ផ្លូវជនបទចំនួន ៥៥ខ្សែក្នុងខេត្តបន្ទាយមានជ័យរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់

ផ្លូវជនបទចំនួន ៥៥ខ្សែ មានប្រវែង ៥៨២.២៣៦ម៉ែត្រ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយសារ​គ្រោះ​ទឹកជំ​នន់។ នេះបើតាមការបញ្ជាក់របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹក​ភ្លៀង​នៅបន្ត​លិចបាន​បណ្តាល​ឱ្យ​ផ្លូវជនបទនៅ​ក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវ​កើនឡើង​ដល់ចំនួន ៥៥ខ្សែ ប្រវែង​៥៨២.២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង ១៥១.៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង ៣០.៥៧៥ម៉ែត្រ ហូរច្រោះ​ជើងទេរប្រវែង ១២៧.៤២០ម៉ែត្រ និងលូមូល ៣កន្លែង។ លោកបានបន្ថែមថា ផ្លូវទាំង៥៥ខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅចំនួន​ ៨ខ្សែ ​​ស្រុកព្រះនេត្រព្រះចំនួន​​ ១៧ខ្សែ ស្រុកមង្គលបូរីចំនួន​ ៩ខ្សែ ស្រុកភ្នំស្រុកចំនួន ៣ខ្សែ​ ស្រុកស្វាយចេកចំនួន ៣ខ្សែ​ស្រុកថ្មពួកចំនួន ៦ខ្សែ ​ស្រុកម៉ាឡៃ​ចំនួន ២ខ្សែ ក្រុងប៉ោយប៉ែតចំនួន ១ខ្សែ និងក្រុងសិរីសោភ័ណចំនួន ៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣។ ជាមួយគ្នានេះផងដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងក្រុមការងារធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍​ត​ភ្ជាប់​ផ្លូវជនបទ​ឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រកក្នុងចំណុចភូមិសាស្ត្រ​ខេត្តបន្ទាយ​មាន​ជ័យ​។​

អាន​បន្ថែម

ពលរដ្ឋស្វាគមន៍ផែនការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាន​ទេសច​រ​ណ៍​ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខណៈពលរដ្ឋក្នុងតំបន់ក៏រីករាយស្វាគមន៍ជាមួយនឹងដំណោះស្រាយលើផែនការអភិវឌ្ឍមួយនេះផងដែរ។ នេះបើតាមការផ្សព្វផ្សាយក្នុងវេទិការសា​ធារណៈ​ជាមួយ​ពលរដ្ឋពាក់ព័ន្ធចំនួន ៣៥០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ វេទិកានេះ ធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងលក់ដូរនៅតំបន់​ទឹក​ធ្លាក់​ប្រាសាទក្រោលរមាស តំបន់ព្រះអង្គធំ និងតំបន់បេនឡានអំពីផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាន​ទេសចរណ៍​ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅទីតាំងថ្មី។ ជាមួយគ្នានេះដែរ ផែនការរៀបចំលំនៅដ្ឋាននៅជាប់ភូមិថ្មី ដែលជាភូមិឧបសម្ព័ន្ធនៃភូមិអន្លង់ធំ នៃឃុំខ្នងភ្នំ ក៏ត្រូវ​បាន​លើកមកពិភាក្សាផងដែរ។ គួរបញ្ជាក់ដែរថា ពលរដ្ឋដែលពាក់ព័ន្ធទំាងអស់ទទួលបានការយល់ដឹងពីផែនការនេះ ព្រមទាំងបានស្នើឱ្យអាជ្ញាធរ​បន្តរៀបចំវេទិកាសាធារណៈនេះតទៀត ដើម្បីផ្តល់ជា​ដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការបំពុលបរិស្ថាន ដែលអាចនឹងបង្ករផលប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងទីសក្ការៈបូជា ជាដើម។

អាន​បន្ថែម

អូស្ដា្រលីជួយកម្ពុជាកែសម្រួល និងធ្វើទំនើបកម្ម បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ

អូស្ដា្រលី បាននឹងកំពុង ជួយកម្ពុជាកែសម្រួល និងធ្វើទំនើបកម្ម បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ  និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា តាមរយៈកម្មវិធី P4I (Partners For Infrastructure) & Austroads។ សិក្ខាសាលាស្ដីនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី០៣-០៥ ខែតុលា កន្លងទៅ ដែលចូលដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងប្រតិភូ P4I។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិនិត្យ និងពិភាក្សាលើជំនួយផ្នែកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការចែករំលែកចំណេះដឹង សម្រាប់ពិនិត្យកែសម្រួល និងធ្វើបច្ចុប្បន្នភាពសៀវភៅបទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលា បានពិនិត្យពិភាក្សាលើប្រធានបទចំនួន ៥  រួមមាន៖ ១). គោលនយោបាយ នៃការអភិវឌ្ឍវិស័យផ្លូវថ្នល់ (Policy of Road Development) ២). បទដ្ឋានបច្ចេកទេសស្ថាបនាផ្លូវថ្នល់ (Pavement Design Guideline) ៣). បច្ចេកទេសនៃការធ្វើតេស្ដសម្ភារ (Testing of Materials) ៤). ការរួមបញ្ចូល ផ្នែកសមភាពយេនឌ័រ […]

អាន​បន្ថែម

ឧបនាយករដ្ឋមន្រ្តីអនុម័តបច្ចេកទេសជួលជុលផ្លូវ កំពត-វាលរិញ ហើយកំពុងពន្លឿនរកថវិកា

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៧ តុលា កន្លងមកនេះ បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរិញផ្ទាល់ ព្រមទាំងសន្យាថានឹងពន្លឿនការស្នើសុំថវិកាពីចិនឱ្យបានលឿនបំផុត  ខណៈបច្ចុប្បន្នកំពុងស្នើឱ្យក្រុមហ៊ុនចិនជួយជួលជុលជាបណ្ដោះអាសន្នសិន ក្នុងអំឡុងពេលរង់ចាំ។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុម័តបច្ចេកទេសទាំង ៣ប្រភេទ ដែលក្រុមហ៊ុនស្នើ ដើម្បីជួសជុលផ្លូវនេះឱ្យជាប់បានយូរ។ កំណាត់ ៥គីឡូម៉ែត្រ ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម នឹងប្រើបច្ចេកទេសវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះឱ្យរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត ២ផ្សេងទៀត ទៅតាមកម្រិតជម្រៅដីស្អុយរួមមាន ១) វិធីទម្លាក់សេរីទម្ងន់ ២០០តោន និង ២) វិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង។ គួរបញ្ជាក់ថា ផ្លូវកំពត-វាលរិញ ជាផ្លូវដែលជួសជុលមិនដែលជាប់បានយូរនោះទេ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ដូច្នេះរដ្ឋាភិបាល បានសម្រេចសិក្សា និងជួសជុលស៊ីជម្រៅ ដោយគ្រោងចំណាយប្រមាណជា ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួចហើយ ពេលនេះនៅរង់ចាំចម្លើយ។ […]

អាន​បន្ថែម

ឯឧ ស៊ុន ចាន់ថុល ជួបនឹងទូតកូរ៉េ ដោះស្រាយបញ្ហា និងពន្លឿនការដ្ឋានផ្លូវលេខ ២ និង ២២

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានជួបជានឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿងការអនុវត្តគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ សម្រេចបានគោលដៅ។ កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា លោកស្រី Minnie Chey នាយិកាមូលនិធិ EDCF តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ Hanshin Engineering & Construction Co., Ltd ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture។ ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែក ស្វែងរកដំណោះស្រាយរួមគ្នា […]

អាន​បន្ថែម

រដ្ឋកំពុងពន្លឿនការរៀបចំរាជធានីភ្នំពេញ ដើម្បីទទួលកម្មវិធីធំៗបីក្នុងឆ្នាំ ២០២៣

អាជ្ញាធររាជធានីភ្នំពេញ កំពុងចាប់ផ្តើមជួសជុលកែលម្អផ្លូវផេ្សងៗទូទាំងទីក្រុងភ្នំពេញ ដើម្បីត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមកិច្ចប្រជុំរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ តុលា ២០២២ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ឯកឧត្ដមអភិបាលបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។ យ៉ាងណាមិញ ថ្មីៗនេះឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានក្រើនរម្លឹកដល់ក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឱ្យចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវសម្រួលការតភ្ជាប់ភ្លាមៗនូវខ្សែផ្លូវទាំងឡាយណាដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់៕    

អាន​បន្ថែម

ក្រុងស៊ីវិល័យ តែផ្លូវសំបុកមាន់! ចៅហ្វាយខេត្តប្ដេជ្ញាដោះស្រាយរឿងនេះ តែត្រូវចាំ…

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្ដេជ្ញាថានឹងជួសជុលផ្លូវដែលខូចខាត ឬហៅថាផ្លូវសំបុកមាន់ តាមតែថវិកាអាចធ្វើបាន ក្រោយរដូវភ្លៀងចប់។ ការលើកឡើងនេះគឺ ដើម្បីឆ្លើយតបទៅបណ្ដាញសង្គមដែលបង្ហោះរូបផ្លូវជាច្រើនក្នុងក្រុងបាត់ដំបង ដែលរងការខូចខាត ព្រមពាក្យរិះគន់ថា «បាត់ដំបងក្រុងស៊ីវិល័យ តែកុំមើលផ្លូវ»។ ឯកឧត្តម សុខ លូ បានឱ្យដឹងកាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ថា នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលលុបសំបុកមាន់ ខណៈផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកា។ «ផ្លូវក្នុងក្រុងបាត់ដំបងមានចំនួន៧៦ខ្សែ(ទាំងវែង ទាំងខ្លី)ហើយ ភាគច្រើនជាផ្លូវដែលបានសាងសង់យូរហើយ។ ពេលនេះផ្លូវមួយចំនួនធំមានការខូចខាត។ ផ្លូវទាំងនោះសុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនលើកច្រើនសារមកហើយ» ឯកឧត្តមបានឱ្យដឹង។ ឯកឧត្តមបន្តថា៖ «ពេលនេះរដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលសំបុកមាន់ទាំងនេះ»។ គួរបញ្ជាក់ថា ផ្លូវមួយចំនួនក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តកូចង់ជួសជូលដែរ ប៉ុន្តែមិនអាចធ្វើកើត ព្រោះទាក់នឹងគម្រោងដែល ADB ធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ទាំងខាងកើតស្ទឹងនិងខាងលិចស្ទឹង។ ដូច្នេះរដ្ឋបាលខេត្តត្រូវរង់ចាំមួយរយ:សិន ដើម្បីកុំអោយពិបាកធ្វើពីរដង តែរដ្ឋបាលខេត្តនឹងលុបសំបុកមាន់ប្រើប្រាស់បណ្តោះអាសន្នសិន។  

អាន​បន្ថែម

បើរថយន្ត៩០០០គ្រឿងបើកលើផ្លូវល្បឿនលឿន/ថ្ងៃ ចិននឹងរកចំណូលប៉ុន្មាន? ប៉ុន្មានឆ្នាំទើបរួចដើម?

ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ បានបើកជាឱ្យសាកល្បងហើយចាប់ពីថ្ងៃទី ១ តុលា ២០២២ កន្លងទៅ នេះ ដោយអ្នកដំណើរអាចបើកបរគិតថ្លៃបានរយៈពេល ១ ខែ។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងថ្ងៃដំបូងនេះ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ បើជាមធ្យមក្នុង១ ថ្ងៃ មានរថយន្តប្រមាណ ៩០០០ គ្រឿងបើកបរលើផ្លូវល្បឿនលឿន ក្រោយផុតរយៈពេលបើកឥតគិតថ្លៃ ក្រុមហ៊ុនចិននឹងប្រមូលចំណូលបានប្រមាណជាង ១០ ម៉ឺនដុល្លារ ក្នុង១ ថ្ងៃ។ បើវិភាគងាយៗ បើតួលេខមធ្យមស្ថិតក្នុងកម្រិតនេះ ១ ឆ្នាំក្រុមហ៊ុននឹងរកចំណូលបាន ជាង៣៩ លានដុល្លារ ដូច្នេះក្រុមហ៊ុនចិនត្រូវការពេលជាង ៥០ ឆ្នាំ ទើប អាចប្រមូលដើមទុនវិញបាន ២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ក្នុងថ្ងៃដំបូងនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេសដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ។ […]

អាន​បន្ថែម

ស្ថានីយ៍បូមទឹកដ៏ធំមួយក្នុងខណ្ឌឫស្សីកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ

ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយ៍បូមទឹកថ្មីនេះ មានសមត្ថភាពបូមទឹកបាន ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី បំពាក់ដោយម៉ូទ័រទំហំអង្កត់ផ្ចឹត១ម ចំនួន២គ្រឿង និងអង្កត់ផ្ចឹត០.៨ម ចំនួន ២គ្រឿង។ យ៉ាងណាក៏ដោយ នៅមិនទាន់បានបញ្ជាក់ពីទំហំថវិកាវិនិយោគ និងរយៈពេលសាងសង់ស្ថានីយ៍បូមទឹកថ្មីនោះទេ។ ប៉ុន្តែបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកថ្មីនេះ នឹងជួយដោះស្រាយបញ្ហាទឹកលិច នៅក្នុងសង្កាត់ទួលសង្កែទី១  សង្កាត់ទួលសង្កែទី២ សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាន់តែល្អប្រសើរជាងមុន៕

អាន​បន្ថែម

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីពន្លឿនគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា គម្រោងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ។​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់តាំងជាប្រធាននៃគណៈកម្មការអន្ដរក្រសួង។ នេះបើយោងតាមសេចក្តីសម្រេចដែលចុះហត្ថេលេខាដោយ សម្តេចតេជោ ហ៊ុន សែន។​ មន្ត្រីជាន់ខ្ពស់ ពីក្រសួងពាក់ព័ន្ធចំនួន ១៨រូបផ្សេងទៀត ដែលក្នុងនោះត្រូវបានចាត់តាំងជាអនុប្រធានចំនួន ៣រូប និងសមាជិក ចំនួន ១៥រូប។​ គណៈកម្មការអន្ដរក្រសួងនេះ មានភារកិច្ច ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននេះឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត។​ បន្ថែមពីលើនេះ គណៈកម្មការនេះ ត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី៕ (អានបន្ថែម)

អាន​បន្ថែម