ក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ

ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។ ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន  ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ […]

អាន​បន្ថែម

កម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ

កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យព័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Laurent Olmeta នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM បានលើកឡើងថា ក្រុមហ៊ុនលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានឲ្យដឹងទៀតថា ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រកាន់តែមានភាពងាយស្រួល កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្រកាសបើកច្រកទ្វារអន្តរជាតិជាំក្នុងស្រុកអន្លង់វែងឡើងវិញ ក្រោយបិទអស់ជាង២ឆ្នាំ

ទីបំផុត! ច្រកទ្វារអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកជាផ្លូវការវិញហើយ ក្រោយបិទអស់រយៈពេលជាង២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ការប្រកាសបើកឡើងវិញជាផ្លូវការកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរជាច្រើនរូបទៀត។ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។ តាមភាគីទាំងពីបានឲ្យថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃនាពេលនេះ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះទេ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ សូមរម្លឹកដែរថា កាលថ្ងៃទី១ ខែឧសភាកន្លងទៅនេះ កម្ពុជា-ថៃ ក៏បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យក៏បានបើកដំណើរការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះផងដែរ៕

អាន​បន្ថែម

ក្រសួងប្រកាសឱ្យក្រុមហ៊ុននាវា ចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងនាវាថ្មី Port EDI

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យក្រុមហ៊ុននាវា ម្ចាស់នាវា និងក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែថ្មី (Port EDI)។ បើយោងតាតាមសេចក្តីជូនរបស់ក្រសួងកាលពីថ្ងៃទី៤ ខែមីនា វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងដោយក្រុមអ្នកជំនាញ ទិសដៅដើម្បីឱ្យភាគីឯកជនពាកព័ន្ធសម្របខ្លួន និងចេះប្រើប្រាស់បែបបទគ្រប់គ្រងនាវាបែបថ្មី និងទំនើបជាងមុន។ ក្រុមហ៊ុន អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះបានត្រឹម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ។ បើតាមផែនការ ក្រោយការតេស្ដសាកល្បង និងវគ្គបណ្ដុះបណ្ដាលបញ្ចប់ ប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការ នាចុងឆ្នាំ ២០២២ ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

ចំណតរថយន្តក្រុងឆ្លាតវៃនៅភ្នំពេញ មាន ៣ប្រភេទ ទំនើបម្យ៉ាងម្នាក់ ជប៉ុននឹងបញ្ចប់ការសិក្សាខែមីនា

ការសិក្សាលទ្ធភាពនៃការបង្កើតចំណតឡានក្រុងឆ្លាតវៃនៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន កំពុងបន្តដោយរលូន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំនេះ។ វឌ្ឍនភាពនៃការសិក្សានេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំវេទិកាសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង កម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ។ គម្រោងចំណតរថយន្តក្រុងឆ្លាតវៃ ស្ថិតក្រោមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT)។ ការសិក្សាបានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ ២០២១ ដោយក្រុមហ៊ុនជប៉ុនចំនួន ៣។ យោងតាមការសិក្សាជាបឋម ចំណតក្រុងឆ្លាតវៃអាចនឹងមាន ៣ ប្រភេទខុសគ្នា ដែលនឹងសង់តាមទីតាំងសំខាន់ៗនានានៅជុំវិញទីក្រុងភ្នំពេញ ហើយទីតាំងមួយណានឹងមានចំណតបែបណាគឺអាស្រ័យលើតម្រូវការជាក់ស្តែង។ ចំណតឆ្លាតវៃប្រភេទទី ១ ជាកម្រិតខ្ពស់ ដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយ ដូចជាប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុង ពេលវេលាមកដល់ ឧបករណ៍បង្ហាញអាកាសធាតុ និងកង់អគ្គិសនីសាធារណៈ ។ ដោយឡែក ចំណតឆ្លាតវៃប្រភេទទី ២ ជាកម្រិតមធ្យមដែលមានហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជាកន្លែងអង្គុយរងចាំ និងប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុងជាដើម។ ចំណតទាំង ២ ប្រភេទនេះ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ កាមេរ៉ាឆ្លាតវៃ ភ្លើងបំភ្លឺឆ្លាតវៃ wifi និងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប្រកាសព័ត៌មានឌីជីថល។ ដោយឡែក ប្រភេទទី៣ គឺគ្រាន់តែបញ្ជរចំណតរថយន្តក្រុងធម្មតាតែប៉ុណ្ណោះ។

អាន​បន្ថែម

រដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧត្តម ថ្លែងថា៖ «យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។ ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះលេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះនឹងមិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងនឹងសិក្សាលម្អិត ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។  

អាន​បន្ថែម