ត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតតាមមូលដ្ឋាននៅកម្ពុជា សម្រេចជិត ៩០%

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពគឺសម្រេចបានចំនួន ២៥%។នេះបើយោងតាមសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានបានកើនដល់ ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១% ហើយរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យកម្រិតមូលដ្ឋាន ១០០% នៅឆ្នាំ២០៣០ និងបង្កើនអត្រាការផ្គត់ផ្គង់ទឹកស្អាតដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៥០% និងអនាម័យដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៧០% នៅឆ្នាំ២០៣៣ ព្រមទាំងជំរុញការសម្រេចឱ្យបាន នូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឱ្យបានជាអតិប្បរមាផងដែរ៕ […]

អាន​បន្ថែម