រាជរដ្ឋាភិបាលសម្រេចបង្កើតឃុំ-សង្កាត់ថ្មីចំនួន ៦ និងកែប្រែព្រំប្រទល់ឃុំចំនួន ២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឃុំ-សង្កាត់ថ្មី ចំនួន៦ និងកែប្រែព្រំប្រទល់រដ្ឋបាលឃុំចំនួន០២ នៅក្នុងខេត្តចំនួន ៦ ។ នេះបើតាមអនុក្រឹត្យ ៨ច្បាប់ លេខ១៥០ ដល់ ១៥៧ ចុះថ្ងៃទី ២០ ខែសីហា ដូចៗគ្នា។ ឃុំ-សង្កាត់ថ្មីចំនួន០៦ នោះ រួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និងសង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ)។ ចំណែក ការកែប្រែព្រំប្រទល់ឃុំថ្មី ចំនួន០២ រួមមាន ព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។ គួរបញ្ជាក់ថា ការបង្កើត និងការកែប្រែថ្មីនេះ ធ្វើឡើងក្រោយពេល ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារសិក្សា រៀបចំផែនទី និងរបាយការណ៍អំពីការស្នើសុំរបស់រដ្ឋបាលខេត្តទាំង០៦ នេះ។ (អានបន្ថែម)

អាន​បន្ថែម

ទុនវិនិយោគសំណង់ និងអចលនទ្រព្យ ចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋមានដល់ ១,២ ពាន់លាន

គិតត្រឹមថ្ងៃទី ២៤ ខែសីហា មានក្រុមហ៊ុនសរុប ៧ ៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មីរបស់រដ្ឋ ឬស្មើនឹងទុនវិនិយោគសរុបជិត ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ និងអចលនទ្រព្យមានដល់ទៅ ១,២ ប៊ីលានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី0១ កញ្ញា នេះ ក្នុងចំណោម ក្រុមហ៊ុនសំណង់ទាំងអស់បានចុះបញ្ចីច្រើនជាងគេ គឺមានដល់ទៅ ២៥% ឬស្មើនឹងទុន ៧៥០លានដុល្លារ ខណៈក្រុមហ៊ុនអចលនទ្រព្យមាន ១៦% ឬស្មើនឹងជាង ៤៥០ លានដុល្លារ។ ក្រៅពីវិស័យទាំងពីរ ក៏នៅមានវិស័យដែលមានទំហំដើមទុនធំៗ ផ្សេងទៀត រួមមាន អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទមានជាង ១៦% កម្មន្តសាលជាង ១៤% និង សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួនជាង ៨% ផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ គឺជាវិធានការសំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញជាងមុន។ ការធ្វើទំនើបកម្មនេះ រួមមានការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា […]

អាន​បន្ថែម

កម្ពុជាត្រៀមរៀបចំបទបញ្ញត្តិថ្មីគ្រប់គ្រងនិងរឹតបន្ដឹងការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស

អង្គការពលកម្មអន្តរជាតិ ILO និងក្រសួងការងារ បានក្រើនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស ព្រោះវាជាឃាតករលាក់មុខគ្រោះថ្នាក់ខ្លាំងដល់សួត ខណៈកំពុងត្រៀមចេញបទបញ្ញត្តិថ្មីគ្រប់គ្រង និងរឹតបន្ដឹងសម្ភារៈសំណង់ប្រភេទនេះ។ ថ្លែងក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ កាលថ្ងៃទី៣១ ខែសីហា កន្លងទៅ។ ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមកសារធាតុអាសបេស្តុស ត្រូវបានគេប្រើទៅលើក្បឿងហ្វ៊ីប្រូ ដើម្បីធ្វើឱ្យក្បឿងក្រាស់ ហើយកម្លាំងសង្កត់មិនឆាប់បាក់ផុយ។ ប៉ុន្តែជាក់ស្ដែង សារធាតុនេះបាននិងកំពុងបង្កើតហានិភ័យសម្រាប់មនុស្ស ទាំងកម្មករ អ្នកផលិត អ្នកប្រើប្រាស់ និងនៅអ្នកជុំវិញ ព្រោះវាអាចវិវឌ្ឍយឺតជាច្រើនឆ្នាំ តែបង្កគ្រោះថ្នាក់ធ្ងន់ដល់សួត និងផ្នែកផ្សេងទៀតនៃរាងកាយ។ ដូច្នេះ ក្រុមការងារក្រសួង កំពុងពន្លឿនបន្តចងក្រងប្រមូលព័ត៌មាន ដើម្បីរៀបចំជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយ សម្រាប់គ្រប់គ្រងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ សូមជម្រាបដែរថា សារធាតុអាសបេស្តុស គេឃើញមាននៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នា រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងទៀត ប្រព័ន្ធការពារកំដៅ និងប្រព័ន្ធការពារស្រូបសំឡេង ឧបករណ៍ពន្លត់អគ្គីភ័យ អ៊ីសូឡង់(Insulation) កម្រាលឥដ្ឋជាតិផ្លាស្ទិក វិស័យវាយនភណ្ឌ សម្ភារដែលងាយរងការកកិត (ហ្វ្រាំងរថយន្ត) ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម៕

អាន​បន្ថែម

ស្នងការនគរបាលជាតិបង្កើតក្រុមការងារថ្មីទប់ស្កាត់ជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់

អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារពិសេសមួយ សម្រាប់ការប្រមូលព័ត៌មាន ស្រាវជា្រវស៊ើបអង្កេត លើករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបការទន្ទ្រានការកាន់កាប់ដីរដ្ឋខុសច្បាប់ទូទាំងប្រទេស។ នេះបើតាមសេចក្តីសម្រេចលេខ ៤៣៨ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារនេះ មានសមាជិកសរុបចំនួន ២១រូប ដែលមាន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់កម្លាំងជំនាញ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់ ដោយត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា។ លើសពីនេះ ក្រុមការងារនេះ ក៏មានសិទ្ធិកំណត់មុខសញ្ញាបទល្មើស កសាងសំណុំរឿងលើករណីជម្លោះដីធ្លី និងការទន្ទា្រនកាន់កាប់ដីរដ្ឋ រួចបញ្ជូនទៅតុលាការដោះស្រាយបន្តតាមនីតិវិធីផងដែរ។

អាន​បន្ថែម

ក្រសួងឧស្សាហកម្មចេញគោលការណ៍ថ្មី ៧ ចំណុច រឹតបន្ដឹងសុវត្ថិភាពវិស័យសំណង់ និងអគ្គិសនី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានសម្រេចយកស្តង់ដារ ISO, IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ចំណុចបន្ថែម មកប្រើប្រាស់នៅកម្ពុជា ក្នុងនោះ ៧ចំណុច គឺដើម្បីរឹតបន្តឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យសំណង់ និងការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ និងអគារ។ នេះបើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ នៅក្នុងវិស័យសំណង់ ក្រសួងបានអនុម័តស្តង់ដារ ចំនួន ០៣ រួមមានស្ដង់ដាសម្រាប់ការប្រើប្រាស់៖ ១) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់បំពង់បង្ហូរទឹក និងបណ្តាញលូទឹកស្អុយសាងសង់បង្កប់ក្រោមដី ២) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយ ប៉ូលីអេទីឡែន(PE) ៣) បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយPE។ ដោយឡែក ក្រសួងបានអនុម័តចំនួន ០៤ស្តង់ដារ […]

អាន​បន្ថែម

កម្ពុជាបន្តស៊ើបករណីប្រាសាទស្រដៀងអង្គរវត្តនៅថៃ គ្រោងបញ្ជូនបុរាណវិទ្យាទៅពិនិត្យឆាប់ៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តស៊េីបអង្កេតករណីរឿងប្រាសាទស្រដៀងអង្គរវត្តនៅប្រទេសថៃ ដោយគ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗ ក្រោយកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមសារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃទី ២៥ សីហា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្ត្រីទៅឆាប់ៗ តែការធ្វើដំណើរនេះពេលជួបការលំបាកព្រោះវិបត្តិ កូវីដ១៩។ «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិននៅស្ងៀមទេ។ ក្រសួងក៏កំពុងធ្វើការជាមួយមន្ត្រីកម្ពុជានៅស្រុកស្រះកែវ និងស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដូច្នេះយើងអាចបន្តកិច្ចសហប្រតិបត្តិការ និងបញ្ចប់គម្រោងនេះបាន» ឯកឧត្តម បានបន្ត។ ជាក់ស្ដែង កាលពីដើមខែសីហា  រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ក៏បានជួបនឹងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរឿងនេះផងដែរ ដោយបានស្នើផ្ទាល់ទៅអគ្គរាជទូតឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ (អានបន្ថែម) គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)

អាន​បន្ថែម

តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?

ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ។ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖ -ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា) -ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ -ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង -ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក -អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ -ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ -ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ -ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ […]

អាន​បន្ថែម

សាលាក្រុងសហការជាមួយសមាគមលំនៅឋានបង្កាមិនឱ្យកូវីដប៉ះពាល់ធ្ងន់ដល់ការដ្ឋានសំណង់

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ ផ្តោតបង្កើនវិធានការណ៍ការពារនានា ទិសដៅបង្ការមិនឱ្យជំងឺកូវីដ១៩ ឆ្លងចូលការដ្ឋានសំណង់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ដែលជាហេតុនាំឱ្យរាំងស្ទះគម្រោង។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែសីហា ថា ទោះមានវិបត្តិកូវីដ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះនៅតែដំណើរការទៅមុខ ព្រោះជាវិស័យមួយនៃវិស័យស្នូលជំរុញសេដ្ឋកិច្ច។ ដូច្នេះ វិស័យឯកជន និងអាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការគ្នាបន្ថែមទៀតដើម្បីពង្រឹងវិធានសុខភាព ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឱ្យបាន។ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ក៏សម្ដែងសុទិដ្ឋិនិយមថា ជាមួយនឹងវិធានការណ៍តឹងរឹងនេះ វិស័យសំណង់នឹងត្រឡប់មកមានស្ថិរភាពឆាប់ៗ ស្របនឹងកំណើនសេដ្ឋកិច្ច។ គួរបញ្ជាក់ថា កាលពីចុងខែ កក្កដា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំថ្មី ១៤ ចំណុច ដល់ម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ឱ្យរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់បុគ្គលិក និងកម្មករ។ (អានបន្ថែម)

អាន​បន្ថែម

៦ខែដំបូង-២០២១ អាជ្ញាធរជាតិអប្សរាអនុម័តសំណង់ ៥១៩១ករណី នៅក្នុងតំបន់ការពារខេត្តសៀមរាប

គិតត្រឹម ៦ខែ ដើមឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋទាំងក្នុង និងក្រៅតំបន់ឧទ្យានអង្គរ ធ្វើការជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល សរុបចំនួន៥១៩១ករណី ខណៈបន្តហាមឃាត់ដាច់ខាតមិនឱ្យមានការទិញលក់ដីធ្លីក្នុងតំបន់ការពារឡើយ។ សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិមួយនេះកាលពីថ្ងៃទី ២៤ ខែសីហា បានឱ្យដឹងថា ករណីទាំងអស់ជាង ៥ពាន់ករណី ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋក្នុងស្រុកប្រាសាទបាគងបានចំនួន ៧១២ករណី ស្រុកអង្គរធំ ៩៩២ករណី ស្រុកពួក ៩៨៦ករណី ក្រុងសៀមរាបបាន ១១៦៥ករណី និងស្រុកបន្ទាយស្រី ១២៩០ករណី។ អាជ្ញាធរជាតិអប្សរា បានអះអាងថា ក្រុមការងារនឹងអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះឱ្យកាន់តែមានប្រសិទ្ធិភាព។ ទាក់ទិនបញ្ហាដីធ្លីក្នុងតំបន់អប្សារា អាជ្ងាធរបានប្រកាសដាក់កំហិតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសទិញលក់ដីធ្លី បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។ អាជ្ញាធរជាតិអប្សរាបានប្រកាសព្រមានដូច្នេះ ក្រោយរកឃើញមានការបង្ហោះក្នុងហ្វេសប៊ុកអំពីការលក់ដីក្នុងតំបន់អង្គរជារឿយៗ។ គួរបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរជាក់លាក់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដាក់ចូលក្នុងកម្មវិធី Google Earth ក្នុងទូរសព្ទដៃឬ កុំព្យូទ័ររបស់លោកអ្នក។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងស្នើឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម្រោងសាងសង់នានា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីរររាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ចំពោះគម្រោងសាងសង់អគារ។ ឯកឧត្តម មានប្រសាសន៍ថា៖ «រាល់គម្រោងប្លង់ដែលបានដាក់ស្នើសុំលិខិតអនុញ្ញាតសាងសង់ដូចជា អគារដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព សំណង់បុរីលំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព»។ លើសពីនេះ ឯកឧត្តម ក៏ជំរុញឱ្យមានការត្រួតពិនិត្យ នៅពេលសាងសង់ឱ្យអនុវត្តត្រឹមត្រូវតាមគម្រោងប្លង់។ ប្រសិនសំណង់អគារបញ្ចប់ការសាងសង់ ដោយមិនបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនឡើយ៕

អាន​បន្ថែម