អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។

ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។

ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ មេហ្កាវ៉ាត់ ទៅ ៥០០ មេហ្កាវ៉ាត់ ក្រោមទុនវិនិយោគប្រមាណពី ១០០ ទៅ ៥០០លានដុល្លារ។ សំណើគម្រោងនេះ គ្រោងនឹងអនុវត្តនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងពេលដ៏ខ្លីខាងមុខនេះតែម្តង នេះបើយោងតាមប្រសាសន៍ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលទ្រព្យ។

“…ហើយទីពីរ ក្រុមហ៊ុនគេមានឆន្ទៈក្នុងការអភិវឌ្ឍហើយ…គេយល់ព្រមក្នុងការអភិវឌ្ឍហើយ ប៉ុន្តែយើងនៅធ្វើនីតិវិធី ដើម្បីស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ទៅរាជរដ្ឋាភិបាលទៀត ដើម្បីឱ្យ (គម្រោងមានដំណើរការអនុវត្ត) ស្របច្បាប់…” ប្រសាសន៍ឯកឧត្តមអភិបាលខេត្ត។

ជំនួបធុរកិច្ចដ៏សំខាន់នេះ គឺជាការបើកផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ភាគីម៉ាឡេស៊ីចូលមកក្នុងទីផ្សារកម្ពុជា ដោយប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងផ្នែកវិស្វកម្ម លទ្ធកម្ម សាងសង់ និងដំណើរការ (EPCC) នៅក្នុងដែនថាមពលកកើតឡើងវិញ​នៅកម្ពុជា។

ឯកឧត្តមបន្ត ជាមួយនឹងទំហំនៃសមត្ថភាពផ្គត់ផ្គង់ដ៏ធំនេះ គម្រោងនេះនឹងក្លាយជាវិភាគទានដ៏ធំមួយក្នុងការដោះស្រាយតម្រូវការនៃការប្រើប្រាស់ថាមពលក្នុងស្រុក និងជួយលើកកម្ពស់ទាំងប្រភពផ្គត់ផ្គង់ថាមពលស្អាតចូលទៅក្នុងប្រព័ន្ធថាមពលកម្ពុជា ​ ព្រមទាំងជួយសម្រួលដល់ជីវភាព និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ដោយបង្ហាញពីការសាទរចំពោះកិច្ចសហការនេះ លោក HP Ong នាយកប្រតិបត្តិ នៃក្រុមហ៊ុន Sunview Group Berhad បានលើកឡើងថា យើងមានការសាទរចំពោះកិច្ចសហការនេះ ដោយសារកិច្ចសហការនេះនឹងផ្តល់ជាអំណាចដល់យើងក្នុងការពង្រីកទីតាំងភូមិសាស្ត្ររបស់យើងឱ្យលើសពីទីផ្សារក្នុងស្រុករបស់ខ្លួន។ ភាពស៊ីសង្វាក់គ្នានេះ គឺត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងជំហររបស់យើងនៅក្នុងឧស្សាហកម្មមួយនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។

លើសពីការដាក់ទុនវិនិយោគ កិច្ចសហការនេះបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញការអនុវត្តការរស់នៅប្រកបដោយនិរន្តរភាពផងដែរ។ លោក Ong បានបន្ថែមថានិរន្តរភាពមិនមែនជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលតែមួយមុខនោះទេ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីយើងម្នាក់ៗ។ នៅពេលយើងធ្វើដំណើរលើផ្លូវនេះ ខ្ញុំមានសុទិដ្ឋិនិយមដោយស្មោះថា កិច្ចសហការនេះនឹងផ្តល់ជាលទ្ធផលដ៏មានអត្ថន័យ រួមចំណែកជាវិជ្ជមានដល់បរិស្ថាន និងសហគមន៍ដែលយើងបានបម្រើដល់។

អ្វីដែលគួរកត់សម្គាល់ ក្រុមហ៊ុន Sunview មានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍មួយ ជាមួយនឹងគម្រោងដ៏ធំបំផុតរបស់ខ្លួននាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពផលិតថាមពលកកើតឡើងវិញបានដល់ទៅ ១00មេហ្កាវ៉ាត់រួចមកហើយ។

ម្យ៉ាងទៀត Sunview Group គឺជាក្រុមហ៊ុនដែលមានយុទ្ធសាស្ត្រផ្តោតលើប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងបានប្តេជ្ញាចិត្តយ៉ាងច្បាស់ដើម្បីធ្វើពិពិធកម្មទៅក្នុងប្រភពថាមពលស្អាតផ្សេងៗលើសពីថាមពលចេញពីពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុននេះ មានដំណើរការឧបករណ៍សូឡាចំនួន ២១ស្ថានីយរួចមកហើយ នៅក្នុងប្រទេសម៉ាឡេស៊ី និងមានគោលបំណងចម្លងភាពជោគជ័យរបស់ខ្លួនមកប្រទេសកម្ពុជា ជាពិសេសជាងនេះទៅទៀតនោះគឺចង់លើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោកថែមទៀតផង៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណ​ជាង ២០០កន្លែង។​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ​ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយ​ប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។​ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]

ដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការវិនិយោគថ្មីចំនួន ១២គម្រោង តម្លៃ $១៣៥លាន

ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានសំណើសុំការវិនិយោគថ្មីចំនួន ១២គម្រោង ក្រោមទុនវិនិយោគសុរបចំនួន ១៣៥លានដុល្លារ។ សំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យនិងពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំបានឱ្យដឹងថា គម្រោងវិនិយោគថ្មីៗទាំងនេះ មានចំនួន ១២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ, ដោយគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ដោយផ្តោតលើឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់)។ ជាការកត់សម្គាល់ គម្រោងទាំងអស់នេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។ គួររំលឹកថា កាលពីខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

ត្រឹមឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួនជិត ២ពាន់អគារ

គិតត្រឹមឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង និងមានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយឯកឧត្តម កើត ឆែ អភិបាលរងរាធានីភ្នំពេញនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជធានីភ្នំពេញគឺជារាជធានីដ៏ធំរបស់ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបន្តមើលឃើញពីនគរូបនីយកម្ម និងកំណើនឧស្សាហកម្មយ៉ាងឆាប់រហ័ស។ នាពេលថ្មីៗនេះ ឯកឧត្តម កើត ឆែ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ នៅក្នុងទីក្រុងភ្នំពេញមានអគារផ្ទះល្វែងចំនួន៤៥៣ និងអគារដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១.៨៧៧អគារ។ នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង។ ក្រៅពីអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ ដោយមានចំនួនរោងចក្រកើនឡើងដល់ទៅ ៨១១កន្លែង ក្នុងនោះដែរមានរោងចក្របង្កើតថ្មីចំនួន ១៨កន្លែង គិតត្រឹមឆ្នាំ២០២៤។ កំណើននេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាបន្តបន្ទាប់របស់នៅក្នុងទីក្រុង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសភាពទីក្រុងផងដែរ។ អាជ្ញាធរបានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគត ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់កំណើនប្រជាជន និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើន។ - Video Advertisement -

ឥណ្ឌូណេស៊ី សម្រេចវិនិយោគជិត $៣ពាន់លានទៀត ដើម្បីបញ្ចប់ដំណាក់កាលទី២ នៃការអភិវឌ្ឍន៍រាជធានីថ្មីរបស់ខ្លួន!

រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងចំណាយទឹកប្រាក់បន្ថែមចំនួន ៤៨,៨ពាន់ពាន់លាន IDR (ប្រហែល ២,៩៩ពាន់លានដុល្លារអាមរិក) ដើម្បីបន្តការអភិវឌ្ឍន៍រាជធានីថ្មី (IKN) របស់ខ្លួនក្នុងដំណាក់កាលទីពីរ ដែលមានរយៈពេលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ យោងតាម Vietnam Plus បានរាយការណ៍ពីព័ត៌មាននេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ក្នុងដំណាក់កាលដំបូង (ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) រដ្ឋាភិបាលឥណ្ឌូនេស៊ីបានវិនិយោគទឹកប្រាក់អស់ចំនួន ៨៩ពាន់ពាន់លាន IDR ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងថ្មីនេះ។ យោងតាមលោក Basuki Hadimuljono ប្រធានអាជ្ញាធរមូលធន Nusantara (OIKN) មូលនិធិសម្រាប់ដំណាក់កាលទីពីរនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបញ្ចប់គម្រោងសាងសង់សំខាន់ៗ រួមមានកន្លែងរក្សាទុកនូវប្រព័ន្ធអេកូឡូស៊ី ការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ។ លោក Basuki ក៏បានសង្កត់ធ្ងន់ទៀតថា ៤៨,៨ ពាន់ពាន់លានIDR នេះ នឹងត្រូវ បែងចែកជាចាំបាច់សម្រាប់ដំណាក់កាលទីពីរ ដើម្បីបញ្ចប់ការសាងសង់អគារនីតិប្បញ្ញត្តិ តុលាការ និងកន្លែងភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។ ថវិកានេះក៏នឹងត្រូវគ្របដណ្តប់លើការចំណាយមួយចំនួនទៀតដូចជា ការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនានាក្នុងដំណាក់កាលប្រតិបត្តិការផងដែរ។ លើសពីនេះទៀត អាជ្ញាធររាជធានី Nusantara ក៏កំពុងជំរុញការអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន […]

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៩៤% ចំណាយអស់ជិត $១៤០០លាន

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពេលនេះសម្រេចការងារសាងសង់បានជាង ៩៤% ជាមួយនឹងការវិនិយោគសរុបឈានដល់ជិត ១.៤ពាន់លានដុល្លារ។ គម្រោងដ៏មានមហិច្ឆតានេះសន្យាថានឹងប្រែក្លាយផ្លូវអាកាសរបស់ប្រទេស និងលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។ គួរបញ្ជាក់ថា ការងារសំណង់សំខាន់ធំៗ​ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ/ Passenger Terminal Building, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល/ Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ/ Aircraft Apron – Parking ត្រូវបានបញ្ចប់មួយផ្នែកធំនៅក្នុងបំណាច់ខែធ្នូ ឆ្នាំ២០២៤ និងមួយចំនួនតូចទៀតក្នុងខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទី២៤ ខែមករា ថា គម្រោងនេះកំពុងដំណើរការ និងស្របតាមពេលវេលាដែលបានកំណត់។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យើងរំពឹងថានឹងសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ជាផ្លូវការ” ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងសម្រាប់តំបន់។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដែលជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានផ្ទៃដីទំហំ ២.៦០០ហិកតា។ អាកាសយានដ្ឋានថ្មីនេះ គ្រោងនឹងក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់សម្រាប់កម្ពុជា។(អានបន្ថែម) […]

ក្រុមហ៊ុនចិនប្តេជ្ញាសង់ស្ថានីយថាមពលខ្យល់នៅមណ្ឌលគិរី ឱ្យចប់នៅឆ្នាំ២០២៦ ក្រោយបានការអនុម័ត

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. បានប្តេជ្ញាថានឹងបញ្ចប់ការសាងសង់ស្ថានីយ៍ថាមពលខ្យល់ អនុភាព ១៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦។ ការសន្យានេះធ្វើឡើងដោយលោក Wang Junwei តំណាងក្រុមហ៊ុនក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក Wang បានលើកឡើងពីសារៈសំខាន់នៃការស្វែងយល់ដឹងអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការធានាថាគម្រោងនេះត្រូវបានទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ជាធរមាន។ លើសពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំពេញតាមកាលកំណត់នៃការបញ្ចប់គម្រោងនៅឆ្នាំ២០២៦ សម្រាប់ស្ថានីយថាមពលខ្យល់មួយនេះ។ ឆ្លើយតបនឹងការប្តេជ្ញាចិត្ត ឯកឧត្តម ជា វុទ្ធី បានទទួលស្គាល់នូវការកើនឡើងនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនាំឱ្យតម្រូវការអគ្គិសនីមានការកើនឡើងផងដែរ ជាពិសេសពីប្រភពថាមពលស្អាត។ លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនខិតខំ​អនុវត្ត​គម្រោង​វិនិយោគ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាពបំផុត​ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ។ ឯកឧត្តម ជា វុទ្ធី ក៏បានធានាសាជាថ្មីដល់ក្រុមហ៊ុនថា មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។ នៅពេលដែលប្រទេសកម្ពុជាខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន គម្រោងនេះតំណាងឱ្យជំហានឆ្ពោះទៅមុខក្នុងការពង្រីកសមត្ថភាពថាមពលស្អាតរបស់ប្រទេស ស្របតាមការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ […]