ជោគវាសនាថ្មីនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ រាជរដ្ឋាភិបាលបង្កើតក្រុមការងារជំនាញដើម្បីសិក្សាពីការកែប្រែទៅជាតំបន់បម្រើផលប្រយោជន៍សាធារណៈ

ការរក្សានូវមរតកប្រវត្តិសាស្ត្រ ជាមួយគំនិតផ្តួចផ្តើមបង្កើតជាលំហបៃតងដ៏ធំសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រង និងការប្រើប្រាស់ទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង។ យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង​ ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ហៅកាត់ ក.ស.អ. ក្រុមការងារនេះមានភារកិច្ចធានាថា ផ្ទៃដីទំហំ ៣៨៦ ហិកតា នឹងត្រូវបន្តគ្រប់គ្រងជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងរក្សានូវតម្លៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំងជាប្រធានក្រុមការងារនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃវិស័យអាកាសចរណ៍ស៊ីវិល និងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ សមាសភាពនៃ ក.ស.អ. ខាងលើត្រូវអនុវត្តភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចលេខ ១២០ សសរ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការហោះហើរពាណិជ្ជកម្ម និងអន្តរជាតិទាំងអស់ត្រូវបានផ្ទេរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃវិនិយោគ ២,៣ ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២៥។ ទោះបីជាតួនាទីជាច្រកទ្វារអាកាសចរណ៍ចម្បងត្រូវបានបញ្ចប់ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា ដីតំបន់ពោធិ៍ចិនតុងមិនមែនសម្រាប់លក់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍជាគម្រោងពាណិជ្ជកម្មឡើយ។ […]

អាន​បន្ថែម