ភ្នំពេញ មណ្ឌលគិរី និងកែប ទទួលពានរង្វាន់ «ទឹក ដី និងខ្យល់ស្អាត» ពីសមាគមន៍អាស៊ាន

ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។ ពិធីទទួលពានរង្វាន់នេះ គឺបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមទទួលពីបណ្ដាអភិបាលខេត្តក្រុងនានា និងមន្ត្រីពាកព័ន្ធជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន។ ក្នុងកម្មវិធី កម្ពុជាទទួលបាន ៣ រង្វាន់ រួមមាន ១) «ទឹកស្អាតសម្រាប់ទីក្រុងធំ» ប្រគល់ជូនទីក្រុងភ្នំពេញ ២) «ដីស្អាតសម្រាប់ទីក្រុងតូច» ប្រគល់ជូនក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី និង ៣) «ខ្យល់ស្អាត់សម្រាប់ទីក្រុងតូច» ប្រគល់ជូន ក្រុងកែប។ រដ្ឋបាលខេត្តទាំង ៣ ចាត់ទុកថារង្វាន់នេះគឺជាកិត្តិយសធំបំផុត និងជាប្រវត្តិសាស្ត្រថ្មី សម្រាប់ខេត្ត និងប្រទេសកម្ពុជាទាំងមូល។

អាន​បន្ថែម

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ អនុម័តជាផ្លូវការហើយ

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលបានកំណត់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ជាច្រើនគម្រោង សម្រាប់ខេត្តទេសចរណ៍ដ៏ធំមួយនេះ។ ពិធីប្រកាសជាផ្លូវការនៃផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ ឯកឧត្តម អូន ព័ន្ធមុនីរត្ន បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។ គម្រោងអាទិភាពមានដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើង និង ការពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ដើម្បីទាក់ទាញទេសចរក្រោយវិបត្តិជំងឺកូវីដ១៩។ រដ្ឋាភិបាលបានព្យាករថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិ កើនឡើងប្រមាណ ៧,៥លាននាក់ ខណៈ ភ្ញៀវទេសចរជាតិកើនឡើងប្រមាណ ១០,៩លាននាក់ ដែលនឹងបង្កើតចំណូលបានប្រមាណ ៥,៩ពាន់លានដុល្លារ និងការងារដោយផ្ទាល់ប្រមាណ៩៤ម៉ឺននាក់៕

អាន​បន្ថែម

ទូររថភ្លើងល្បឿនលឿនចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ គ្រោងបើកប្រើប្រាស់ផ្លូវការចុងឆ្នាំ

រថភ្លើងល្បឿនលឿនដឹកអ្នកដំណើរដំបូងដែលតភ្ជាប់ប្រទេសចិននិងឡាវត្រូវបានបញ្ជូនទៅដល់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវរួចហើយ កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគ្រោងនឹងបើកសាកល្បងឆាប់ៗ ហើយនឹងបើកជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូ ខាងមុខ ដែលជាទិវាជាតិនៃប្រទេសឡាវ។ បើយោងតាមសារព័ត៌មាន CGTN រថភ្លើងនេះគឺជាប្រភេទអេឡិចត្រូនិកពហុឯកតា (ឬ Electric Multiple Unit) ដែលនឹងរត់លើផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ មានឈ្មោះថា ឡានឆាង ដែលជាការដាក់ឈ្មោះតាមឈ្មោះបុរាណរបស់ឡាវ និងទន្លេឡានឆាង-មេគង្គ រថភ្លើងនេះ ត្រូវបានសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន Laos-China Railway Company ដែលជាការបណ្តាក់ទុនរួមគ្នារវាងចិននិងឡាវ។ ផ្នែកខាងក្រៅរបស់រថភ្លើងត្រូវបានលាបពណ៌ក្រហម ខៀវ និងស ដើម្បីតំណាងឱ្យពណ៌ទង់ជាតិឡាវចំណែកឯផ្នែកខាងក្នុងវិញត្រូវបានតុបតែងដោយលំនាំរបស់ផ្កាចំប៉ី ដែលជានិមិត្តសញ្ញាជាតិរបស់ឡាវ។ គួរបញ្ជាក់ថា រថភ្លើងនេះ អាចផ្ទុកមនុស្សសរុប ៧២០ នាក់ ដែលក៏រួមបញ្ចូលទាំងទូរសម្រាប់ជនពិការនិងសេវាកម្មព័ត៌មានជាភាសាចិន ឡាវ និងអង់គ្លេស។ រូបភាពដោយ Xinhua

អាន​បន្ថែម

តំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥

សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។ សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត។ ក្រោយដាក់ឱ្យប្រើប្រាស់ ផែនការមេនេះ មានគោលដៅប្រែក្លាយខេត្តកែប ជាទិសដៅទាក់ទាញភ្ញៀវទេសចរ និងជំរុញការវិនិយោគដើម្បីបម្រើក្នុងវិស័យទេសចរណ៍។ ក្រៅពីមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ទាំង ៤ ផែនការមេនេះក៏គ្រោងនឹង បង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀតងដែរ។ សូមជម្រាបថា សេចក្ដីព្រាងផែនការមេនេះ ត្រូវបានបែងចែកជា ១២ ជំពូក ដោយមានទិសដៅគោលប្រែក្លាយកែបទៅជាគោលដៅទេសចរណ៍ធម្មជាតិប្រណីតកម្រិតខ្ពស់ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% ខណៈអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣%។ កំពង់ផែជម្រៅ ៤,៥ ម៉ែត្រ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា […]

អាន​បន្ថែម

សណ្ឋាគារល្បី Pan Pacific Group នឹងបើកសាខានៅភ្នំពេញ និងសៀមរាប ក្នុងឆ្នាំ ២០២៣

ក្រុមហ៊ុនសណ្ឋាគារល្បី Pan Pacific Hotels Group នៃប្រទេសសិង្ហបុរី នឹងឈានជើងចូលមកទីផ្សារកម្ពុជានៅចុងឆ្នាំ ២០២៣ ដោយនឹងបើកសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅក្រុងសៀមរាប។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ២២ ខែកញ្ញា សណ្ឋាគារនេះគឺជាសណ្ឋាគារផ្កាយ៥ មានឈ្មោះថា Pan Pacific Phnom Penh ដែលនឹងមានបន្ទប់សរុប ២១២ បន្ទប់ មានទីតាំងចំកណ្ដាលទីក្រុងលើមហាវិថីព្រះនរោត្តម។ ដោយឡែក សណ្ឋាគារនៅសៀមរាប មានឈ្មោះថា PARKROYAL Siem Reap ដែលមានបន្ទប់សរុប ១៣០បន្ទប់ ហើយមានទីតាំងចំងាយត្រឹម ១០នាទី ពីប្រាសាទអង្គរវត្ត។ តាមការគ្រោងទុក ភ្នំពេញ និងសៀមរាប គឺស្ថិតក្នុងចំណោមទីក្រុងធំៗ ផ្សេងទៀតដែលក្រុមហ៊ុននេះនឹងពង្រីកសាខាទៅដល់ត្រឹមឆ្នាំ ២០២៤ ដោយរួមមាន ទីក្រុងឡុងដ៍ គូឡាឡាំពួ ហ្សាកាតា ដាលីអាន ហាណូយ និងមែលប៊ន។ ជាមួយនឹងផែនការពង្រីកទីផ្សារនេះ ក្រុមហ៊ុននឹងបន្ថែមបន្ទប់ជាង ៣ ៣០០បន្ទប់ ទៀត ទៅក្នុងសណ្ឋាគាររីស៊ត ៤៨កន្លែង នៅក្នុងទីក្រុងចំនួន […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតបើកភ្លើងខៀវដល់សំណើអភិវឌ្ឍរមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង

រដ្ឋបាលខេត្តកំពតបានបើកភ្លើងខៀវដល់សំណើអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង នៅមាត់ឆ្នេរដងព្រែកកំពង់បាយ ប៉ុន្តែស្នើឱ្យក្រុមហ៊ុនវិនិយោគសិក្សាបន្ថែម និងបញ្ជូនរបាយការណ៍ពេញលេញ មកឱ្យរដ្ឋបាលពិនិត្យជាថ្មីម្ដងទៀត មុនឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងដូច្នេះថា បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃចន្ទទី ២០ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ក្រុមហ៊ុនបានស្នើចង់បង្កើតឆ្នេរថ្មីមួយប្រវែង ៣០០ម៉ែត្រនៅតាមដងព្រែកកំពង់បាយស្ថិតនៅសង្កាត់កំពង់កណ្តាល នៃក្រុងកំពត។ បន្ទាប់ពីពិនិត្យទីតាំង គម្រោងនេះគឺអាចធ្វើទៅបាន ប៉ុន្តែក្រុមហ៊ុនត្រូវតែសិក្សាបន្ថែមទៀត»។ «យើងត្រូវតែធានាថា គម្រោងនេះធ្វើឡើងប្រកបដោយគុណភាព និងនិរន្តរភាព បង្កផលប៉ះពាល់តិចបំផុតដល់បរិស្ថាននិងមនុស្ស និងពិសេសអាចបម្រើដល់ផលប្រយោជន៍សាធារណជនឱ្យបានច្រើន» ឯកឧត្តមបានបន្ត។ ទោះយ៉ាងណា ឯកឧត្តម សង្ឃឹមថា ប្រសិនបើគម្រោងអនុម័តឱ្យអនុវត្ត វានឹងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត បង្កើតឱកាសអាជីវកម្មបន្ថែម និងជាពិសេសជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់។

អាន​បន្ថែម

តំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតា នឹងបើកការដ្ឋានឆាប់ៗ

ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។ ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។ លោក សុខ សុទ្ធី បានឱ្យដឹងថា ការចុះពិនិត្យទីតាំង គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រនៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានកំណត់រួចហើយ។ តាមផែនការ ដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍនេះ មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង កាលពីខែកក្កដា បានសម្រេចប្រគល់ដីរដ្ឋ ១ ១០២ ហិកតា ទៅក្រសួងការពារជាតិដើម្បីបង្កើតជាងតំបន់អភិវឌ្ឍ និងតំបន់វិសមកាលក្រសួងការពារជាតិ ក្រោមឈ្មោះ «សម្តេចពិជ័យសេនា ទៀ បាញ់»។ (អានបន្ថែម)

អាន​បន្ថែម

ឯកជនត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើដីជិត៥០ហិកតា នៅភ្នំគូលែន

រដ្ឋបាលខេត្តសៀមរាប សម្រេចគាំទ្រឱ្យឯកជនវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច ៥ កន្លែង ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្រោយចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ២ កញ្ញា កន្លងទៅ ដោយស្នើឱ្យឯកជនត្រូវរៀបចំផែនការពេញលេញ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុម័តចុងក្រោយ។ គម្រោងនីមួយៗ នឹងមានផ្ទៃដីមិនលើសពី ១០ហិកតា ក្នុងមួយគម្រោង ដោយមានទីតាំងស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លទ្ធផលនៃការបើកភ្លើងខៀវនេះ ធ្វើឡើងក្រោយពីមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។ ក្រោយពិនិត្យ ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

អាន​បន្ថែម

កំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ

គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្នាំ ចប់ និងបន្ត១៥ ឆ្នាំទៀត និងត្រូវបង់ថវិកាជូនរដ្ឋបាលខេត្តក្នុងមួយឆ្នាំ ចំនួន ១១ លានរៀល ដោយត្រូវបង្កើន៥% រៀងរាល់៥ ឆ្នាំម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះ ពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគ ត្រូវប្រគល់ទីតាំងកំពង់ផែសេះស និងសំណង់ទាំងអស់ជូនរដ្ឋ ទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌ។ ឯកឧត្តមអភិបាលខេត្តកែប សោម ពិសិដ្ឋ ធ្លាប់មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ (អានបន្ថែម)

អាន​បន្ថែម