ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជានឹងដាក់ឈ្មោះផ្លូវ១ខ្សែជាប់មាត់សមុទ្រថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ»
ប្រទេសកម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែ នៅក្នុងខេត្តជាប់សមុទ្រមួយនៃប្រទេសកម្ពុជា ដោយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការដាក់ឈ្មោះផ្លូវនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុងខេត្តព្រះសីហនុ កោះកុង កំពត ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹងសមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ សម្តេច បញ្ជាក់ថា «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕
អានបន្ថែមស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ សម្រេចបាន ៩៣% ហើយ
គម្រោងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ បានឈានដល់ការតភ្ជាប់មុខគ្នា និងសម្រេចការសាងសង់បាន ៩៣ភាគរយហើយ គិតត្រឹមថ្ងៃ១៦ មករា ២០២៣។ នេះបើយោងតាមពិធីភ្ជាប់ស្ពាននៅថ្ងៃទី១៦ មករា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៦៤២ម៉ែត្រ ព្រមជាមួយនិងសសរទាញខ្សែកាបចំនួន ៤ទៀត មានកំពស់ ៤០ម៉ែត្រធៀបនឹងកម្រាលស្ពាន ហើយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅដើមខែមេសារ ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម) គួររម្លឹកដែរថា ស្ពានថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំផងដែរ។
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងរួមបញ្ជូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តផងដែរ។ បន្ថែមពីនេះ គម្រោងនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងតម្លៃសមរម្យនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ JICA គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ២០០៣។
អានបន្ថែមផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤០គីឡូម៉ែត្រហើយ
គិតត្រឹមខែមករា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤០គីឡូម៉ែត្រហើយ។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុន សុខាអចលនទ្រព្យ Sokha Real Estate កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)
អានបន្ថែមគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”
គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត មានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ។ លើសពីនេះ ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំ១ខេត្តសៀមរាប
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន ២០៤៦៣៧ ដុល្លារអាមេរិក សម្រាប់សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៍ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ជំនួយនេះ នឹងយកមកអនុវត្តចំពោះគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលនឹងត្រូវសាងសង់ និងតបណ្តាញចែកចាយទឹកស្អាតប្រមាណ ៨គីឡូម៉ែត្រនៅក្នុងសហគមន៍នេះ ដើម្បីប្រជាជនក្នុងតំបន់នេះ មានទឹកស្អាត និងបរិក្ខារផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈគម្រោងនេះ ប្រជាជនជាង ២៧០០នាក់ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។ គួរបញ្ជាក់ថា ជំនួយដែលបានផ្តល់នេះ ស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គិតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងចំនួន ៧០១គម្រោង នៅទូទាំងប្រទេសកម្ពុជារួចមកហើយ៕
អានបន្ថែមរដ្ឋកំពុងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ ៤
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរកវិធានការចាំបាច់មួយដើម្បីកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ ក្រុមការងារ បានពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ក្រសួងបាននឹងកំពុងជំរុញពន្លឿនលើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយជោគជ័យ។
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចុះហត្ថលេខាក្នុងខែកុម្ភៈខាងមុខនេះ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំទៀតយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជានឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច ១២ម៉ែត្រ ឬ៤គន្លង។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាប ក៏កំពុងតែសិក្សាផងដែរ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណ១៣៨គីឡូម៉ែត្រ និងគ្រោងចំណាយប្រមាណ ១.៦៣ ពាន់លានដុល្លារ ដោយផ្តើមចេញពីភ្នំពេញ ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕ (អានបន្ថែម)
អានបន្ថែមក្រសួងកំពុងសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំ១ទៀត ក្នុងក្រុងច្បារមន
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន BUCG ដើម្បីសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំមួយទៀតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងភាគីពាកព័ន្ធទាំងអស់ នៅថ្ងៃទី១០ មករា ២០២៣។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺសំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេដោយផ្ទាល់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។ នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដើម្បីបំពេញបន្ថែមព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់ការសិក្សាគម្រោងនេះឱ្យឈានទៅដល់អាចអនុវត្តបាន។ គួរបញ្ជាក់ដែរថា BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា កន្លងមកបានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក ក៏ដូចជាការផ្តល់ធនធានគ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏កំពុងតែសិក្សាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងច្បារមន […]
អានបន្ថែមក្រសួងជំរុញឱ្យជប៉ុនសិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងលឿនក្នុងទីក្រុងភ្នំពេញ
មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនជប៉ុន NIPPON KOEI សិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ (Tramway)។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សំណើរមួយនេះបានលើកឡើង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុនទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារ JICA ធ្លាប់បានសិក្សារួចកន្លងមកផងដែរ។ (អានបន្ថែម) បើតាមក្រសួងសារធារណការ បានឱ្យដឹងថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថា JTCA ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាសដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។ (អានបន្ថែម) […]
អានបន្ថែម