ក្រសួងរ៉ែ​និងថាមពល​ជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត

ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោង​ចំនួនពីរ រួមមាន​គម្រោងប្រសិទ្ធភាព​ថាមពល​​​សម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មាន​អគ្គិ​សនី តាមរយៈ​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខា​​សាលាផ្សព្វផ្សាយ​កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិ​ន្ទ​​ រដ្ឋ​លេ​ខាធិការ​ក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុ​ពីកម្មវិធី​សម្ព័ន្ធភាព​ប្រែ​ប្រួ​​ល​​​អា​កាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោ​ងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌ​គោលនយោបាយជាតិ​ស្តី​​ពី​ប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់​ស្រយា​ល​​ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជា​ប្រព័ន្ធគ្រប់គ្រងថាមពល និង​ការ​បង្កើត​​គំរូប្រតិបត្តិការ​គម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះ​ផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បាន​សន្យាផ្តល់ឥណទាន​សម្បទានថ្មី​បន្ថែម​ទៀត​​ចំ​នួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ)  សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់​អគ្គិសនី​​​តា​ម​ទី​ជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបាន​បញ្ចប់​។ (អានបន្ថែម) រូបភាពពី thebulletin

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សា​ស្រាវជ្រាវ​រៀប​ចំ​ក្របខណ្ឌ​ត្រួត​ពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និ​ងវាយ​តម្លៃ​​ហានិភ័យអចលនទ្រព្យ​ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២២។​ គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម្មវិធីចែករំលែក​ចំណេះដឹង (២០២១-២០២២)។ នៅក្នុងសិក្ខាខាងលើ បានឲ្យដឹងថា គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើ៖ ១. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ៣.​ វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថិរភាពអចលនទ្រព្យកម្ពុជា ក្រៅពីនេះ ការសិក្សានេះទៀតសោត នឹងប្រៀបធៀបជាមួយនឹងបទពិសោធន៍ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់​កើត​មាន​កន្លងមក ជាពិសេសទីផ្សារលំនៅឋានរបស់ប្រទេសទាំងពីរ។

អាន​បន្ថែម

រដ្ឋនឹងចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋដែលព្រមទទួលសំណងដោះដូរដីជាមួយ Union Development

រដ្ឋបាលខេត្តកោះកុង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលសំណងដោះដូរដីគោលនយោបាយរបស់ក្រុមហ៊ុន យូញៀន (Union Development Co Ltd) នៅក្នុងឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ជាម្ចាស់ក្បាលដី បានយល់ព្រមទទួលយកសំណង ដែលរងផលប៉ះពាល់ ជាមួយការវិនិយោគរបស់ក្រុមហ៊ុន Union Development Co Ltd និងអាចទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ​ចាប់ថ្ងៃទី០៩ ខែមិថុនា តទៅ។​ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ នឹងធ្វើឡើងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្ថិតនៅភូមិកៀនក្រលាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង រៀងរាល់ម៉ោងធ្វើការ។​ ក្រុមហ៊ុន Union Development Group (UDG) ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិននៅពីក្រោយគម្រោងទេសចរណ៍ តារាសាគរ តម្លៃ ៣,៨ ពាន់លានដុល្លាររបស់ខេត្តកោះកុង ដែលមានឈ្មោះថា តារាសាគរ។ ក្នុងគម្រោងវិនិយោគនេះ ក៏មានកសាងអាកាសយានដ្ឋានតារាសាគរអន្តរជាតិផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន ដែលជាម៉ែត្រវាស់ស្ទង់ និងកំណត់ការវាយតម្លៃអចលនទ្រព្យ និងសំណង់ ឲ្យបានជាក់លាក់ សម្រាប់ជាមូលដ្ឋានវាយតម្លៃរបស់គ្រឹះស្ថានធនាគារនានា ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗ។ ពិធីដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមាន លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងក្នុងពិធីខាងលើនេះ លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន នឹងរួមចំណែកសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរិមា ក្នុងគោដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ហង់ លីណា បានថ្លែងថា សន្ទស្សន៍ថ្លៃលំនៅឋាន នឹងជាសូចនាករមួយដ៏សំខាន់ ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅឋានដែលកំពុងរីកចម្រើនខ្លាំង ក្នុងពេលពីរទសវត្សកន្លងមកនេះ។ លោកជំទាវ ហង់ លីណា បានបន្ថែមថា លើសពីនេះសន្ទស្សន៍ថ្លៃលំនៅឋាន នឹងតាមដាន និងត្រួតពិនិត្យទាន់ពេល និងជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើតឡើងចេញពីវិបត្តិនៃវិស័យអចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនជួបប្រទះក្នុងពេលកន្លងមក៕

អាន​បន្ថែម

កម្ពុជា World Bank​ ពិភាក្សារៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅកិច្ចប្រជុំ រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ WB មកពីទីស្នាក់ការកណ្តាលទីក្រុងវ៉ាស៊ីងតោន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។ ក្នុងជំនួបខាលើនេះ ឯកឧត្តមមានប្រសាសន៍ថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា​ ដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងភាពរស់រវើក។ តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែរស់រវើក និងមានប្រសិទ្ធភាព គឺដើម្បីទាក់ទាញវិនិយោគ ដែលនឹងប្តូរទីតាំងចេញពីប្រទេសចិន សម្រាប់ជំរុញការធ្វើពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងរយៈពេលខ្លី និងមធ្យម និងរយៈពេលវែង។ ក្នុងជំនួបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ឯកភាពគ្នាបន្តធ្វើសិក្សាស៊ីជម្រៅលើចំណុចមួយចំនួនទៀត […]

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តចុះអនុវត្តការអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ កំពុងចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំ នួនរួម មានខេត្តកណ្តាល ​បាត់ដំបង និងបន្ទាយមានជ័យ។ ការចុះអង្កេតអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធនៅតាមធនាគារដៃគូ ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យក្រោយពីបានចុះបញ្ជី​ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ បន្ទាប់មកក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ (អានបន្ថែម) បើតាមអគ្គនាយកដ្ឋានពន្ធដារ ការចុះអង្កេតអចលនទ្រព្យនេះ​គឺមានអត្ថប្រយោជន៍ដូចជា ការរៀបចំគោលនយោបាយសារពើពន្ធប្រកបដោយភាពច្បាស់លាស់ មូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការរៀបចំផែនការថវិកាប្រចាំ ឆ្នាំឱ្យសមស្រប ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ទិន្នន័យជាមូលដ្ឋានច្បាស់លាស់ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធពាក់ព័ន្ធដទៃទៀត ទិន្នន័យសម្រាប់ការវិភាគ និងរៀបចំរបាយការណ៍ និងផ្តល់ភាពងាយ ស្រួលដល់ការគ្រប់គ្រង និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ៕

អាន​បន្ថែម

សម្តេចតេជោ​៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។​ ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ផ្លូវបី-បួនពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ បើសិនជាយើងខ្ញុំមិនមានថវិកាពីចិនទេ តើយើងបានអ្វីពិតប្រាកដ។ នៅមានការវិនិយោគលើផ្លូវល្បឿនលឿន និងការវិនិយោគដទៃទៀត-វារីអគ្គិសនី បើយើងខ្ញុំមិនមានការវិនិយោគពីចិនទេ តើយើងបានអគ្គិសនីមកពីណាប្រើប្រាស់”។​ តបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងៗទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាជំរុញបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញប្រទេសក្នុងតំបន់អាស៊ីបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិ ដែលនេះគឺជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍ជាសកលប្រកបដោយនិរន្តរភាព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ី កាលពីថ្ងៃទី២៧ កន្លងទៅ។ សមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ បរិយាបន្ន និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការមិនជ្រៀតជ្រែក និងការគោរពចំពោះជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក ដែលជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍សកលប្រកបដោយចីរភាព និងបរិយាបន្ន”។ RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ រួមមានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺ […]

អាន​បន្ថែម

ក្រសួងធនធានទឹក និង JICA សហការគ្នារៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បើកកិច្ចប្រជុំដំបូងលើគម្រោងរៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ  (NaSDeP) ដើម្បីបង្កើតប្រព័ន្ធនៃនិម្មិតកម្ម និងប្រើប្រាស់ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានអនុម័តលើផែនការការងារ និងបានឯកភាពលើកាលវិភាគសកម្មភាពសម្រាប់ឆ្នាំទី១ ដែលជាដំណាក់កាលត្រៀមសម្រាប់ការរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ។ គម្រោងនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមប្រមូលព័ត៌មាន និងការស្ទង់មតិលើគម្រោងនេះនៅឡើយ។ ស្តង់ដារជាតិមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ តាមរយៈការណែនាំស្តង់ដារប្រព័ន្ធធារាសាស្ត្រ ដែលនឹងរួមចំណែកក្នុងការបង្កើនផលិ​តភាពកសិកម្មនៅកម្ពុជា។

អាន​បន្ថែម

ក្រសួងសាធារណការ​ និង World Bank ពិភាក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រសួងសាធារណការ​ និងដឹកជញ្ជូន និងធនាគារពិភពលោក បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាតនៅកម្ពុជា។​ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងឯកឧត្តមរដ្ឋមន្ត្រីស្តីទី តូច ចាន់កុសល និងលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ អង្គប្រជុំ ក៏បានពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ (PPLC)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ធនាគារពិភពលោកបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត សំដៅលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់ តែប្រសើរឡើង៕

អាន​បន្ថែម