ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ នៅភាគខាងលិច និងខាងជើងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២។ ពិធីសម្ពោធកំណាត់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេស ពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជារថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ឯកឧត្តម មិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឱ្យបានសមស្រប កុំដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ដែលធ្វើឱ្យខូចផ្លូវប្រើប្រាស់មិនបានយូរអង្វែង។ ផ្លូវមួយខ្សែនេះ មានប្រវែង ៦ ៤៩០ ម៉ែត្រ ទទឹង១២ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ […]
អានបន្ថែមគម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា។ ដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ ៩,២ម៉ែត្ រចេញចូលនៅទីនេះបានប៉ុណ្ណោះ ។
អានបន្ថែមសម្តេចតេជោ៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។ ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ផ្លូវបី-បួនពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ បើសិនជាយើងខ្ញុំមិនមានថវិកាពីចិនទេ តើយើងបានអ្វីពិតប្រាកដ។ នៅមានការវិនិយោគលើផ្លូវល្បឿនលឿន និងការវិនិយោគដទៃទៀត-វារីអគ្គិសនី បើយើងខ្ញុំមិនមានការវិនិយោគពីចិនទេ តើយើងបានអគ្គិសនីមកពីណាប្រើប្រាស់”។ តបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងៗទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។
អានបន្ថែមក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីការដោះស្រាយផលប៉ះពាល់ទៅលើទីតាំងគ្រោងសាងសង់ស្ថានីយបូមចំនួន ៤កន្លែង ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ ស្ថានីយបូមទឹកទី១ មានទីតាំងស្ថិតនៅសង្កាត់តាខ្មៅ ស្ថានីយបូមទី២ ស្ថិតក្នុងសង្កាត់តាក្តុល ស្ថានីយបូមទី៣ និងស្ថានីយបូមទឹកទី៤ ស្ថិតនៅក្នុង សង្កាត់កំពង់សំណាញ់៕ (អានបន្ថែម)
អានបន្ថែមធនាគារពិភពលោកផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជាសង់ផ្លូវជនបទ និងការពារគ្រោះធម្មជាតិ
ធនាគារពិភពលោក បានអនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែឧសភា។ នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្តគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន ២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុផងដែរ។ មួយវិញទៀត មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។ ក្រៅពីនេះ ប្រជាជនចំនួនប្រហែល ៥,៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយនឹងការប្តេជ្ញាចិត្តមោះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះនឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរដល់ប្រជាជនងាយរងគ្រោះពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន”។
អានបន្ថែមគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត ៧៤% ហើយ
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៣,៧០% ហើយ បើគិតត្រឹមថ្ងៃទី ២៥ ខែឧសភា នេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែឧសភា។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣ ដែលសម្រេចបាន ៧៣,៧០%នេះ គឺជាផ្លូវក្រវាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង ៥៣គម ទទឹង ២២ម ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ជាប្រភេទផ្លូវបេតុងអារមេ៉ កម្រាស់ ២២សម។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ ផ្លូវក្រវាត់ក្រុងទី៣ មួយខ្សែនេះមានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. […]
អានបន្ថែមក្រសួងសាធារណការ ពិភាក្សាលើការលម្អប្រព័ន្ធព័ស្តុភារកម្ម
កម្ពុជា-ជប៉ុន (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា លើ ៦ចំណុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគម្រោងកែលម្អប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា សំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលដែលបានរំពឹង។ ក្នុងថ្ងៃដដែល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យព័ស្តុភារកម្ម និងទិន្នន័យព័ស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម (វគ្គ២)។ សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសហប្រតិបត្តិការបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិ និងអន្តរជាតិ ផ្នែកព័ស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ […]
អានបន្ថែមខេត្តព្រះសីហនុស្តារប្រព័ន្ធអូរប្រឡាយជាង ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអភិវឌ្ឍន៍និងស្តារប្រព័ន្ធអូរប្រឡាយជាង២៧គីឡូម៉ែត្រក្នុងខេត្ត ដើម្បីបញ្ចៀសការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយបានប្រែក្លាយខេត្តនេះកាន់តែមានសោភ័ណភាព និងអនាម័យបរិស្ថាន។ លោក បូរី វង្សសានិត ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុតែងទទួលរងនូវជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយសារតែមានការកើនឡើងយ៉ាងគំហុកនៃការវិនិយោគ បានធ្វើឱ្យមានការកកស្ទះនូវសំរាមជាច្រើនតាមប្រព័ន្ធលូមួយចំនួនក្នុងខេត្តដែលបង្កជាបញ្ហាលំបាកដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជានៅថ្ងៃទី២៤ ខែឧសភា។ លោកបន្តថា អាជ្ញាធរចាប់ផ្ដើមស្ដារអូរប្រឡាយ ដែលមានចំនួន៥ខ្សែ ប្រវែងសរុប ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសការលិចលង់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ជាលទ្ធផល កាលពីឆ្នាំមុនក៏មានភ្លៀងធ្លាក់ច្រើន ប៉ុន្តែការលិចលង់ត្រូវបានកាត់បន្ថយដោយនៅសល់តែរយៈពេលតិចក៏ហូរច្រោះទៅអស់ នៅពេលដែលរាំងភ្លៀងបន្តិច គឺទឹកចាប់ផ្ដើមហូរទៅអស់ដូចគ្នាដែរ ។ លោក បូរី វង្សសានិត ថ្លែងថា៖ “មកដល់បច្ចុប្បន្ននេះ គឺមិនមានករណីដូចកាលពីប៉ុន្មានឆ្នាំមុនៗកើតឡើងទៀតទេ ដោយសារតែយើងបានអភិវឌ្ឍរួចរាល់ »។
អានបន្ថែមក្រសួងសាធារណការ និង World Bank ពិភាក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាតនៅកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងឯកឧត្តមរដ្ឋមន្ត្រីស្តីទី តូច ចាន់កុសល និងលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ អង្គប្រជុំ ក៏បានពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ (PPLC)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ធនាគារពិភពលោកបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត សំដៅលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់ តែប្រសើរឡើង៕
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញបើកការដ្ឋានសាងសង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ស្តង់ដារបច្ចេកទេស ដែលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់វិស័យកសិកម្មក្នុងស្រុក។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ឧសភា នេះ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងចូលរួមកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ និងការពង្រីកទីក្រុង ។ ឯកឧត្តម ឃួង ស្រេង លើកឡើងថា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ។ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើឱ្យអោយប៉ះពាល់បរិស្ថាន។ កសាងលើលើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល គម្រោងនេះ ស្ថិតនៅក្រោមគម្រោងហិរញ្ញប្បទានរបស់សមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។
អានបន្ថែម