រដ្ឋកំពុងស្វែងរកថវិកាសម្រាប់គម្រោងសាងសង់ផ្លូវថ្មីឆ្លងទន្លេ ភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១

ប្រមុខរាជរដ្ឋាភិបាលកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវតភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដើម្បីសម្រួលការដំណើររបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ។ (អានបន្ថែម) សម្តចមានប្រសាសន៍ថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១១ មានប្រវែងសរុបជិត៣០គីឡូម៉ែត្រ។ ហើយបើតាមការប៉ាន់ស្មាន គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកា ប្រមាណ៧០លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើយើងតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី ៣ នៅស្រុកល្វាឯមមកកាន់ព្រៃវែង វាមានចម្ងាញមិនដល់ ៣០គីឡូម៉ែត្រទេ ដែលវាកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវរកថវិកាដើម្បីធ្វើ»។ សម្ដេចបញ្ជាក់ទៀតថា ជាក់ស្ដែង រដ្ឋគ្រោងនឹងសង់ផ្លូវនេះដោយប្រើថវិកាជាតិផ្ទាល់ តែដោយសារកូវីដបានស្រូបថវិកាជាតិអស់ជាង ២៣០០ លានដុល្លារ ទើបមិនអាចសាងសង់បាន។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនបោះបង់ចោលនូវគម្រោងការនេះទេ។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ១១ តម្លៃជិត១០០ លានដុល្លារ ជាផ្លូវការ

ផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ១០០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះ មានប្រវែងសរុប ៩៦គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ខ្សែផ្លូវនេះ មានផ្លូវជាតិប្រវែង ៩៦គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែងប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១,៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,៨០គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៤៤ខែ។ ប៉ុន្តែការសាងសង់ជាក់ស្តែងត្រឹមតែ ៣០ខែប៉ុណ្ណោះ […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបាន ៥៤% ហើយ

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបងទៅកោះកុង ប្រវែងជាង ១៩៨គ.ម សម្រេច បាន ៥៤,៨៩% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ៣ ធ្នូ នេះ។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ប្រទេសចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។ គម្រោងនេះរួមមានការសាងសង់ស្ពានចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ។ គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងសាងសង់ដោយទុន ១៨៨,៣៨ លានដុល្លារ ដែលជាកម្ចីពីចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន […]

អាន​បន្ថែម

ស្ពានអាកាសចោមចៅសម្រេចបាន៩០% និងគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ

ការសាងសង់ស្ពានអាកាសចោមចៅ សម្រេចបាន ៩០% បើគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅខែមីនាឆ្នាំក្រោយ។ លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជរធានីភ្នំពេញ បានឱ្យដឹងថា ការងារសាងសង់ កំពុងបន្តដើម្បីបញ្ចប់គម្រោង ១០%ទៀត ដែលនៅសល់ ឱ្យចប់តាមផែនការនៅ ខែមីនា ឆ្នាំក្រោយ។ បច្ចុប្បន្ន ក្រុមការងារកំពុងពន្លឿនការងារសាងសង់ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្លូវក្រោមដី បានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន សម្រាប់សម្រួលចរាចរណ៍។ លោក សាំង ពិសិដ្ឋ បញ្ជាក់ថា ទោះបញ្ចប់ខែមីនាឆ្នាំក្រោយក្ដី កាលបរិច្ឆេទនៃការដាក់សម្ពោធនៅមិនទាន់កំណត់នៅឡើយទេ។ ស្ពានអាកាសចោមចៅនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ហើយនឹងចំណាយពេលសាងសង់រយៈពេល៣០ខែ។ (អានបន្ថែម)

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវថ្មីភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០% ហើយ

បើគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានប្រមាណ ៣០,៣៧ % ហើយ។ នេះបើតាមដំណើរចុះពិនិត្យរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងពិនិត្យ និងពន្លឿនការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនការ ទិសដៅសម្រួលដល់ ការដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្មនៃប្រទេសទាំង២ ឱ្យបានឆាប់ៗខាងមុខនេះ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម) គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM […]

អាន​បន្ថែម

ផ្លូវលេខ១៤៨ ពីស្ទឹងហាវដល់កំពង់ផែក្រុងព្រះសីហនុ សាងសង់បានជាង ៤០%ហើយ

ការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង ១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៤០,៨៩% ហើយ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិនិត្យការដ្ឋានកាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង ខណៈវឌ្ឍនភាពការងារ ៤០,៨៩% នេះ គឺលឿនជាងផែនការប្រមាណ ១,៥៥%។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ ទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណា ធ្វើម្តងឱ្យហើយ កុំធ្វើម្តងហើយម្តងទៀត ដែលនាំឱ្យខាតបង់ពេលវេលា និងថវិកា។ គួរបញ្ជាក់ថា កំណាត់ផ្លូវនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ដោយនឹងសាងសង់ចំនួន ២៨ខែ។ កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញនាំចូលតាមនាវា កសិផល និងជលផលរបស់ពលរដ្ឋ កាន់តែងាយស្រួល ចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

អាន​បន្ថែម

សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សរុបជាង៣០០លានដុល្លារ ត្រូវដាក់ប្រើប្រាស់ក្រោមវត្តមានសម្តេចតេជោ

សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុតម្លៃសាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋផ្ទាល់ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរដ្ឋាភិបាលមានគោលបំណងកែប្រែឱ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ជាដើម។ សមិទ្ធផលសំខាន់ៗក្នុងក្រុងព្រះសីហនុ ដែលត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះរួមមាន៖ ផ្លូវចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ និងសមិទ្ធផលនានាផ្សេងទៀត។ សម្តេចបានបញ្ជាក់ថា ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ។ សម្ដេចក៏បានប្រកាសទៀតថា ខ្មែរនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដោយថវិកា និងស្នាដៃខ្លួនឯងផ្ទាល់ ដោយនឹងពឹងបរទេស ឬដៃគូអភិវឌ្ឍឱ្យតិចតួចបំផុត បើអាចទៅរួច ព្រោះសម្ដេចថា «ខ្មែរអាចធ្វើបាន»។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេច៧០% ហើយ គ្រោងបើកឱ្យជិះឥតគិតថ្លៃឆ្នាំក្រោយ

គិតត្រឹមខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះថា ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ ២០២២ វិញ។ ថ្មីៗនេះ ក្រុមហ៊ុនចិន ក៏បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះកំពុងឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ។ (អានបន្ថែម) កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ ឆ្លងកាត់ទទឹងទឹកជ្រោះក្បាលឆាយ ក៏លេញរូបរាងហើយដែរ។ (អានបន្ថែម) បើយោងប្រភពដដែល ក្រសួងកំពុងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីបើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ ក្នុងរយៈពេលដំបូងសិន ក្រោយផ្លូវនេះសាងសង់រួច។ ហើយបន្ទាប់មក គឺនឹងសុំឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប ពោលគឺក្រោម១០សេន ក្នុង១គម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ […]

អាន​បន្ថែម

បារាំងចង់ជួយបង្កើតប្រព័ន្ធរំដោះទឹកបែបទំនើបនៅក្រុងបាត់ដំបង ដើម្បីបញ្ចៀសការលិចលង់រាល់ឆ្នាំ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គ្រោងសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ទិសដៅដើម្បីដោះស្រាយបញ្ហាជន់លិចដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះទឹកស្ទឹងសង្កែមានកម្រិតខ្ពស់។ គម្រោងនេះ ត្រូវបានលើកឡើងដោយ លោកស្រី BOURHIS Ophélie នាយិកា AFD ប្រចាំប្រទេសកម្ពុជា ក្នុងជំនួបជាមួយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ គម្រោងនេះ ស្ថិតក្នុងគម្រោងដែល AFD កំពុងដំណើរការអនុវត្ត ដែលផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង។ លោកស្រី BOURHIS Ophélie ថ្លែងថា៖ «បើសិនមានការគាំទ្រពីរដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំ»។ ជាការឆ្លើយតប ឯកឧត្តម សុខ លូ បានគាំទ្រលើផែនការ ក៏ដូចជាថ្លែងអំណរគុណដល់គណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ក៏លើការពិភាក្សាលើគម្រោងអភិវឌ្ឍន៍វិស័យនានាក្នុងខេត្តបាត់ដំបង។

អាន​បន្ថែម

ក្រសួងសាធារណការ នឹងចាប់ផ្ដើមជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ ២១B ឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមជួសជុលពង្រីកជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង នៃខេត្តកណ្តាល ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្លូវជាតិលេខ២១បេ នេះ ជាក់ស្ដែងមានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ គឺចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង។ ដោយឡែក កំណាត់ ៣ គីឡូម៉ែត្រដែលជួសជុល គឺកំណាត់សំខាន់ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុង។ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ការជួសជុលស្តារផ្លូវនេះ នឹងប្រើគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាន និងពិសេសជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ។ ឯកឧត្តមបន្ដថា ការពង្រីកជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២១Bនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។ លើសពីនេះ ឯកឧត្តមក៏បានស្នើដល់មន្ត្រីជំនាញត្រូវចុះសិក្សា និងធ្វើយ៉ាងណាឱ្យការពង្រីកធ្វើឱ្យរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។  

អាន​បន្ថែម