ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
អាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២
អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉ៅសេទុងលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលបង្កដល់ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង។ ដោយឡែក ផ្លូវជាតិលេខ២១ វិញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះកាត់សំយ៉ាបដែលលយមកលើផ្លូវសាធារណៈ ព្រមទាំងកាយដី ឬបេតុង ដែលបានចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អាណាធិបតេយ្យតាមបណ្តោយចិញ្ចើមផ្លូវ។ អាជ្ញាធរ ក៏តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវថយចូលចំនួន ៣ម៉ែត្រ សងខាង ពីផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរនឹងជូនដំណឹងបន្ថែម ប្រសិនរដ្ឋមានតម្រូវបន្ថែម។
អានបន្ថែមក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។ បើតាមការប្រកាសរបស់ក្រុមហ៊ុន CAIC កាលពីដើមឆ្នាំ ផ្លូវតភ្ជាប់ព្រលានទៅ ផ្លូវ៦០ម៉ែត្រ នេះ កំពុងសិក្សា និងអនុវត្តដោយក្រុមហ៊ុន CHIC ដែលរួមមាន ផ្លូវប្រវែង ១១,៧គ.ម និងស្ពានបេតុង ២ ឆ្លងកាត់ស្ទឹងព្រែកត្នោត។ ផ្លូវនេះ នឹងជួយសម្រួលការធ្វើដំណើរទៅព្រលានយន្តហោះឱ្យងាយស្រួលជាងមុន។ ជាក់ស្ដែង ក្រុមហ៊ុន OCIC ក៏ធ្លាប់បង្ហាញផែនការចង់ធ្វើផ្លូវល្បឿនលឿនលើអាកាសភ្ជាប់ពីភ្នំពេញទៅព្រលានថ្មីនេះផងដែរ ដោយមាន ២កំណាត់ គឺកំណាត់ផ្លូវ៦០ម៉ែត្រដល់ផ្លូវជាតិលេខ ២ ប្រវែង១០គម និងកំណាត់ផ្លូវជាតិលេខ ២ ដល់ព្រលាន ប្រវែង១១គម។ (អានបន្ថែម) ប៉ុន្តែបើយោងតាមឯកឧត្តម ស៊ិន […]
អានបន្ថែមអគាររដ្ឋបាលខេត្តព្រះសីហនុថ្មី តម្លៃជាង៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅលើទីតាំងចាស់ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងដោយយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ អគារនេះ គ្រោងនឹងប្រើពេលសាងសង់ ១៨ខែ ដោយនឹងថវិកាប្រមាណជាង៣លានដុល្លារ។ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារអគារចាស់មានទំហំតូច និងចាស់ទ្រុឌទ្រោម ដែលមិនអាចបំពេញតម្រូវការស្ថានភាពការងារនាពេលបច្ចុប្បន្នបាន។ អគារថ្មីនេះ នឹងជួយឲ្យងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន
រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។ ដោយឡែក ការសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច នឹងអនុវត្ត នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ ខណៈការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗឲ្យកាន់តែប្រសើរឡើង។ គួររំឭកដែរថា តាមរយៈគម្រោង KUSANONE នេះដែរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ថវិកាសរុបជាង ៥២ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាន និងប្រព័ន្ធធារាសាស្រ្តក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តកណ្តាល ក្រចេះ និងខេត្តបន្ទាយមានជ័យផងដែរ៕ (អានបន្ថែម)
អានបន្ថែមក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំង ២ ផ្តោតជាសំខាន់លើការរិះរកវិធី និងរបៀបរបបបំពេញការងាររួមគ្នា ទាក់ទងនឹងការបំពាក់ សម្ភារៈ ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិរវាងក្រសួងជាមួយ UNDP ក្រុមហ៊ុនវិនិយោគឯកជន និងស្ថានីយប្រេងនានា ដើម្បីបង្កើតស្ថានីយសាករថយន្តអគ្គិសនី ចំនួន១៥ ទីតាំង ផងដែរ។ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិចំនួន ៣ ខ្សែ គ្រោងបើកដ្ឋានពង្រីក និងពង្រឹងគុណភាពក្នុងឆ្នាំនេះ ក្រោមជំនួយរបស់ចិន
ស្ថានទូតចិនប្រចាំប្រទេសកម្ពូជា បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន ៣ ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ថ្លែងថា៖ «ផ្លូវជាតិលេខ ៣១ ៣៣ និង៤១ ដែលភាគីកម្ពុជា បានយកចិត្តទុកដាក់ ក៏មានសង្ឃឹមអាចបើកការដ្ឋាន ជាផ្លូវការនៅឆ្នាំនេះ»។ ទន្ទឹមនឹងនេះ ឯកឧត្តម Wang Wentian បញ្ជាក់បន្ថែមថា ភាគីចិន ក៏កំពុងពិចារណា កែលម្អកំណាត់ផ្លូវរវាងខេត្តកំពត ដល់វាលរិញ និងខេត្តព្រះសីហនុផងដែរ។
អានបន្ថែមសម្តេចរើសយកទីតាំងសង់ស្ពានអរិយក្សត្រហើយ ភ្ជាប់ចំណុចផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ
រដ្ឋាភិបាលបានជ្រើសរើសទីតាំងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េរួចហើយ ដែលចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងបន្តទៅតំបន់អរិយក្សត្រ ដោយនឹងមានស្ពានសរុប ២ កន្លែង។ ការសម្រេចចិត្តនេះ គឺមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ ប៉ុន្តែត្រូវបានធ្វើឡើងដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីកូរ៉េបញ្ចប់ការសិក្សា ហើយស្នើជម្រើសទីតាំង ២។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ (អានបន្ថែម) ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២ ខែមីនា នេះថា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតសាងសង់ស្ពានលើទីតាំងទី ២ (ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ) តាមរយៈសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា មិនអាចបញ្ជាក់ អំពីពេលវេលានៃការសាងសង់លើគម្រោងនេះនៅឡើយទេ។
អានបន្ថែមផ្លូវថ្មីប្របឆ្នេរសមុទ្រកែប បើកការដ្ឋានហើយ គ្រោងបញ្ចប់ឆ្នាំ២០២៣ ព្រមនឹងគម្រោងធំៗ ២ ទៀត
ផ្លូវបេតុងប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី០១ ខែមីនា កន្លងទៅ ក្រោមវត្តមានរបស់អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់កំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ផ្លូវជាតិលេខ១៣៣២ នៅស្រុកដំណាក់ចង្អើរ។ ការដ្ឋានធ្វើឡើងដោយប្រើថវិកា ១០លានដុល្លារ និងរយៈពេលសងសង់ ២២ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ ២០២៣។ គម្រោងនេះជាផ្នែកមួយនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែបជំហានទី២ ក្រោមជំនួយADB ដោយមានទាំងអស់ ៣ គម្រោងធំៗ រួមមាន ១) គម្រោងផ្លូវ ១២គម នេះ ២) ទីលានកប់សម្រាម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជុំវិញ ៣,៥គម និង ៣) ផែទេសចរណ៍នៅកោះទន្សាយ។ (អានបន្ថែម និងបន្ថែម) គម្រោងទាំង ៣ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ដំណាលៗគ្នា។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងធ្វើការងារអភិវឌ្ឍផ្សេងទៀត ដូចជា ការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត និងការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាងជាដើម។ […]
អានបន្ថែមរដ្ឋចំណាយថវិកាប្រមាណ ៦០លានដុល្លារ ដោះស្រាយផលប៉ះពាល់គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣
គិតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៦០លានដុល្លារ ហើយដើម្បីដោះស្រាយប៉ះពាល់គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣ ខណៈការសាងសង់នឹងបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ ដោយសារតែបញ្ហាដោះស្រាយផលប៉ះពាល់នេះ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបានទម្លាក់ថវិកា ៣២ដង រួចមកហើយ ម្ដងប្រមាណ ២លានដុល្លារ សម្រាប់យកទៅដោះស្រាយផលប៉ះពាល់នានានៃគម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣។ គម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងទី ៣ គ្រោងចំណាយថវិកាសាងសង់ ២៧៣ លានដុល្លារ ដែលជាហិរញ្ញប្បទានពីប្រទេសចិន ចំណែកថវិកាដោះស្រាយសំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ការងារដោះមីន និងសម្រួលពន្ធនាំចូលសម្ភារៈសាងសង់ជាបន្ទុករបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុនសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហាដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ (អានបន្ថែម)
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៣
រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាសរុបជាង ៥២ ម៉ឺនដុល្លារអាមេរិក តាមរយៈគម្រោង KUSANONE សម្រាប់សាងសង់ស្ពាននៅខេត្តកណ្តាល និងក្រចេះ និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ រវាងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអ្នកទទួលទាំង ៣ គម្រោង។ គម្រោងទី១ គឺសម្រាប់ការសាងសង់ស្ពានបេតុងមួយខ្សែ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដែលមានតម្លៃជាង ១២ ម៉ឺនដុល្លារ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧ ០០០ នាក់។ គម្រោងទី២ សាងសង់ស្ពាននៅ ស្រុកចិត្របុរី ខេត្តក្រចេះ មានតម្លៃជាង ១៣ម៉ឺនដុល្លារ ដើម្បីជួយសម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង ៣០០០ នាក់។ គម្រោងទី៣ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ ទៀន កាំ ក្នុងខេត្តបន្ទាយមានជ័យដែលមានតម្លៃ២៦ម៉ឺនដុល្លារ។ គម្រោងនេះរំពឹងថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សជាង ៤៤ ០០០នាក់ ប្រសើរឡើង។ គម្រោង KUSANONE បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ […]
អានបន្ថែម