កំពង់ផែស្វយ័តភ្នំពេញបង្ហាញគម្រោងកសាងកំពង់ផែរណបតាមដងទន្លេ

កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។​ ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំង មានដូចជា ចំណតផែរណបពហុបំណងកោះរកា  ចំណតផែរណបពហុបំណងព្រែកអញ្ចាញ ចំណតផែរណបពហុបំណងព្រែកក្តាម ស្ថិតក្នុងខេត្តកណ្តាល ចំណតផែរណបពហុបំណងទន្លេបិទ ខេត្តកំពង់ចាម ចំណតផែរណបពហុបំណងឆ្លូង ខេត្តក្រចេះ និងចំណតផែរណបពហុបំណងកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ​ដល់គម្រោងអភិវឌ្ឍន៍កំពង់ផែរណប។ ឯកឧត្តម ស្នើវិស័យឯកជនចូលរួមលើការវិនិយោគគម្រោងកំពង់ផែរណបនេះ។​

អាន​បន្ថែម

រាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការចំណតផែកុងតឺន័រថ្មី នៅស្រុកកៀនស្វាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការចំណតផែកុងតឺន័រ នៃកំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់។ យោងតាមកំពង់ផែស្វយ័តភ្នំពេញ ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី១ ស្ថិតក្នុងគម្រោងពង្រីកចំណតផែកុងតឺន័រ ដែលត្រូវបានធ្វើជាជំហានៗ។ ដោយជំហានទី១ មានទំហំ១០ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណនទានរបស់ ប្រទេសចិន ក្នុងទឹកប្រាក់២៨,៩លានដុល្លារអាមេរិក។ ជំហានទី២ ពង្រីកបន្ថែមទំហំ ៤,៥ហិកតា នៅឆ្នាំ២០១៨ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥ម៉ឺនTEU ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ។ នៅចុងឆ្នាំ២០១៩ បានអនុវត្តគម្រោង ជំហានទី៣ ដំណាក់កាលទី១ មានទំហំ ២,៧៥ហិកតា ដោយមានសមត្ថភាពផ្ទុកកុងតឺន័រ ១០ម៉ឺន TEU ក្នុងមួយឆ្នាំ ដោយប្រើទុនវិនិយោគប្រមាណ ១៨,៤លានដុល្លារ ដែលទុនវិនិយោគនេះបានមកពីការបោះផ្សាយលក់មូលបត្រ និងថវិកាសន្សំរបស់កំពង់ផែស្វយ័តភ្នំពេញ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM17 នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ […]

អាន​បន្ថែម

ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន រដ្ឋចំណាយប្រមាណ ៨ប៊ីលានដុល្លារ លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សាច់ប្រាក់ប្រមាណ ៨ប៊ីលានដុល្លារ លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅក្នុងរយៈពេល២៨ឆ្នាំ។ នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២១។ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន១០,០៥ប៊ីលានដុល្លារអាមេរិក។ ក្នុងចំណោមសាច់ប្រាក់នេះ ប្រមាណ៨១% ត្រូវបានប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានប្រមាណ ១៩% ទៀត ប្រើ ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងៗទៀត។ គួរបញ្ជាក់ថា ប្រទេសចិននៅតែជាប្រភពហិរញ្ញប្បទានលំដាប់ទី១ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបជិត ៣ប៊ីលានដុល្លារអាមេរិក មកទល់បច្ចុប្បន្ន ខណៈប្រទេសជប៉ុននិងកូរ៉េខាងត្បូងស្ថិតនៅលំដាប់ទី ២ និងទី ៣។

អាន​បន្ថែម

ហេតុអ្វីប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញមិនសូវជោគជ័យ? ហើយគួរដោះស្រាយយ៉ាងណា?

អ្នកជំនាញ បានណែនាំថាកម្ពុជាគួររៀបចំផែនការប្រព័ន្ធដឹកជញ្ជូនសាធារណៈឡើងវិញ ដោយរៀនសូត្រពីមេរៀនកន្លងមក និងគោលនយោបាយជោគជ័យរបស់ប្រទេសអភិវឌ្ឍន៍ ដើម្បីជំរុញកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ កាត់បន្ថយឧស្ម័នពុល និងបង្កើនសណ្ដាប់ធ្នាប់ក្រុង។ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយរៀបចំទីក្រុង នៃវេទិកាអនាគត ឬ Future Forum លោក SES Aronsakda បានលើកឡើងដូច្នេះ ក្នុងអត្ថបទមួយចុះផ្សារក្នុងសារព័ត៌មាន The Southeast Asia Globe កាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅនេះ។ អត្ថបទនេះ បញ្ជាក់ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ មិនសូវមានប្រសិទ្ធភាពនោះទេ ដោយភាគច្រើនប្រជាជនចូលចិត្តប្រើឡាន ម៉ូតូ និងតុកតុក ដែលសុទ្ធសឹងតែបង្កឱ្យមានផ្សែងពុល និងការកកស្ទះចរាចរណ៍។ ជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាល កន្លងមកក៏បានព្យាយាមបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈជាច្រើន ដូចជាឡានក្រុងដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ រថភ្លើងទៅព្រលានយន្តហោះ និងនាវាដឹកអ្នកដំណើរដែលចាប់ផ្ដើមកាលពីឆ្នាំ ២០១៨ ជាដើម។ ប៉ុន្តែ ប្រព័ន្ធនេះហាក់ដូចជាមិនជោគជ័យ។ រថភ្លើងទៅព្រលានយន្តហោះ ត្រូវបានផ្អាកដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាន ដោយសារផ្លូវរត់ភ្លើង រត់កាត់ផ្លូវថ្នល់។ ខណៈនាវាដឹកអ្នកដំណើរ និងឡានក្រុង ក៏មិនមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវបានផ្អាកស្ទើរទាំងស្រុងដោយសារវិបត្តិកូវីដ។ លោក Aronsakda […]

អាន​បន្ថែម

ក្រសួងសាធារណការចាប់ផ្តើមបង្កើត App ត្រួតពិនិត្យ និងតាមដានគុណភាពសាងសង់ផ្លូវ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការងារត្រៀមបង្កើតកម្មវិធី ឬAPP សម្រាប់តាមដាន និងត្រួតពិនិត្យគុណភាពការដ្ឋានផ្លូវថ្នល់នានានៅកម្ពុជាហើយ កាលពីខែកក្កដា ក្រោយរដ្ឋមន្រ្តីបានដាក់កំហិតឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងគុណភាពការងារសាងសង់ស្ពានថ្នល់នានា ដោយហាមដាច់ខាតមិនឱ្យធ្វើការងារឱ្យរួចពីដៃទេ។ កិច្ចប្រជុំពិភាក្សាលើការងារនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស។ ឯកឧត្តម ហ៊ាង វុត្ថា បានឱ្យដឹងថា ការងារទាំងមូលគឺមិនមែនត្រឹមតែបង្កើតApp ទេ តែគឺនឹងបង្កើតប្រព័ន្ធមុខងារប្រើប្រាស់ពេញលេញសម្រាប់ត្រួតពិនិត្យគុណភាពផ្លូវ ឬ Road Care Supervision System ទៀតផង។ ឯកឧត្តម មានប្រសាសន៍ថា៖ «បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធ កំពុងផ្លាស់ប្តូរមតិយោបល់ ប្រមូលធាតុចូលផ្សេងៗ និងបំពេញចំណុចខ្វះខាត មុនចាប់ផ្ដើមបង្កើតប្រព័ន្ធនេះ»។ «ប្រព័ន្ធនេះ នឹងជួយផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួង ក្នុងការតាមដានការងារគុណភាពផ្លូវ តាមរយៈរបាយការណ៍សាងសង់ របាយការណ៍ត្រួតពិនិត្យគុណភាព និងរបាយការណ៍វាយតម្លៃការងារសាងសង់ផងដែរ» ឯកឧត្តមបានបន្ដ។ គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាហាមដាច់ខាតមិនឱ្យធ្វើការងារឱ្យរួចពីដៃ […]

អាន​បន្ថែម

OCIC គ្រោងសាងសង់ស្ថានីយបូមទឹកសមត្ថភាព៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅកោះនរា

ក្រុមហ៊ុន OCIC មានផែនការចង់វិនិយោគសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែង នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា សម្រាប់ប្រើប្រាស់លើការអភិវឌ្ឍន៍សាងសង់ជារួម។ គម្រោងសាងសង់ស្ថានីយបូមទឹកនេះ ត្រូវបានក្រុមហ៊ុន OCIC លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។ លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងបូមទឹកឆៅនេះគឺសម្រាប់ប្រើប្រាស់ទៅលើការងារអភិវឌ្ឍន៍របស់គម្រោងកោះនរាទាំងមូល។ លោកបន្តថា ស្ថានីយបូមទឹកនេះនឹងមានសមត្ថភាពបូមទឹកប្រមាណ ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

អាន​បន្ថែម

រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា

រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងគម្រោងស្ថាបនានេះ ឱ្យចូលរួមសហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងស្ម័គ្រចិត្តរុះរើរបង ដែលបានសង់លើដីចំណីផ្លូវ។ គួរបញ្ជាក់ថា គម្រោងស្ថាបនានេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥។

អាន​បន្ថែម

តើកម្មវិធី OpenBuildings Designer គឺជាអ្វី? មានសារៈប្រយោជន៍ដូចម្ដេចក្នុងវិស័យសំណង់?

កម្មវិធី OpenBuildings Designer គឺជាកម្មវិធីគ្រប់គ្រងសំណង់ និងគូរប្លង់គំរូសំណង់បែបឌីជីថលដ៏ ពេញនិយមមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនល្បីផ្នែកវិសកម្មសំណង់ឌីជីថលរបស់អាមេរិក Bentley System។ កម្មវិធីនេះរួមបញ្ចូលមុខងារគ្រប់ជ្រុងជ្រោយដែលម្ចាស់គម្រោងសំណង់ត្រូវការ រួមមានការគូរប្លង់ស្ថាបត្យកម្ម ការគ្រប់គ្រងបរិក្ខារសំណង់ ប្រព័ន្ធទឹកភ្លើង ការបង្កើតគំរូអគារឌីជីថលបែបរស់រវើក និងការបង្កើតប្រព័ន្ធគ្រប់គ្រងក្នុងអគារនោះជាដើម។ ដោយប្រើកម្មវិធីនេះ ស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការសំណង់ នឹងធ្វើការដោយងាយស្រួល និងរលូនជាងមុន ព្រោះគ្រប់យ៉ាងនឹងត្រូវបានគ្រប់គ្រង់លើប្រព័ន្ធតែមួយ តាំងពីដំណាក់ការរចនាប្លង់ ដំណាក់កាលសិក្សាលទ្ធកម្ម ការចុះកិច្ចសន្យា ការសាងសង់ ការគ្រប់គ្រងជាងសំណង់ ការពិនិត្យសំណង់ និងការបិទបញ្ចប់សំណង់ជាដើម។ ការប្រើប្រាស់កម្មវិធីនេះទៀតសោត នឹងជួយឱ្យស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការសំណង់ គូរប្លង់គំរូរស់រវើក ឬស្គាល់ជាទូទៅថា Building information modeling (BIM) បានដោយងាយស្រួលនឹងលឿនជាមុនផងដែរ។ លើសពីនេះ ស្ថាបត្យករក៏អាចប្រើកម្មវិធីនេះ ដើម្បីផ្លាស់ប្ដូរគំរូរប្លង់ចាស់ៗដែលធ្វើឡើងជាទម្រង់2D ទៅ ជា3D ផងដែរ។ ម្ចាស់គម្រោងថែមទាំងអាចកែប្រែការងារគំរូប្លង់បានដោយងាយស្រួល ដោយគ្មានភាពស្មុគស្មាញ ព្រោះគ្រប់យ៉ាងនឹងត្រូវUpdate ទៅគ្រប់ផ្នែកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ព្រួយបារម្ភថាមានការយល់ច្រឡំគ្នានោះទេ។ លើសពីនេះ ចំណុចពិសេសបំផុតរបស់កម្មវិធី OpenBuildings Designer […]

អាន​បន្ថែម

កម្ពុជាស្នើឱ្យធនាគារពិភពលោកជួយលើ៤ចំណុចធំៗ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

កម្ពុជាស្នើឱ្យ WorldBank ជួយអនុវត្តគម្រោងយាន្តជំនិះអគ្គិសនីនៅសៀមរាប និងគម្រោងធំៗ ៣ ទៀត រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ធនាគារពិភពលោក (WB) ឱ្យជួយផ្ដួចផ្ដើមការប្រើប្រាស់យាន្តជំនិះដើរដោយអគ្គិសនីនៅក្រុងសៀមរាប ខណៈក៏បានសុំឱ្យអង្គការពិភពលោកមួយនេះ ជួយអនុវត្តគម្រោង ៣ ផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ បើយោងតាមកិច្ចប្រជុំ សំណើទី១ គឺកម្ពុជាចង់ឱ្យធនាគារពិភពលោកជួយជ្រុមជ្រែងលើគម្រោងបង្កើតឱ្យមានយានជំនិះដើរដោយថាមពលអគ្គិសនី (EV ) ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល។ សំណើទី ២ គឺឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យធនាគារពិភពលោក ជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized […]

អាន​បន្ថែម

ស្ពានឆ្លងកាត់ជ្រោះធំជាងគេប្រវែង ២២៥ម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនលេចរូបរាងបណ្ដើរៗហើយ

ក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ពាននេះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។ គួររំឭកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

អាន​បន្ថែម