សេចក្តីជូនដំណឹង និង វិធានការណ៍
រដ្ឋាភិបាលដាក់ចេញគោលការណ៍ថ្មីរឹតបន្ដឹងរោងចក្រដើរដោយថាមពលចំហាយ
ក្រសួងរ៉ែ និងថាមពល បានដាក់ចេញប្រកាសថ្មី ទិសដៅរឹងបន្ដឹងការគ្រប់គ្រងរោងចក្រ និងប្រតិបត្តិការថាមពលចំហាយ ដែលតម្រូវឱ្យគ្រប់អាជីវកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតមុន នឹងចាប់ផ្ដើមប្រតិបត្តិការ។ បើតាមប្រកាសលេខ ០៣០៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការថាមពលចំហាយ សំដៅដល់ការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពលចំហាយ។ (ការដុតឥន្ទនៈ ធ្យូងថ្ម ឬចំហេះនានាដើម្បីបង្កើតជាចំហាយទឹក ក្នុងការជំរុញទួរបិន ឬម៉ូទ័រឱ្យផលិតអគ្គិសនី។) ប្រកាសបានបន្ដថា ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍ សាងសង់ ដំឡើង និងប្រតិបត្តិការថាមពលចំហាយ ទាំងប្រើប្រាស់ផ្ទាល់ និងប្រើប្រាស់ដោយប្រយោល ត្រូវស្នើសុំលិខិតអនុញ្ញាតទាំងអស់។ មួយវិញទៀត ចំពោះក្រុមហ៊ុន ដែលមានបំណងធ្វើការអភិវឌ្ឍន៍សាងសង់ និងដំឡើង ត្រូវសុំលិខិតអនុញ្ញាត ២ គឺអាជ្ញាបណ្ណសុំប្រតិបត្តិថាមពលចំហាយ និងអាជ្ញាបណ្ណផ្តល់សេវាកម្មថាមពលចំហាយ។ ដូចគ្នានេះ ក្រុមហ៊ុនណាដែលចង់ផលិតចំហាយ និងអគ្គិសនីរួមគ្នា ក៏ត្រូវសុំលិខិតអនុញ្ញាត ២ ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនណាគ្មានលិខិតអនុញ្ញាត ត្រូវពិន័យជាប្រាក់ពី ៤០០ ០០០ រៀល ទៅ ៤ លានរៀល ក្នុងមួយថ្ងៃ និងទោសទណ្ឌដែលមានចែងក្នុងបទប្បញ្ញត្តិដទៃទៀតជាធរមាន។
អានបន្ថែមអាជ្ញាធរខេត្តកណ្ដាលចុះបង្ក្រាប និងបិទអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនខុសច្បាប់
អាជ្ញាធរខេត្តកណ្តាល កាលពីថ្មីៗនេះ សម្រេចបិទអាជីវកម្មជីកដី និងខ្សាច់ ៣កន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង ដែលគ្មានច្បាប់អនុញ្ញាតជីក មិនបានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ ចំពោះរឿងនេះអាជ្ញាធរនឹងបន្ដចុះបង្ក្រាបសកម្មភាពខុសច្បាប់ទាំងនេះបន្តទៀត។ កិច្ចបិទអាជីវកម្មទាំងនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អំឡុងពេលដែលឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី។ អាជីវកម្មទាំង៣ ដែលត្រូវបានបិទ រួមមាន អាជីវកម្មទី១ ដែលធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា។ ដោយឡែក អាជីវកម្ម ២ កន្លែងទៀត ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី នៃឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។ បើយោងតាមឯកឧត្តម ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។
អានបន្ថែមអាជ្ញាធរក្រុងប៉ោយប៉ែតបញ្ជាឱ្យម្ចាស់ដីទាំងអស់សុំច្បាប់អនុញ្ញាតមុននឹងចាក់ដី ទោះក្នុងព្រំដីខ្លួនក្ដី
រដ្ឋបាលក្រុងប៉ោយប៉ែត ប្រកាសឱ្យម្ចាស់ដី និងម្ចាស់សំណង់ទាំងអស់ក្នុងក្រុង ត្រូវមកសុំច្បាប់អនុញ្ញាតជាមុនសិន ឱ្យបានមុន១៥ ថ្ងៃ មុននឹងចាក់បំពេញអាចម៍ដី បើមិនដូច្នោះចាត់ទុកថាខុសច្បាប់ ហើយនឹងត្រូវពិន័យ។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងប៉ោយប៉ែត គោលការណ៍នេះ គឺដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច អាចចុះពិនិត្យដល់ទីតាំងជាក់ស្តែង ហើយធានាថាការចាក់ដីមិនប៉ះពាល់ដល់ទីសាធារណៈ។ ការប្រកាសនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលក្រុងសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋ ដែលបង្កនូវទំនាស់ដីធ្លី ការកកស្ទះប្រព័ន្ធរំដោះទឹក និងដីចំណីផ្លូវសាធារណៈ។ ចំពោះប្រជាពលរដ្ឋដែលចង់សុំច្បាប់អនុញ្ញាត អាចធ្វើបាននៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង។ គួរបញ្ជាក់ថា រដ្ឋបាលក្រុង នឹងចុះបង្ក្រាបសកម្មភាពចាក់ដីខុសច្បាប់ឆាប់ៗនេះ ដូច្នេះចំពោះការចាក់បំពេញអាចម៍ដីដោយគ្មានការអនុញ្ញាត ប្រជាពលរដ្ឋនឹងត្រូវទទួលខុសចំពោះមុខច្បាប់ជាធរមាន។
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតពិធីមង្គលការ កំណត់ភ្ញៀវចូលរួមមិនឱ្យលើស ២០០នាក់
ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីមង្គលការឡើងវិញ ក្រោយផ្អាករយៈពេល៨ខែ តែការរៀបចំឡើងវិញនេះ គឺតម្រូវឱ្យមានភ្ញៀវចូលរួមមិនលើសពី ២០០នាក់។ ថ្លែងក្នុងពិធីសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត ២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ»។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង។ ជាមួយនឹងការប្រកាសបើកប្រទេសនេះ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាត លើកលែងតែខារ៉ាអូខេ។
អានបន្ថែមរដ្ឋមានផែនការបើកឡើងវិញនូវ KTV និងកន្លែងកម្សាន្តពេលយប់នានាក្នុងពេលឆាប់ៗនេះ
សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យបើកឡើងវិញនូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង ២៨លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបើកកន្លែងកម្សាន្តនានាពេលនេះ គឺលឿនពេក ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ប្រសិនបើមិនបានអនុវត្តតាមវិធានសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ ស្ទើរគ្រប់វិស័យបាននេះ ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា រួមទាំងការចាក់វ៉ាក់សាំងផងដែរនោះ ទើបពេលនេះប្រជាពលរដ្ឋយើងអាចបើកដំណើរប្រទេសឡើងវិញ។
អានបន្ថែមអាជ្ញាធភ្នំពេញប្រកាសឱ្យបិទចរាចរផ្លូវ ៣០ម៉ែត្រ ថ្ងៃទី៨ វិចិ្ឆកានេះ ដើម្បីសម្ពោធក្រសួងដែនដីថ្មី
អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យយានយន្តគ្រប់ប្រភេទបញ្ចៀសចរាចរណ៍លើផ្លូវ៣០ម៉ែត្រ ជាបណ្តោះអាសន្ននៅថ្ងៃទី ៨ វិច្ឆិកា ព្រោះនឹងមានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការបញ្ចៀសចរាចរណ៍ គឺសម្រាប់កំណាត់ផ្លូវ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដោយនឹងបិទចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់កម្មវិធីចប់។ អាស្រ័យហេតុនេះ សូមបងប្អូនម្ចាស់យានយន្តទាំងអស់ជ្រាបជាដំណឹង ដើម្បីបញ្ចៀសការខកដំណើរផ្សេងៗ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង និងកាលបរិច្ឆេទខាងលើ។ គួររម្លឹកដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសនឹងចូលរួមធ្វើជាអធិបតីភាព នៃពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ៕ (អានបន្ថែម)
អានបន្ថែមអាជ្ញាធរខេត្តឧត្តរមានជ័យបញ្ជាឱ្យរុះរើសំណង់រំលោភដីរដ្ឋជាបន្ទាន់ ឬត្រូវប៉ះនឹងវិធានការក្ដៅ
រដ្ឋបាលក្រុងសំរោងនៃខេត្តឧត្តរមានជ័យ បានដាក់ឱសាន្តវាទរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៦ តុលា ២០២១ នេះតទៅ ឱ្យម្ចាស់សំណង់រំលោភលើដីចំណីផ្លូវនានាក្នុងសង្កាត់បន្សាយរាក់ និងសង្កាត់សំរោង ត្រូវប្រញាប់រុះរើ បើមិនដូច្នេះនឹងត្រូវពិន័យធម៌ក្ដៅដោយមិនលើកលែងឡើយ។ ការកំណត់ឱសាន្តវាទនេះ ធ្វើឡើងក្រោយពេលក្រុមការងារបានសង្កេតឃើញថា ម្ចាស់ដីមួយចំនួនក្នុងសង្កាត់ខាងលើ បានសាងសង់រោង តូប សំយ៉ាប ដែលបានរំលោភមកលើដីចំណីផ្លូវសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ដីខ្លះទៀត បានចាក់ដីលុបលើប្រឡាយផ្លូវទឹក និងដាក់លូ មិនត្រឹមត្រូវស្របតាមបច្ចេកទេស ដែលបង្កឱ្យមានការកកស្ទះប្រព័ន្ធផ្លូវទឹក និងប៉ះពាល់សោភ័ណភាពទីក្រុង។ ដូច្នេះ រដ្ឋបាលក្រុងបានបញ្ជាឱ្យម្ចាស់ដីទាំងអស់ត្រូវរុះរើសំណង់ខុសច្បាប់ទាំងនេះ ព្រមទាំងជីកកាយស្តារផ្លូវទឹកឡើងវិញផងដែរ។ ក្រោយថ្ងៃកំណត់រយៈ១០ថ្ងៃ រដ្ឋបាលក្រុងសំរោង នឹងចុះអនុវត្តធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតចំពោះសំណង់ដែលរំលោភដីចំណីផ្លូវសាធារណៈ ហើយម្ចាស់កម្មសិទ្ធិទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
អានបន្ថែមអាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់
រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់។ ការព្រមាននេះ ត្រូវឡើងក្នុងកិច្ចប្រជុំជាមួយអាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ នាឱកាសនេះ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កន្លងមកបញ្ហាអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បានក្លាយបញ្ហាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន ខណៈមានប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ប៉ះពាល់ដល់ពួកគាត់ ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។ ហេតុនេះ ឯកឧត្តម បានព្រមានធ្ងន់ៗ ដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនខ្សាច់ ដី និងថ្ម ណាដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្មទាំងស្រុង។ បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ហើយចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះយកមកផាកពិន័យទៅតាមផ្លូវច្បាប់៕
អានបន្ថែមខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូងឃ្មុំ។ ប្រភពដដែលបញ្ជាក់ថា វិធានការ ០៤ ចំណុច រួមមាន៖ -ត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតមករដ្ឋបាលខេត្ត រាល់ការសាងសង់ ការបើកផ្លូវ ការចាក់បំពេញអាចម៌ដី និងការពុះដីឡូត៍ -ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដែលមានចែងក្នុងប្លង់គោល ដោយកំណត់យក ប្រវែង៥.៥០ម៉ែត្រ និងត្រូវចាក់ទ្រនាប់ស៊ីម៉ង់ទ្រាប់បាត រាល់ការបើកផ្លូវការូ៉ឡា ដើម្បីបង្កើនភាពរឹងមាំ -ហាមដាច់ខាតមិនឱ្យកែប្រែប្រភេទដី ដូចជាការជីកយកដី ចាក់បំពេញដី និងការបែងចែកពុះដីឡូត៍លក់ ដោយមិនមានការចុះពិនិត្យ និងអនុញ្ញាតពីរដ្ឋបាលខេត្តជាមុន -ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនទទួលខុសត្រូវរាល់ការខាតបាត់បង់។
អានបន្ថែមសាលាក្រុង៖ អ្នករស់នៅក្នុងបុរី និងម្ចាស់អាជីវកម្ម នឹងត្រូវផាកពិន័យ បើទុកដាក់សំរាមមិនត្រឹមត្រូវ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវបទបញ្ជាថ្មី តម្រូវឱ្យអ្នករស់នៅក្នុងបុរី ម្ចាស់អាជីវកម្ម ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងមន្ទីរពេទ្យនានា ត្រូវមានកាតព្វកិច្ចដាក់ធុងសម្រាមផ្ទាល់ខ្លួន និងទុកដាក់សម្រាមឱ្យត្រឹមត្រូវ បើមិនដូច្នោះអាចនឹងត្រូវផាកពិន័យ ឬប្ដឹងឡើងដល់តុលាការ ។ សេចក្តីជូនដំណឹង កាលពីថ្ងៃ១៦ ខែកញ្ញា ក៏បានណែនាំឱ្យគ្រប់គ្នាឱ្យធ្វើការញែកសំរាម ជា ០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយហាមមិនឱ្យលាយឡំសំរាមហានិភ័យចូលគ្នាឡើយ ដើម្បីងាយស្រួលក្នុងការប្រមូល និងគ្រប់គ្រងសំរាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្រៅពីចំណុចសំខាន់ៗទាំងនេះ សេចក្តីជូនដំណឹង មានបទបញ្ជាថ្មីសរុប ១៣ ចំណុច ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឿង ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ ជាមួយនឹងការផាកពិន័យ ការប្ដឹងទៅតុលាការ ឬផ្អាកអាជីវកម្មបណ្ដោះអាសន្ន បើសិនរកឃើញថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មិនបានអនុវត្តតាមការណែនាំខាងលើនេះ។
អានបន្ថែម