានារបស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ទាក់ទងនឹងការវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនេះដែរ កន្លងមក ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ មានគម្រោងសិក្សា និងចង់បណ្តាក់ទុនលើវិស័យនេះផងដែរ។ មិនត្រឹមប៉ុណ្ណោះ ក្រុមហ៊ុន បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ និង ៦០គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុទៀតផង។ (អានបន្ថែម) ដោយឡែក សម្តេច ក៏បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យចាត់វិធានការក្តៅដើម្បីទប់ស្កាត់នូវរាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ។ ការទប់ស្កាត់ការសាងសង់លើដីសារធារណៈក្នុងក្រុង គឺដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ […]
អានបន្ថែម២០២២ ចំណូលពន្ធដារនៅភ្នំពេញមានជាង ៣២០លានដុល្លារ ខណៈពន្ធអចលនទ្រព្យមានជាង ២៦លានដុល្លារ
ក្នុងឆ្នាំ២០២២ ចំណូលពន្ធពន្ធដារក្នុងរាជធានីភ្នំពេញសរុបមានចំនួនជាង១,២៩៨ទ្រីលានរៀល ស្មើនឹងជាង ៣២០លានដុល្លារអាមេរិក ស្មើនឹង ១១៥,៤៦% នៃផែនការ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ ចំណូលពន្ធអចលនទ្រព្យមានចំនួន ១០៨,៨៣ប៊ីលានរៀល ស្មើនឹងជាង ២៦លានដុល្លារអាមេរិកខណៈពន្ធលើដីធ្លីមិនបានប្រើប្រាស់មានចំនួន ៧,៣៩៨ប៊ីលានរៀល។ មួយវិញទៀត ចំណូលពន្ធលើឈ្នួលអចលនទ្រព្យ និងអចលនទ្រព្យមានចំនួន ២៦៥,៨៧ប៊ីលានរៀល ហើយពន្ធប្រថាប់ត្រាមានចំនួន ៥០៤,៧៤ប៊ីលានរៀល។ ដោយឡែក ក្នុងឆ្នាំ២០២២ ផងដែរ ចំណូលពីពន្ធគយ និងរដ្ឋាករសរុបមានចំនួន ៨០,១៣ប៊ីលានរៀល ស្មើនឹងជាង ១៩,៧៩លានដុល្លារអាមេរិក កើនប្រមាណជា ២៤.៨១៣លានរៀល ឬ ៤៤,៨៦% ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ឆ្នាំ២០២២ រដ្ឋប្រមូលចំណូលពន្ធដារសរុបបានចំនួន ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់។ (អានបន្ថែម) ចំណែក ចំណូលពន្ធគយវិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០.៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធរភ្នំពេញបានអនុម័តគម្រោងសាងសង់ជាង ១ពាន់គម្រោង តម្លៃជាង ៦០០លានដុល្លារ
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់គម្រោងសំណង់ចំនួន ១១៣៩គម្រោង មានទុនវិនិយោគសរុបប្រមាណជា ៦០៤.៥៩៤.៤៦៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើគិតជាផ្ទៃក្រឡាសំណង់វិញ មានចំនួនសរុបប្រមាណ ១.២១៥.៩៨៨ ម៉ែត្រក្រឡា ដែលមានការថយចុះជាងឆ្នាំ២០២១ កន្លងទៅ បើទោះបីជាឆ្នាំ២០២២ មានគម្រោងសំណង់លើសដល់ទៅ ៨៩គម្រោងក៏ដោយ។ ក្នុងឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតដល់គម្រោងសំណង់ចំនួន ១០៥០គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៣.៧៥២.០០៩ម៉ែត្រក្រឡា និងមានទុនវិនិយោគស្មើនឹង ១.៨០០.៨០០.០៥៣ដុល្លារអាមេរិក។ ដូចនេះ គម្រោងក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៨,៤៧% តែមានទំហំទុនវិនិយោគថយចុះប្រមាណ ៦៦,៤២%។
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញចុះបញ្ជីដីជាប្រព័ន្ធបានជាង ៣ម៉ឺនក្បាលដី
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ ចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធបានចំនួន ៣២១២៣ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិបាន ១៦៥១១ប័ណ្ណ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះ អាជ្ញាធរបានចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន ១៦៧ប័ណ្ណ ការចុះបញ្ជីសហកម្មសិទ្ធិចុះបញ្ជីផ្ទេរសិទ្ធិបានចំនួន ១៣០៥ប័ណ្ណ ការចុះបញ្ជីប្រាតិភោគចំនួន ៦១២ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រាប្រមាណ ៣៣.១០៨.៦៦៣.៨០០រៀល ស្មើនឹងជាង ៨,១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ការចុះបញ្ជីដីបន្ដ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណភោគៈ) បានចំនួន ៦០០៦ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណភោគៈ) បានចំនួន ៥៦៨៣ប័ណ្ណ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណប្រព័ន្ធ) បានចំនួន ២១៧៨២ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណប្រព័ន្ធ) បានចំនួន ១៨៥០៩ប័ណ្ណ ការចុះបញ្ជីជួលរយៈពេលវែង បានចំនួន ០៤ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រា ៣៩៨.១៥២.៩០៨.៨៥៦រៀល ស្មើនឹងជាង ៩,៤លានដុល្លារអាមេរិក។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋបានចំនួន ២៩ទីតាំង លើដីជាង ៨២ហិកតា បានផ្តល់លើកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ១៣៨៧៩ក្បាលដីផងដែរ។
អានបន្ថែមរយៈពេល៥ អាជ្ញាធរខេត្តពោធិ៍សាត់ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានជាង ១០ម៉ឺនក្បាលដី
រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះបញ្ជីដីជាប្រព័ន្ធ និងបញ្ចូលក្នុងទិន្នន័យបានចំនួន ១០៧.៨២៨ ក្បាលដី។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្បាលដីកំពុងបិទផ្សាយជាសាធារណៈមានចំនួន ៨២.១៦៨ ក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣១០ប័ណ្ណ។ តែបើគិតមកទល់ពេលបច្ចុប្បន្ន នៅទូទាំងខេត្តពោធិ៍សាត់ អាជ្ញាធរបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ២០៦.៦២០ប័ណ្ណ។ ក្នុងនោះផងដែរ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងបំពេញបន្ថែមមានចំនួន ៨៤៨ប័ណ្ណ ហើយដីរដ្ឋដែលបានចុះបញ្ជី មានចំនួន ១៤៤ក្បាលដី។ ក្រៅពីនេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់រៀបចំកែសម្រួលផ្ទៃដីតំបន់១ តំបន់២ និងតំបន់៣ ជុំវិញបឹងទន្លេសាប និងសម្រួលព្រំតំបន់ការពារធនធានធម្មជាតិ ដើម្បីផ្តល់សិទ្ធិដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងផងដែរ។ (អានបន្ថែម)
អានបន្ថែម