ទីលានទុកដាក់សំរាមក្រុងបាវិតសង់រួចរាល់ ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចជាង៦%

គិតមកដល់ពេលនេះ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត បានបញ្ចប់ការងារសាងសង់រួចរាល់ ១០០% ហើយ ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏សម្រេចបាន ៦,១១%ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែគុម្ភៈ​ ឆ្នាំ២០២៦។ ក្រសួងសាធារណការបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២.៧៨៤ ម៉ែត្រគូប បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ (អានបន្ថែម) ចំណែកឯអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀង ក្នុងក្រុងបាវិត សម្រេចការសាងសង់បាន ៦,១១% គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ថានីយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៨។ អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕

អាន​បន្ថែម