រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស
ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]
អានបន្ថែម