គម្រោងអភិវឌ្ឍន៍
រដ្ឋបាលខេត្តកែបគ្រោងសាងសង់កំពង់ផែទេសចរនៅលើកោះទន្សាយ
រដ្ឋបាលខេត្ត បានបង្ហាញពីគម្រោងគ្រោងកសាងកំពង់ផែទេសចរណ៍កោះទន្សាយ ខណៈក្រុមហ៊ុនវិនិយោគក្នុងស្រុក បានស្នើសុំសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី១៨នេះ ថា គម្រោងកំពង់ផែទេសចរណ៍នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍ ADB ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានដេញថ្លៃគម្រោងនេះហើយ។ លោកជំទាវ បន្តថា ការសិក្សាបឋមដំណាក់កាលទីមួយ បានបញ្ចប់រួចហើយ ដោយក្រុមហ៊ុនបានបង្ហាញពីរបាយការណ៍លទ្ធផលសិក្សាទៅអាជ្ញាធរខេត្ត ហើយរបាយការណ៍នេះ ផ្តោតទៅលើទីតាំងសម្រាប់កសាង ផ្លូវថ្នល់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅលើកោះ។ «ដោយសារជាគម្រោងរបស់ ADB ដូច្នេះការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវតែធ្វើ…ហើយនេះជាជំហានទីមួយ ក្រុមហ៊ុនបានសិក្សាផលប៉ះពាល់ហើយ គាត់យកមកបង្ហាញខេត្ត ក៏ដូចជាមន្ទីរជំនាញក្នុងការចូលរួមយោបល់» នេះជាការបញ្ជាក់ថារបស់ លោកជំទាវ ដោយបញ្ជាក់ថា ការសិក្សាបន្ថែមនឹងត្រូវគេធ្វើបន្ថែមទៀត។ គម្រោងនេះជាផ្នែកមួយនៃគម្រោងតភ្ជាប់តាមសមុទ្រ ដឹកជញ្ជូនអ្នកទេសចរ ដោយនឹងត្រូវភ្ជាប់ទៅនឹងកំពង់ផែទេសចរណ៍ ដែលស្ថិតកំពុងសាងសង់ នៅខេត្តកំពត។ បច្ចុប្បន្ន ការធ្វើដំណើរទៅកោះទន្សាយ គឹប្រើប្រាស់កំពង់ផែឈើ ធ្វើឱ្យពិបាកនៅពេលមានភ្ញៀវទេសចរច្រើន។ ទាក់ទងនឹង ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅកោះទន្សាយនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ របស់ខេត្តកែប ខណៈមានគម្រោងវិនិយោគមួយចំនួន ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអភិវឌ្ឍន៍នៅលើកោះទន្សាយរួចមកហើយ៕
អានបន្ថែមរដ្ឋបាលខេត្តកំពតអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៣
រដ្ឋបាលខេត្តកំពត សម្រេចអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ តម្លៃប្រមាណជាង ៣ លានដុល្លាអាមេរិក ដោយគម្រោងទាំងនេះគ្រោងនឹងអនុវត្តនៅចុងឆ្នាំ ២០២០ នេះ។ នេះបើតាមការឱ្យដឹងពី កិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្តដែលដឹកនាំការប្រជុំដោយអភិបាលខេត្តកំពតឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ១៧ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន Fresh News គម្រោងនេះ គឺសុទ្ធសឹងជាគម្រោងស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ ក្នុងសង្កាត់មួយចំនួននៃក្រុងកំពត និងនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ គួរបញ្ជាក់ផងដែរថា គម្រោងទាំងនេះ ត្រូវបានអនុម័តដោយគណៈកម្មការរៀបចំគម្រោងខេត្តរួចមក រងចាំតែដំណើរការនីតិវិធីផ្លូវច្បាប់មួយចំនួនតែប៉ុណ្ណោះ។
អានបន្ថែមក្រុមហ៊ុនបារាំងនឹងមកជួយសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ
ក្រុមហ៊ុនបារាំង MAN PrimeServ បានចុះហត្ថលេខាយល់ព្រមផ្ដល់សេវាសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីពីរោងចក្រថាមពល ២០០ មេហ្គាវ៉ាត់នៅជាយក្រុង មកទីក្រុងភ្នំពេញ រយៈពេល៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីសប្ដាហ៍មុន។ កិច្ចសន្យានេះ ត្រូវបានចុះរវាង ក្រុមហ៊ុនបារាំង MAN PrimeServ និងក្រុមហ៊ុន O&M company SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងរោងចក្រថាមពល C7 របស់អគ្គីសនីកម្ពុជា (EDC)។ ក្រុមហ៊ុនបារាំងមួយនេះ នឹងផ្គត់ផ្គង់គ្រឿងបន្លាស់លើគម្រោងរោងចក្រថាមពលនេះ ក៏ដូចជាផ្ដល់សេវាកម្មអ្នកជំនាញ និងដំណោះស្រាយឌីជីថល ក្នុងគោលបំណងធ្វើឱ្យការផ្គត់ផ្គត់អគ្គីសនីពីរោងចក្រ មកទីក្រុងភ្នំពេញ ដំណើរដោយមិនរអាក់រអួល។ លើសពីនេះ ប្រតិបត្តិការម៉ាស៊ីនភ្លើង នឹងគ្រប់គ្រងដោយអ្នកជំនាញបច្ចេកទេស ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញមួយសប្ដាហ៍ ហើយក្រុមការងារជូនដំណឹងជាបន្ទាន់ក្នុងករណីដែលម៉ាស៊ីនដំណើរការខុសប្រក្រតី។ គួរបញ្ជាក់ផងដែរថា កាលពីខែ កញ្ញា កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä ក៏បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ផងដែរ។ (អានបន្ថែម)
អានបន្ថែមNagaCorp បោះទុន ៣៥០លានដុល្លារសាងសង់រមណីយដ្ឋាន នៅលើទឹកដីសៀមរាប
ក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូ NagaWorld នៅរាជធានីភ្នំពេញ បានបង្ហាញច្បាស់ថានឹងបង្កើតរមណីយដ្ឋានមិនមែនកាស៊ីណូលំដាប់អន្តរជាតិនៅខេត្តសៀមរាប ក្រោមទុនវិនិយោគ ៣៥០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនណាហ្គា ចេញផ្សាយកាលពីថ្មីៗនេះ ក្រុមហ៊ុននឹងបោះទុនប្រមាណ ៣៥០លានដុល្លារ សាងសង់រមណីយដ្ឋានឈ្មោះថា Angkor Lake of Wonder នៅលើផ្ទៃដីប្រមាណ ៧៥ហិកតា។ គម្រោងនេះ ស្ថិតនៅខាងត្បូងក្រៅតំបន់ហាមឃាត់នៃតំបន់ប្រាសាទអង្គរវត្ត ដោយក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនស្ថាបត្យកម្មមកពីសហរដ្ឋអាមេរិកចំនួន ២ ក្រុមហ៊ុនរួចហើយ។ យោងតាមប្រភពដដែល Angkor Lake of Wonder នឹងរួមមាន សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ អាហារដ្ឋាន និងទីកន្លែងសាធារណៈជាច្រើនទៀត។ ក្រុមហ៊ុន NagaCorp និយាយថា ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥។ លើសពីនេះ ក្រុមហ៊ុនបានឱ្យដឹងថាការអភិវឌ្ឍរមណីយដ្ឋាននេះ នឹងបម្រើដល់គោលបំណងជាច្រើន ដូចជាការជំរុញចំនួនភ្ញៀវទេសចរជាដើម។
អានបន្ថែមវីឡាលើអាកាសដំបូងបង្អស់នឹងមានវត្តមាននៅតាមដងទន្លេមេគង្គក្បែរកោះពេជ្រ ឆាប់ៗនេះ
គម្រោង MORGAN ENMAISON GOLDEN SKY ដែលជាគម្រោងវីឡាលើអាកាសលំដាប់ថ្នាក់ពិភពលោកដំបូងគេបង្អស់នៅតំបន់ដងទន្លេមេគង្គ នឹងលេចចេញរូបរាងនាពេលឆាប់ៗនេះ។ គម្រោងនេះ មានទីតាំងស្ថិតនៅជាន់ខាងលើ នៃអាគារទី១ នៃក្រុមហ៊ុន MORGAN ENMAISON ដែលមានកំពស់រហូតដល់ ២១៨ ម៉ែត្រ និងមានត្រឹមតែ ៧០ យូណីតប៉ុណ្ណោះ ពោលគឺសម្រាប់បុគ្គលដែលចង់បានគុណភាពជីវិតលំដាប់ខ្ពស់។ តំបន់អគារ GOLDEN SKY នេះ ជាវីឡា ២ជាន់ដ៏ប្រណីត មានទំហំប្រហែល ៣០០-៧៥០ ម៉ែត្រការ៉េ មានបន្ទប់គេង៣ ទៅ៧ បន្ទប់ ជាពិសេសមានទេសភាពព័ទ្ធជុំវិញដោយទន្លេមេគង្គ៣៦០ ដឺក្រេវីឡា ដោយសមស្របនឹងតម្រូវការរស់នៅ របស់អ្នកទិញផ្ទះលំដាប់ថ្នាក់ខ្ពស់ ។ គម្រោងនេះ ជាប្រភេទលំនៅដ្ឋានឆ្លាតវៃ ដែលរួមបញ្ចូលទៅដោយបច្ចេកវិជ្ជាទំនើប និងមានចំណតឧទ្ធម្ភាគចក្រ កំពង់ផែ អាងហែលទឹកលើអាកាស SKY BAR ក្លឹប បន្ទប់ទទួលភ្ញៀវមានច្រកចូលដ៏ប្រណិត ជណ្តើរយន្តឯកជន ទៅកាន់បន្ទប់ដោយ ផ្ទាល់ និងសេវាកម្មបំរើ ២៤ ម៉ោងផងដែរ។
អានបន្ថែមពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែនៅសៀមរាប នឹងធ្វើឡើងនៅចុងខែវិច្ឆិកានេះ ក្រោយពន្យារពេលមួយរយៈ
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថាការបើកដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រោយត្រូវបានពន្យាពេលកាលពីពេលថ្មីៗនេះ។ យោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំពុងពេលចុុះត្រួតពិនិត្យផ្លូវកាលពីថ្ងៃទី១៥ វិច្ឆិកា នេះ ពិធីបើកការដ្ឋាននឹងប្រព្រឹត្តទៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំបូង ការសាងសង់ផ្លូវ៣៨ខ្សែ គ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែវិច្ឆិកានេះ តែត្រូវបានលើកពេលទៅបើកការដ្ឋានដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេចជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយមន្រ្តីរូបនោះ បរទេសរូបនោះមានជំងឺកូវីដ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញា កន្លងមកនេះ។
អានបន្ថែមផ្លូវជាតិលេខ៦ ពីចំណុចព្រះរាជដំណាក់ដល់រង្វង់មូលព្រលានយន្តហោះសៀមរាបនឹងពង្រីកជា ៦គន្លង
ផ្លូវជាតិលេខ៦ នៅខេត្តសៀមចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះ នឹងត្រូវពង្រីកទៅជា ៦គន្លង នៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ នាថ្ងៃ ទី១៥ ខែវិច្ឆិកា នេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោងពង្រីកផ្លូវជាតិលេខ៦ នៅខេត្តសៀមរាបនេះ មានប្រវែងសរុប ៦គីឡូម៉ែត្រ… ទ្រូងផ្លូវកណ្តាលសងខាងនេះនឹងលុបវាចេញ ហើយពង្រីកផ្លូវឱ្យបាន ៦គន្លង ៣ទៅ ៣មក ទុកកណ្តាលទ្រូងផ្លូវ ២ម៉ែត្រ និងចិញ្ចើមសងខាង ៣ម៉ែត្រ ទៀត»។ គម្រោងមួយនេះនឹងស្ថាបនានៅពេលឆាប់ៗខាងមុខ ដោយប្រើប្រាស់រយៈពេលវេលាប្រមាណជាង១ឆ្នាំ ជាមួយថវិកាកម្ចីពីធគានាអភិវឌ្ឍអាស៊ី(ADB)។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ដោយឡែកផ្លូវចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះទៅកាន់ស្រុកក្រឡាញ់បានធ្វើការអ៊ុតកៅស៊ូប្រភេទបេតុងអាស្វាលរួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់នៅកាន់ក្រុងសិរីសោភ័ណ ក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូប្រភេទបេតុងអាស្វាលដូចគ្នា៕
អានបន្ថែមការបូមប្រេងដំណក់ដំបូងនៅកម្ពុជាអាចនឹងពន្យារពេលទៀតហើយ ដោយសារកូវីដ១៩
ក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ១១ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងតែ ខែមិថុនា ឆ្នាំ២០២០ នេះមកម្លេះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារឱ្យទៅថ្ងៃទី ៣១ តុលា។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងមិនបាននៅខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗទៀតទេ។ ហើយក្រោយមកទឿត ក៏ត្រូវបានពន្យារម្តងទៀតទៅខែមេសា ឆ្នាំ ២០២១។ ប៉ុន្តែកាលពីថ្មីៗ ក្រុមហ៊ុន KrisEnergy បានស្នើទៅរដ្ឋាភិបាលពន្យារកាលបរិច្ឆេទផុតកំណត់ម្ដងទៀតដោយអះអាងថា មេរោគកូវីដនៅតែប៉ះពាល់ខ្លាំងដល់ប្រតិបត្តិការ។ របាយដដែលក៏បានឱ្យដឹងទៀតថា បើទោះបីជារងប៉ះពាល់ដោយសារជំងឺកូវីដ១៩ ការអភិវឌ្ឍនៅតែបន្ត ដែលមានការដំឡើងស្ថានីយ៍ និងក្បាលអណ្តូងបូមប្រេងរួចរាល់នៅទីតាំងប្លុកអេ។ ការខួងអណ្តូង A-03D បានចាប់ផ្តើមកាលពីថ្ងៃទី ២៩ ខែតុលា។ ចំណែក ការខួងផ្នែកខាងលើនៃអណ្តូងផ្សេងៗទៀត កំពុងដំណើរការចោះ។ លើសពីនេះ ក្បាលបូមប្រេងឆៅ និងនាវាដឹកប្រេងឆៅ ដំឡើងនៅប្រទេសឥណ្ឌូនេស៊ី ក៏បានដឹកជញ្ជូនទៅដល់ទីតាំងស្ថានីយ៍រួចហើយដែរ […]
អានបន្ថែមរបងថ្មម៉ូតខ្មែរជំនាន់ដើមនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សាងសង់ជិតរួចរាល់ហើយ
គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែងជិត១គីឡូម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សាងសង់ជិតរួចរាល់ហើយ។ លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា គម្រោងនេះសម្រេចបាន ៧០% ហើយ ដែលគម្រោងនេះចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។ លោកក៏បានបន្តថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ។
អានបន្ថែមការដ្ឋានមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០
រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៦ ជាមណ្ឌលចត្តាឡីស័កថ្មីនៅរាជធានីភ្នំពេញ សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបរទេសស្នាក់នៅធ្វើចត្តាឡីស័ក។ គម្រោងសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ ចាប់ផ្តើមសាងសង់នៅខែកញ្ញាកន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០។ ក្រោយបើកដំណើរការ មណ្ឌលចត្តាឡីស័កថ្មីនេះ អាចទទួលមនុស្សស្នាក់រហូតដល់ ៨០០នាក់ ហើយនឹងប្រើជំនួសឧ្យមណ្ឌលចត្តាឡីស័កពេលបច្ចុប្បន្ន ដែលប្រើបន្ទប់សាលារៀនរដ្ឋ និង សណ្ឋាគារ។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលចត្ដាឡីស័កថ្មីកាលពីសប្តាហ៍មុនថា គម្រោងនេះត្រូវប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបន្តថា មណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសប៉ុណ្ណោះ ចំណែកជនបរទេស ត្រូវសម្រាកនៅតាមសណ្ឋាគារ។
អានបន្ថែម