មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត ២៣%ហើយ

មកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន២២,៩៦% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា នេះ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។ (អានបន្ថែម) មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យដ៏ធំនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតតម្លៃ៣០លានដុល្លារក្នុងខេត្តកំពង់ធំ គ្រោងបើកដំណើរការនៅខែមេសា

រោងចក្រផលិតទឹកស្អាត តម្លៃ ៣០លានដុល្លារ នៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់រួចទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខ។ នេះបើយោងតាម កិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា នេះ។ មានទីតាំងស្ថិតក្នុងស្ទឹងសែន រោងចក្រផលិតទឹកស្អាតនេះ សាងសង់នៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃជិត ៣០លានដុល្លាអាមេរិក។ យោងតាមក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៧ ៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

អាន​បន្ថែម

ស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ១៦,១៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ៥,០៨ គ.ម ។ ស្ពានទាំង៩ កន្លែងនេះ រួមមាន៖ ស្ពានទី១ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ, ស្ពានទី២ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២១ ម៉ែត្រ, ស្ពានទី៣មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, […]

អាន​បន្ថែម

កម្ពុជាស្នើ World Bank ជួយអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅបណ្តារាជធានី ខេត្តសំខាន់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល  ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយពីធនាគារពិភពលោក ដើម្បីឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ហេតុនេះ ឯកឧត្តម ក៏បានស្នើសុំការគាំទ្រពីធនាគារពិភពលោកពិចារណាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗនានា។ ជាការឆ្លើយតប លោកជំទាវ Manuela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ថានឹងពិនិត្យទៅលើសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី។ លោកជំទាវ  ក៏នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថានសាធារណការ ជាពិសេសខិតខំប្រឹងប្រែងពន្លឿនការគាំទ្រការអនុវត្តគម្រោងនានានៅកម្ពុជាឱ្យបានឆាប់រហ័ស។

អាន​បន្ថែម

កម្ពុជាស្នើ JICA បន្តគាំទ្រជំនួយបច្ចេកទេសលើគម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែរលូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ឲ្យបន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មឆ្លងកាត់ព្រំដែននៅកម្ពុជា រវាងភាគីទាំង ២ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោង ទិសដៅសកម្មភាពទៅអនាគត  និងបញ្ហាប្រឈមនានា ។ ក្នុងឱកាសនេះ ក្រសួងក៏បានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស សម្រាប់អនុវត្តន៍នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន។ ភាគីទាំង ២  ក៏បានពិភាក្សាបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនផងដែរ។

អាន​បន្ថែម

រដ្ឋកាត់ដីកោះក្រោយវត្តចំប៉ា ឱ្យឯកជនអភិវឌ្ឍ ខណៈក្រើនប្រជាជនឱ្យឈប់រំលោភដីនោះ

រដ្ឋាភិបាលបានសម្រេចកាត់ដីកោះក្រោយវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឱ្យឯកជនបង្កើតគម្រោងអភិវឌ្ឍថ្មីមួយ ខណៈក៏បានប្រកាសឱ្យប្រជាជនឈប់សាងសង់ និងទន្រ្ទានកាន់កាប់ដីកោះនោះទៀតទៅ។ តាមរយៈលិខិតលេខ ៥៦ សជណ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន ៣ អិលអិមធី អ៊ិនវេសម៉ិន ឯ.ក ធ្វើការអភិវឌ្ឍលើដីកោះក្រោយវត្តចំប៉ានេះ។ ដូច្នេះ ប្រជាជនត្រូវឈប់ទន្រ្ទានដីនោះ ហើយចំពោះជនណាដែលរឹងរូស រដ្ឋបាលខណ្ឌ នឹងចាត់វិធានក្ដៅតាមផ្លូវច្បាប់ជាធរមាន។

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង នៅខេត្តពោធិ៍សាត់ តម្លៃជិត១០លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ គម្រោងដែលបានបញ្ចប់ទាំងនោះរួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។ ដោយឡែក ខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២ នេះផងដែរ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលជាកម្ចីហិរញ្ញប្បទានពីធនាគារ ADB ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។  

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារមួយចំនួនតូចប៉ុណ្ណោះ» ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា […]

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ

គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ ក្នុងពិធីបើកការដ្ឋានបូរីតាមោកស៊ីធីលែនទំហំ ៤៤ហិកតា នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តមបន្ដថា វិស័យសំណង់នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២២ នៅតែបន្តរីកចម្រើន ទោះប្រទេសជួបវិបត្តិកូវីដជាង ២ឆ្នាំ មកហើយក្ដី។ ឯកឧត្តមបញ្ជាក់ទៀតថា ជាមួយនឹងនិន្នការវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម […]

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។ ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។ គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng […]

អាន​បន្ថែម