Special Economics Zone
ក្រុមហ៊ុន S.S.R ស្នើបង្កើតផែស្ងួតនៅខេត្តព្រៃវែង ក្នុងទុនវិនិយោគជាង ២០លានដុល្លារ
ក្រុមហ៊ុន S.S.R Co., Ltd. បានស្នើសុំបង្កើតផែស្ងួត ក្នុងទុនវិនិយោគជាង ២០លានដុល្លារដែលមានទីតាំងនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ នេះបើយោងតាមឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា ថ្លែងក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័នចុះពិនិត្យទីតាំងសំណើសុំវិនិយោគបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ គម្រោងផែស្ងួតនេះជាគម្រោងទី១ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុនវិនិយោគប្រមាណជាង ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា។ ឯកឧត្តមថា គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ កម្ពុជា-វៀតណាម ដើម្បីស្វែងយល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានបង្ហាញពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគក្នុងតំបន់នេះជូនដល់វិនិយោគិនជាតិនិងអន្តរជាតិថែមទៀត។ នៅក្នុងគម្រោងបង្កើតផែស្ងួត ដែលមានទុនវិនិយោគជាង ២០លានដុល្លារនេះ នឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងគំាទ្រនានា រួមមាន៖ អគារការិយាល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម៕
អានបន្ថែម

English
