ចិនគ្រោងបោះទុន ២ពាន់លាន បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រLNG នៅកម្ពុជា

ក្រុមហ៊ុនយក្សចិនមួយ សហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក LSCG គ្រោងនឹងបោះទុនសរុបជាង ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តធំៗ៤ រួមមាន ព្រះសីហនុ កោះកុង កែប និងកំពត។ បើយោងតាម អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារស្របច្បាប់លើគម្រោងនេះ បច្ចុប្បន្នក្រុមហ៊ុនទាំង ២ ក៏កំពុងស្វែងរកដៃគូក្នុងស្រុកបន្ថែមផងដែរ។ លោក លី សុខឆាយ និងក្រុមការងារ កន្លងមកក៏បានចុះជួបជាមួយនឹងគណៈអភិបាលនៃខេត្តទាំង៤ រួចហើយដែរ ដើម្បីជម្រាបពីផែនការគម្រោង ដោយនៅដំណាក់កាលដំបូងរដ្ឋបាលខេត្តបានសំដែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅ។ ទន្ទឹមនឹងនេះ លោក លី សុខឆាយ បានបន្ដទៀតថា ក្រុមហ៊ុន LSCG ក៏កំពុងតែធ្វើបច្ចុប្បន្នភាព និងស្វែងរកព័ត៌មានបន្ថែម ដើម្បីធ្វើការសិក្សាសម្រាប់ជំហានបន្ទាប់លើគម្រោងដ៏ធំមួយនេះផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន LSCG ជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក ដែលកន្លងមកធ្លាប់បានធ្វើការងារធំៗ ជាច្រើនដូចជា បានដេញថ្លៃឈ្នះដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀត។  

អាន​បន្ថែម

អាជ្ញាធរភ្នំពេញគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅស្ទឹងព្រែកត្នោត

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ខណ្ឌ៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។ ឯកឧត្តម ឃួង ស្រេង ស្នើដូច្នេះ ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ឯកឧត្តម មានប្រសាសន៍ថា៖ «ចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅខណ្ឌកំបូលខណ្ឌ ដង្កោ និងពោធិ៍សែនជ័យ»។ គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្មីៗនេះក៏បានបង្ហាញផែនការបង្កើនការផលិតទឹកស្អាតបន្ថែម ៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ និង ៦ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ ២០៣០។ (អានបន្ថែម) បច្ចុប្បន្ន តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង ៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតទឹកស្អាតពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានបរិមាណតែ ជាង៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។

អាន​បន្ថែម

ជប៉ុនប្ដេជ្ញាបន្តជួយជំរុញការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅខេត្តព្រះសីហនុ

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសន្យាថានឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះ ក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេះ។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ផងដែរ។ សូមបញ្ជាក់ថា សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងគូសប្លង់។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ (អានបន្ថែម) ក្រៅពីបានពិនិត្យកំពង់ផែ ជប៉ុនក៏បានចុះទៅពិនិត្យទីតាំងគ្រប់គ្រងសំណល់មួយចំនួនក្នុងក្រុងព្រះសីហនុ ជាមួយនឹងក្រសួងបរិស្ថាន និង UNDP ប្រចាំកម្ពុជា។ ជប៉ុនប្ដេជ្ញាទៀតថា នឹងបន្ដគាំទ្រគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ ទិសដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ។

អាន​បន្ថែម

កូរ៉េផ្ដល់ជំនួយ ៨លានដុល្លារសង់មន្ទីរពិសោធន៍ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធកសិកម្មកម្ពុជា

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA នឹងផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ ក៏ដូចជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មនៅកម្ពុជា។ ការសម្រេចផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ផ្តោតទៅលើការងារសំខាន់ៗ ដូចជាការកសាងវិទ្យាស្ថានជាតិបសុសត្វ ការពង្រឹងសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងអនាម័យ និងបទដ្ឋានគតិយុត្ត ក៏ដូចជាពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យអង្គការ KOICA ជួយលើផ្នែកដែលកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកនៅកម្ពុជាផងដែរ ជាការឆ្លើយតប លោក Hyunjun Rho បានសន្យាថានឹងសិក្សាដោយរួមបញ្ជូលបញ្ហាប្រឈមទៅក្នុងគម្រោង៥ ឆ្នាំខាងលើ។

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនគ្រោងបំពាក់ភ្លើងបំភ្លឺបច្ចេកវិទ្យាវៃឆ្លាតតាមដងផ្លូវនានាក្នុងខេត្តកណ្តាល

ក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co., Ltd មានគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ នៅលើផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ។ លោក តាកាហ្ស៊ី អាអូគី តំណាងក្រុមហ៊ុន Minebea (Cambodia) បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនគ្រោងដំឡើងអំពូលភ្លើងLED ដែលសន្សំសំចៃអគ្គិសនីខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងពិសេសអាចកំណត់កម្រិតភ្លឺបានតាមប្រព័ន្ធទំនើប។ លោកបន្ដថា អំពូលទាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា ដែលមានបច្ចេកវិទ្យាខ្ពស់ និងប៉ះពាល់បរិស្ថានតិច។ ជាការឆ្លើយតប ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រគម្រោងនេះ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនចុះសិក្សាឱ្យបានច្បាស់លាស់ ដើម្បីចូលរួមសន្សំសំចៃថវិកា និងធានានិរន្តរភាពនៃគម្រោង។

អាន​បន្ថែម

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ នឹងសង់រួចចុងខែវិច្ឆិកានេះ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង្ស សូត្រ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងក្លាយជាកន្លែងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើបស្តង់ដារខ្ពស់។ មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ៥ជាន់ កម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អគាររដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ អគារទាំងមូល សាងសង់លើផ្ទៃដី ២៤.៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥.៨១៥ម៉ែត្រការ៉េ។ គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ (អានបន្ថែម) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន គឺជាគម្រោងទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគម្រោងទី១ […]

អាន​បន្ថែម

រដ្ឋសភាបង្ហាញប្លង់ស្ថាបត្យកម្មអគារថ្មីតម្លៃ ២៥ លានដុល្លារ រចនាបថទំនើប និងគិតគូរពីបរិស្ថាន

រដ្ឋសភាជាតិនៃកម្ពុជា កាលពីព្រឹកមិញនេះ បានបង្ហាញនូវគំរូប្លង់ស្ថាបត្យកម្មអគាររដ្ឋបាលថ្មីរបស់ខ្លួន តម្លៃជាង ២៥លានដុល្លារ ដែលបច្ចុប្បន្នកំពុងបើកដេញថ្លៃរកអ្នកម៉ៅការសាងសង់។ (អានបន្ថែម) បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំងពីរ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។

អាន​បន្ថែម

ត្រឹមខែតុលា ការវិនិយោគជប៉ុននៅកម្ពុជាមានជាង ១៤៦គម្រោង ឬស្មើនឹង ២,៨ពាន់លានដុល្លារ

គិតត្រឹមខែតុលា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនសរុប ១៤៦គម្រោង ឬស្មើនឹងទុន ២ ៨៥៣ លានដុល្លារអាមេរិក។ តួលេខនេះត្រូវបានប្រកាសនៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់វិនិយោគថ្មីនៃកម្ពុជា ទៅកាន់វិនិយោគិនជប៉ុន ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនសរុប មានគម្រោងវិនិយោគ៦៦គម្រោង វិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងទាំងនេះ មានទុនវិនិយោគសរុប ៣៤០លានដុល្លារ។ គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម

បើកប្រទេសភ្លាម! ការវិនិយោគធំៗ ចូល ១៤ គម្រោង តម្លៃជាង ៥៤០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៥៤៤,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ១៤កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះវិហារ កណ្តាល បាត់ដំបង ពោធិសាត់ ព្រះសីហនុ និងខេត្តកោះកុង។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ១៤ រួមមាន៖ ១. ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD វិនិយោគប្រមាណ ២១ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ២. ក្រុមហ៊ុន EM AUTOMOBILE CO., LTD វិនិយោគប្រមាណ ១៦,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ […]

អាន​បន្ថែម

ម៉ុងឫទ្ធីគ្រុប សាងសង់រោងចក្រផលិតចំណីសត្វខា្នតធំថ្មីមួយនៅស្រុកព្រៃនប់

ក្រុមហ៊ុន M’s Pig ACMC Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបើកការដា្ឋនសាងសង់រោងចក្រផលិតចំណីសត្វខ្នាតយក្សមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិត ប្រមាណ ១៨ ០០០ តោន ក្នុងមួយខែ ឬ២១ ម៉ឺនតោនក្នុងមួយឆ្នាំ។ ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នៅក្រោមវត្តមានប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ រោងចក្រផលិតចំណីសត្វថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនបញ្ជាក់ថា រោងចក្រថ្មីនេះ នឹងប្រមូលទិញកសិផលរបស់កសិករប្រហែល ៤២លានដុល្លារ ក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន រោងចក្រចាស់ក៏បានប្រមូលទិញកសិផលក្នុងស្រុកប្រហែល២១លានដុល្លារក្នុងមួយឆ្នាំផងដែរ។ គួរបញ្ជាក់ថា រោងចក្រថ្មីនេះនឹងសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ខាងមុខនេះ ដូច្នេះ បើបូកសរុបរោងចក្រទាំង ២ ក្រោយឆ្នាំ ២០២២ ក្រុមហ៊ុននឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមប្រហែល ៦៣ លានដុល្លារក្នុងមួយឆ្នាំ។

អាន​បន្ថែម