ថៃ​ចាប់អារម្មណ៍ច្បាប់​ជួលដី​ធ្លីរបស់​កម្ពុជា ថាជាគំរូល្អសម្រាប់​កែ​លម្អ​ច្បាប់​អចលន​ទ្រព្យ​របស់ខ្លួន

ប្រទេសថៃកំពុងរៀបចំកែប្រែច្បាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេសដោយស្នើឱ្យមានវិសោធនកម្មសំខាន់ៗដើម្បីបន្តរយៈពេលជួលចាប់ពីអតិបរមា ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ដោយយកគំរូតាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira មានគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស និងដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើង។ គំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់អចលនទ្រព្យ ដែលបានប្រកាសនិងធ្វើបច្ចុប្បន្នភាពដោយ Aseannow.com នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ផ្តោតលើការលើកកម្ពស់ “សិទ្ធិលើការជួលទ្រព្យសកម្ម “។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ច្បាប់​ថៃ​រឹតត្បិត​កម្មសិទ្ធិ​របស់​ជនបរទេស​លើ​ដីធ្លី ដែល​បង្ហាញ​ពី​ឧបសគ្គ​ធំ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ នេះបើប្រៀបធៀបទៅនឹងច្បាប់អចលនទ្រព្យរបស់ប្រទេសមួយចំនួនទៀត។ ជាក់ស្តែងដូចជាច្បាប់របស់ប្រទេសអង់គ្លេស វែល បារាំង និងកម្ពុជា សុទ្ធតែបានអនុវត្តដោយជោគជ័យនូវច្បា​ប់ជួលពិសេសដែលអនុញ្ញាតឱ្យមានការជួលរយៈពេលវែង និងផ្តល់សិទ្ធិកាន់តែច្រើនដល់អ្នកជួល។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីនៅជាឥស្សរជនលេចធ្លោមួយរូបនៅក្នុងគណបក្សគ្រប់គ្រងរដ្ឋាភិបាល ពីមុនធ្លាប់បានស្នើថា ដីណាមួយដែលលក់ទៅឱ្យជនបរទេស គួរតែផ្ទេរទៅការគ្រប់គ្រងរបស់រដ្ឋក្រោមនាយកដ្ឋានរតនាគារជាតិជាមុនសិន។ នៅខែមេសា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃ បានណែនាំក្រសួងផ្សេងៗ ឱ្យស្វែងយល់ពីលក្ខខណ្ឌជួលយូរជាងនេះ ហើយនៅខែមិថុនា ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចឱ្យជំរុញសំណើទាំងនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយដែនកំណត់នៃការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ។

គួរកត់សម្គាល់ថា ច្បាប់ភូមិបាលឆ្នាំ ២០០១ របស់កម្ពុជា និងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧​ របស់កម្ពុជា អនុញ្ញាតឱ្យមានកិច្ចសន្យាជួលរហូតដល់ ៩៩ឆ្នាំ ដោយផ្តល់នូវសន្តិសុខ និងសិទ្ធិរយៈពេលវែងសម្រាប់អ្នកវិនិយោគបរទេស​ ដែលមានលក្ខខណ្ឌអំណោយផលច្រើនជាងដល់ជនបរទេស។ ក្របខណ្ឌអំណោយផលផ្លូវច្បាប់នេះ ធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាគំរូមួយដែលចេះប្រើប្រាស់ការរៀបចំសិទ្ធិជួលលើអចលនទ្រព្យ ដើម្បីទាក់ទាញអ្នកវិនិយោគអចលនទ្រព្យនៅទូទាំងពិភពលោក។

ដោយមើលឃើញពីចំណុចគំរូដ៏ល្អនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ ដឹកនាំដោយលោក Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ កំពុងស្វែងរកយុទ្ធសាស្រ្តដើម្បីបន្ស៊ីគោលការណ៍ច្បាប់អលចនទ្រព្យរបស់ខ្លួនឱ្យស្របតាមស្តង់ដារអន្តរជាតិ ដោយទទួលយកធាតុនៃគំរូភតិសន្យាដ៏ជោគជ័យទាំងនេះ។

គួររំលឹកថា ច្បាប់ស្តីពីសិទ្ធិលើការជួលឆ្នាំ ២០១៩ របស់ប្រទេសថៃ នាពេលបច្ចុប្បន្ននេះអនុញ្ញាតឱ្យមានការជួលចាប់ពីតែចន្លោះពី ៣ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ ដែលវិសាលភាពមានកំណត់របស់វា ធ្វើឱ្យមានការប្រឈមសម្រាប់ការអនុម័តលើគម្រោងធំៗនិងរយៈយូរមួយចំនួន។ ការពង្រីកលក្ខខណ្ឌទាំងនេះទៅដល់ ៩៩ ឆ្នាំ អាចជាកត្តាជំរុញសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ ដោយផ្តល់នូវភាពទាក់ទាញការវិនិយោគឱ្យប្រសើរឡើង និងស្របតាមការអនុវត្តជាសកល។

ភាពជោគជ័យរបស់ប្រទេសកម្ពុជា រួមជាមួយនឹងឧទាហរណ៍ពីប្រទេសផ្សេងទៀតដូចជាប្រទេសអង់គ្លេស វេលស៍ និងបារាំង ផ្តល់ការយល់ដឹងដ៏មានតម្លៃដល់ប្រទេសថៃ ខណៈដែលខ្លួនកំពុងស្វែងរកការធ្វើទំនើបកម្មបទប្បញ្ញត្តិអចលនទ្រព្យរបស់ខ្លួន។ តាមរយៈការកំណត់ និងពង្រីកសិទ្ធិជួលឱ្យកាន់តែប្រសើរឡើង ប្រទេសថៃមានបំណងដាក់ខ្លួនជាគោលដៅទាក់ទាញបន្ថែមទៀត សម្រាប់ការវិនិយោគអចលនទ្រព្យអន្តរជាតិ ជំរុញសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មពាក់ព័ន្ធ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]