២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤លាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈរបាយការណ៍ខាងលើថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង $៤៤លាន ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកាជាង $៣០០.០០០។ ភ្ញៀវបរទេសចូលទស្សនាប្រសាទបេងមាលា មានចំនួន ១៦.000នាក់ ទទួលបានថវិកា ប្រមាណជាង $១៦០.០០០។ យ៉ាងណាមិញ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង $១,៩លានផងដែរ ក្នុងរយៈពេល១ឆ្នាំ២០២៥ នេះដែរ។ សូមជម្រាបថា នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ដែរថា ក្នុងចំណោមភ្ញៀវទេសចរ ដែលបានចូលទស្សនារម្មនីយដ្ឋានអង្គរ ក្នុងនោះ ភ្ញៀវទេសចរអាមេរិក បានឈរនៅលេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង៕ (អានបន្ថែម)

អាន​បន្ថែម