កម្ពុជា-ជប៉ុន ជំរុញសហប្រតិបត្តិការរួមគ្នាដើម្បីពង្រឹងជំនាញវិស្វករក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបមួយជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណាលទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យបានច្រើន សំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro បានវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា។

អាន​បន្ថែម

កម្ពុជាបានតំណែងជាម្ចាស់ផ្ទះ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គលើកទី២៥

វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលតំណាងប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ ពិភាក្សាលើការធ្វើចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន ការអភិវឌ្ឍផ្លូវដែក និងការកែលម្អវិស័យព័ស្តុភាកម្ម។ វេទិកានេះ​ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍សរុបចំនួន ១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ -កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ទ។ កិច្ចប្រជុំ STF-25 នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់ GMS។ ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខណ្ឌវិនិយោគក្នុងតំបន់ GMS គិតត្រឹមឆ្នាំ២០២២ ដែលតួលេខនេះស្មើនឹង ៧៨គម្រោង ដែលមានទុនវិនិយោគ សរុប ៦៥,៨ ពាន់លានដុល្លារ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព […]

អាន​បន្ថែម

បារាំងបានជួយស្តារព្រែកចំនួន ១៥ នៅខេត្តកណ្តាល និងសង់ប្រព័ន្ធធារាសាស្ត្រធំៗជាច្រើន

តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា បារាំងបានជួយកែលម្អ និងជួសជុលស្តារឡើងវិញ​នូវ​ព្រែក​បានចប់ជាស្ថាពរ ចំនួន១៥ ក្នុងខេត្តកណ្តាល និងបានសាងសង់ប្រព័ន្ធធារាសាស្រ្តធំៗ​ក្នុងខេត្តមួយ​ចំនួន​ទៀត​ចាប់ពី​ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ។ នេះបើតាមការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Sandrine Boucher ​នាយិកា​ថ្មី​របស់ AFD កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ក្រោមគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ របស់ AFD ​ក្រុមការងារ​គម្រោង បានសាងសង់​ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបង​សម្រេច​បាន​ប្រមា​ណ ៣០% និង​សាង​សង់​​ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ សម្រេចបាន១១%។ ជាមួយគ្នានេះ​ កិច្ចសន្យាចំនួន៣ នៃអនុគម្រោងខាងលើ ត្រូវបានដេញថ្លៃរួចរាល់ និងកំពុងបន្ត​កិច្ចដំណើរ​ការចុះ​ហត្ថលេខា ហើយ ៦អនុគម្រោងដទៃទៀត កំពុងដំណើរការដេញថ្លៃនៅឡើយ។ ក្នុងជំនួបនេះផងដែរ លោកស្រី Sandrine Boucher នាយិកាថ្មីរបស់ AFD ដោយត្រូវជំនួសលោកស្រី Ophile BOURHIS […]

អាន​បន្ថែម

រដ្ឋាភិបាល​ដកថវិកាជិត ១៧០លានដុល្លារ ប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី១

ក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ ពីឥណទានសម្បទាន​ ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៥២៩,៧៩លានដុល្លារ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។​ យោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៩​ ខែមិថុនា ឥណទានសម្បទាន បានមកពីក្របខណ្ឌទ្វេភាគី មានប្រមាណ ៤៧ភាគរយ និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។​ របាយការណ៍បង្ហាញទៀតថា ថិវកាប្រមាណ ១៦៩,៥៣លានដុល្លារ ឬស្មើនឹង ៣២ភាគរយ នៃឥណទានសម្បទាន ត្រូវបានយកទៅប្រើប្រាស់​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។​ ថវិកាប្រមាណ ៦៣ភាគរយ ឬស្នើនឹង ៣៦០,២៦លានដុល្លារ ត្រូវបាន​ប្រើសម្រាប់វិស័យអាទិភាពផ្សេងទៀត។​ ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ មានកំណើនប្រមាណ ២១ភាគរយ។

អាន​បន្ថែម

ក្រសួង ពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ដែលគម្រោងនេះ ស្ថិតនៅក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ។ កិច្ចពិភាក្សានេះ​ធ្វើឡើងថ្ងៃទី៩ ខែមិថុនា ក្រោមវត្តមាន របស់ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះ មានរចូលរួមពីថ្នាក់ដឹកនាំ  និងសមាជិកក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេស ការដោះស្រាយបញ្ហាប្រឈមនានាក្នុងគម្រោងដែលកំពុងជួបប្រទះទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយបូមទឹក ការសាងសង់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកនៅតំបន់ដែលមានទឹកជំនន់ ដើម្បីពន្លឿនការអនុវត្តការងារឱ្យបានទាន់ពេលវេលា៕

អាន​បន្ថែម

កម្ពុជា និងJICA កំពុងជំរុញការអនុវត្តន៍គម្រោងការពារទឹកជំនន់នៅខេត្តកណ្តាល

ក្រុមការងារអង្គការ JICA ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកណ្តាល ស្តីពីគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីសម្រួលការរៀបចំប្រព័ន្ធប្រឡាយលូតភ្ជាប់ពីរាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមិថុនា រវាង ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងក្រុមការងារអង្គការ JICA នៅរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងនូវការគាំទ្រលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញរបស់អង្គការ JICA ពីព្រោះ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គឺជាអ្នកដែលរងផលប៉ះពាល់ជនលិចដូចគ្នា នៅពេលដែលមានទឹកជំនន់ និងភ្លៀងធំៗធ្លាក់មកម្តងៗ។ ឯកឧត្តម បញ្ជាក់ថា គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបញ្ចៀសនូវការជនលិចផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ឯកឧត្តមបានជំរុញដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអង្គការ JICA ជាប់ជាប្រចាំ ជាពិសេសត្រូវផ្តល់នូវរាល់ទិន្នន័យផ្សេងៗ ដែលក្រុមការងារចង់បាន សំដៅជួយធ្វើឱ្យគម្រោងខាងលើទទួលបានលទ្ធផលល្អ។ សូមជម្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមសិក្សាគម្រោង JICA បាននិងកំពុងសិក្សាពិនិត្យ ពីលទ្ធភាពក្នុងការអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញឱ្យកាន់តែទូលំទូលាយ និងមានភាពប្រសើរឡើង។ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនពន្យាពេលដាក់សាកល្បងដល់ខែកញ្ញា​ ខណៈការសាងសង់សម្រេចបាន៩៣%

គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានពន្យារពេលដាក់សាកល្បងពី កក្កដា ដល់ខែកញ្ញា ២០២២ ខណៈការសាងសង់សម្រេចបាន ៩៣ភាគរយ ​ហើយ គិតត្រឹមសប្តាហ៍ទី១ ខែមិថុនា នេះ។ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងស្នើឱ្យក្រុមហ៊ុនសាងសង់ពន្លឿនដល់ការងារសាងសង់ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងដាក់សាកល្បងនៅពេលខាងមុខ សម្រេចតាមផែនការ នេះបើតាមឯកឧត្តម យិន ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួងសាធារការនិងដឹកជូន ឆ្លើយទៅកិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍បាយ័ន នៅថ្ងៃទី៧ ខែមិថុនា។​ ឯកឧត្តមបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿននេះ នឹងអាចធ្វើឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​ ដោយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងរៀបចំបំពាក់ភ្លើងសញ្ញា និងគំនូសចរាចរណ៍ ស្ថានីយបង់ថ្លៃផ្លូវ ជាដើម។ គួរបញ្ជាក់ថា ចំណាយទឹកប្រាក់សាងសង់ផ្លូវល្បឿនលឿននេះប្រមាណ ២ប៊ីលានដុល្លារ មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Engineering។​ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការនៃធនាគារពិភពលោក (World Bank) កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសិក្សាសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP)។ លោក ចៅ សុភៈភិបាល នាយកគម្រោងផ្នែកទី២ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញពីលទ្ធផលបឋមនៃការសិក្សា និងសំណើក្នុងការកែលម្អសេវាអនាម័យក្នុងក្រុង និងទទួលយកមតិយោបល់ត្រឡប់មកវិញដើម្បីធ្វើការកែតម្រូវចុងក្រោយពីភាគីពាក់ព័ន្ធសំខាន់ៗ។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP) គឺស្ថិតក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក សិក្សាដោយអង្គការ GRET ជាទីប្រឹក្សាមួយដែលកំពុងអនុវត្តការសិក្សាលើសេវាគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងក្រុងសៀមរាប និងជាផ្នែកមួយគាំទ្រដល់ផែ្នកទី ២ នៃគម្រោងផ្តួចផ្តើមការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវាកម្មគ្រប់គ្រងភក់បង្គន់។ តាមរយៈគម្រោងនេះ ភាគីពាក់ព័ន្ធ នឹងធ្វើការសិក្សាលើគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១. សិក្សាលើស្ថានភាពបច្ចុប្បន្ននៃការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មគ្រប់គ្រងភក់បង្គន់នៅក្រុងសៀមរាប។ ២. ធ្វើបច្ចុប្បន្នភាពដ្យាក្រាមរំហូរភក់បង្គន់ (SFD) និងប៉ាន់ប្រមាណតម្រូវការនៃសេវាគ្រប់គ្រងភក់បង្គន់ ។ ៣. រៀបចំផែនការអនុវត្ត និងការកសាងសមត្ថភាពសម្រាប់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប (SR-SWTPU) […]

អាន​បន្ថែម

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុសង់បាន ៥០ភាគរយហើយ

គិតមកទល់ពេលនេះ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសាងសង់​សម្រេច​បាន ៥០ភាគរយហើយ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២។​ ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។ រីឯដំណាក់កាលទី២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ នៅថ្ងៃទី ១៧  ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវចំណាយអស់ ២០លានដុល្លារអាមេរិក និងមានសមត្ថភាព​ចម្រោះ​ទឹកកខ្វក់ ក្នុង បរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម)        

អាន​បន្ថែម

អាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។​ នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។ ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ដោយប្រមុខរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងដែលថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។ ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និងគម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា។ (អានបន្ថែម)

អាន​បន្ថែម