វិស័យទេសចរណ៍ និងកន្លែងដើរលេង
គម្រោងពង្រីកឆ្នេរ ២៧០០ ម៉ែត្រ នៅខេត្តកែប បើកឱ្យភ្ញៀវទេសចរចូលកម្សាន្ត
គម្រោងពង្រីកឆ្នេរថ្មី ប្រវែង ២៧០០ ម៉ែត្រ នឹងបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តនៅថ្ងៃចូលឆ្នាំថ្មី ខាងមុខនេះហើយ បើទោះបីជាការចាក់ដី និងការងារដាំដើមឈើ និងការងារសួនច្បារ មិនទាន់ចប់ទាំងស្រុងក្តី។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា នេះថា ការងារចាក់បំពេញដី និងធ្វើផ្លូវបេតុងនៅតំបន់ឆ្នេរខ្សាច់នេះ សម្រេចបាន ១០០ ភាគរយ។ ឯកឧត្តម សោម ពិសិដ្ឋ ថ្លែងថា៖ “គម្រោងនេះ មិនទាន់ហើយទាំងស្រុងទេ នៅការងារបូមខ្សាច់ ដាំដើមឈើ និងសួនច្បារ។ ប៉ុន្តែទោះជាយ៉ាងណា ភ្ញៀវទេសចរជាតិ អន្តរជាតិអាចចូលសម្រាក លំហែ កម្សាន្តបាន”។ បើតាមឯកឧត្តម សោម ពិសិដ្ឋ កន្លងមកមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលទៅកម្សាន្តលើឆ្នេរថ្មីនេះជាបន្តបន្ទាប់។ គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។ (អានបន្ថែម)
អានបន្ថែមកំពង់ផែទេសចរណ៍កំពតសាងសង់បាន ៩៣% គ្រោងបញ្ចប់ខែមិថុនា យឺតជាងផែនការម្ដងទៀត
គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត សម្រេចបាន ៩៣% ហើយគិតត្រឹមខែមីនា ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែមិថុនា ដែលជាការយឺតយ៉ាវម្ដងទៀត ។ វឌ្ឍនភាពនៃកំពង់ផែទេសចរណ៍កំពតនេះ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី ២៩ ខែមីនា។ ជាក់ស្ដែង គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ។ តាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយក្រោយមកទៅដើមឆ្នាំ ២០២២។ (អានបន្ថែម) តមនឹងការពន្យាពេលច្រើនដងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដាក់កំហិតឱ្យក្រុមហ៊ុន ត្រូវបញ្ចប់គម្រោងទាំងមូល នៅក្នុងរយៈពេល៣ ខែទៀត។ យោងតាមបទបង្ហាញរបស់ក្រុមហ៊ុន ការសាងសង់សំណង់អគារទាំងមូលបានបញ្ចប់ទាំងស្រុង ដោយនៅសល់ការងារទាក់ទងនឹងការតុបតែង និងការងារសួនច្បារប៉ុណ្ណោះ។ សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត ប្រើប្រាស់ថវិកាកម្ចី ៩,២លានដុល្លារ ពីធនាគារអភិវឌ្ឍនអាស៊ី។
អានបន្ថែមបាត់ដំបងនឹងមាន Pub Street ដូចនៅសៀមរាប
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដូចជានៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី ១៦ មីនា ក្នុងជំនួបនឹងលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ។ បើតាមផែនការ គម្រោង Pub Street នឹងដូចនឹងខេត្តសៀមរាប ដែលនឹងមានភោជនីយដ្ឋាន និងបារ ដើម្បីឱ្យភ្ញៀវទេសចរមកកំសាន្ដ។ លើសពីនេះ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗ នៅទីនោះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនា។ យ៉ាងណាក្ដី ឯកឧត្តមមិនទាន់បានបញ្ជាក់ពី ទីតាំង និងកាលបរិច្ឆេទនៃការសាងសង់គម្រោង pub street នេះទេ។
អានបន្ថែមរដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះដ៏ធំមួយនៅលើភ្នំ២០០ខេត្តឧត្តរមានជ័យ
ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នឹងមានស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្មីមួយកន្លែង ខណៈការដ្ឋានសាងសង់បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី ៩ មីនា ក្រោមវត្តមានសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងនេះ ជាទីតាំងប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាមចុងក្រោយគេ ស្ថិតនៅចំណុចភ្នំ២០០ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ទីនោះគឺជាតឹកតាងប្រវត្តិសាស្ត្រ ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់ការកសាងស្តូបសម្រាប់មនុស្សជំនាន់ក្រោយឱ្យដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត។ «ការកែប្រែតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័ពនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃការបង្កើត និងពង្រីកសក្កានុពល នៃវិស័យសេដ្ឋកិច្ចសង្គមតាមរយៈអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ» សម្ដេចបានបន្ដ។ ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង កសាងស្តូបវិមានឈ្នះ-ឈ្នះ នៅកោះកុង ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗជាបន្តបន្ទាប់។
អានបន្ថែមឯកជនស្នើវិនិយោគបង្កើតទេសចរណ៍ធម្មជាតិ ១៦កន្លែង នៅឧទ្យានជាតិបូកគោ
ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ កិច្ចចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី ៧ មីនា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមពីមន្ដ្រីពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋាន ធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត»។ «ការចូលរួមពីវិស័យឯកជនតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នឹងជួយធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត» ឯកឧត្តមបន្ត៕
អានបន្ថែមអាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងរៀបចំតំបន់អណ្តូងរ៉ែមាសជាតំបន់ទេសចរណ៍
អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ Renaissance Minerals Cambodia គ្រោងររៀបចំតំបន់អណ្តូងរ៉ែមាសទៅជាកញ្ចប់ទេសចរណ៍ទៅថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជាក់ ម៉េងហាង អភិបាលរងខេត្តក្នុងកម្មវិធីវឌ្ឍនភាពមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំតំបន់នោះជាទេសចរណ៍ឱ្យដូចនៅក្រៅប្រទេស ដោយនឹងបង្កើតជាកញ្ចប់ទេសចរណ៍តែម្តង។ «កញ្ចប់នេះអាចមានរយៈពេលពី ៣ ទៅ៤ យប់ ដោយកញ្ចប់ទី១ គឺការទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តមានដូចជាទឹកជ្រោះ ភ្នំជាដើម រីឯកញ្ចប់ទី២ គឺជាការទស្សនាដំណើរការនៃការចម្រាញ់យករ៉ែមាស» ឯកឧត្តមបន្ដ។
អានបន្ថែមសណ្ឋាគារប្រេន Ibis Budget របស់បណ្ដាញ Accor ដំបូងគេនៅកម្ពុជា នឹងបើកនៅខែកក្កដា
ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានបន្ទប់សរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។ សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។ ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត។
អានបន្ថែមសួនទេសចរណ៍តេជោ Westerdam គ្រោងសាងសង់ឡើងនៅក្រុងព្រះសីហនុ
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ។ បើយោងតាមសេចចក្តីសម្រេចចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមការងារបច្ចេកទេសថ្មីមួយ ដែលដឹកនាំដោយឯកឧត្តម គឺម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបានបង្កើតឡើង ដើម្បីសិក្សារៀបចំគម្រោងនេះ។ ក្រុមការងារបច្ចេកទេស នឹងសហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីសិក្សាពិនិត្យទីតាំង ស្វែងរកថវិកា ដៃគូគាំទ្របច្ចេកទេស និងដៃគូអនុវត្តគម្រោងជាដើម។ ការបង្កើតសួនទេសចរណ៍ Westerdam នេះឡើង គឺដើម្បីរំលឹកដល់ពេលដែលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង ២ ០០០ នាក់ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០ ខណៈនាវានេះត្រូវបានបដិសេដដោយប្រទេសជាច្រើន។
អានបន្ថែមក្រុង ៣ របស់កម្ពុជា ជាប់ជ័យលាភីទីក្រុងស្អាតអាស៊ាន ២០២២-២០២៤
ទីក្រុងបាត់ដំបង ព្រះសីហនុ និងសៀមរាប បានជាប់ជ័យលាភីជា ទីក្រុងទេសចរណ៍ស្អាតប្រចាំអាស៊ានលើកទី៣ (ASEAN Clean Tourist City Standard) សម្រាប់ឆ្នាំ២០២២-២០២៤ ក្នុងចំណោមក្រុងជ័យលាផី ១៨ ផ្សេងទៀតនៅក្នុងតំបន់។ នេះយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ។ ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបសាងសង់រួចរាល់ ត្រៀមដាក់សម្ពោធឆាប់ៗនេះ
រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ការស្ថាបនាកំពង់ផែទេសចរណ៍តម្លៃ ១,២លានដុល្លារ បានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ។ ពេលដាក់ឱ្យដំណើរការ កំពង់ផែនេះនឹងបម្រើដល់ការដឹកជញ្ជូនទេសចរណ៍ទៅកាន់កោះទន្សាយ និងទៅកាន់កំពង់ផែទេសចរណ៍ប្រទេសជិតខាង វៀតណាម។ នេះជាការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ កំពង់ផែនេះអាចទទួលនាវាដឹកទេសចររហូតដល់ជិត ៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន។ កំពង់ផែនេះ ស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៥០០០ ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់ ១,២លានដុល្លារ ។ គួរបញ្ជាក់ថា នៅលើកោះទន្សាយ រដ្ឋបាលខេត្តកែប ក៏កំពុងសាងសង់កំពង់ផែទេសចរណ៍មួយដែលមានតម្លៃប្រមាណជិត៧លានដុល្លារ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ (អានបន្ថែម)
អានបន្ថែម