ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្យាត្រួតពិនិត្យទំនើបៗ បានជំរុញឱ្យមានការធ្លាក់ចុះដប់ប្រាំភាគរយនៃការរំលោភបំពាននៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២៥  មន្ត្រីឧទ្យានុរក្សបានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦.២៦១លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២.១៥២ករណី ដែលថយចុះ១៥% បើធៀបទៅនឹងឆ្នំា២០២៤។ ក្រសួងបរិស្ថាន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២.១៥២ករណី មានជាអាទ៍ បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្បាតកើនឡើងចំនួន ១.៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះចំនួន ៣៩៣ករណី បើធៀបនឹងឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៤.៤០៦លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានរហូតទៅដល់ចំនួន ២.៥៤៥ករណី៕  

អាន​បន្ថែម