រដ្ឋាភិបាលកម្ពុជា កំពុងព្រាងច្បាប់គ្រប់គ្រងដីចំណីផ្លូវដែក ដើម្បីបំបាត់រាល់ការរំលោភបំពាន

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យយស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែ​ក​​ ដើម្បីលុបបំបាត់ការទន្រ្ទានផ្លូវដែក ដែលរាំងស្ទះដល់ការអភិវឌ្ឍ។ នេះបើតាមកិច្ចប្រជុំ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។​

កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីធានាសេចក្តីព្រាងអនុក្រឹត្យមានទម្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងឆ្លើយតបទៅតាមការវិវត្តស្ថានភាពជាក់ស្តែងនៃវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា​។

អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅដល់ការទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់ នៅតាមបណ្ដាញផ្លូវដែក។

បន្ថែមពីនេះ អនុក្រឹត្យនេះ នឹងជួយកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញា ២០២៤

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានី និង នៅតាមបណ្តាខេត្តទាំងអស់ អញ្ជើញទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២៧១៩៩ អពដ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ - Video Advertisement -

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារពិសេស ដើម្បីពន្លឿនការងារសវនកម្មពន្ធដារ

រដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានកាន់តែឆាប់រហ័ស។ តាមរយៈអនុក្រឹត្យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតអង្គភាពនេះឡើង គឺជាយន្តការជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ស្ដីពីពន្ធដារសំដៅដល់ការកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ អនុក្រឹត្យដដែលនេះ បញ្ជាក់ទៀតថា អង្គភាពសវនកម្មពន្ធដារពិសេស មានតួនាទី និងភារកិច្ចដូចជា៖ ១-គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព។ ២-ទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្ម ពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម និងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៣-រៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំ ដោយផ្អែកលើសៀវភៅណែនាំស្តីពីការកំណត់ ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៤-អាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ៥-អនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ៦-ជូនព័ត៌មានទៅសាមីសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាស ដើម្បីធ្វើសវនកម្មពន្ធដារ។ ៧-ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ។ និង ៨-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ បើតាមសម្តេចធិបតី អង្គភាពសវនកម្មពន្ធដារពិសេស ត្រូវដឹកនាំដោយប្រធាន១រូប […]

កម្ពុជាចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលសង់មុនថ្ងៃ ១៩ ធ្នូ ១៩៩៧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់។ នេះបើតាមប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ប្រកាសនេះ ធ្វើឡើងសម្រាប់អគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវមកចុះបញ្ជីបំពេញបន្ថែមតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំដូចមានចែងក្នុងអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងអនុក្រឹត្យ លេខ១២១ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា៩ និងមាត្រា១៣ នៃអនុក្រឹត្យ លេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។ ចំពោះម្ចាស់នៃចំណែកឯកជន ដែលមានលក្ខខណ្ឌដូចខាងលើ ត្រូវមកដាក់ពាក្យសុំ ដោយផ្តិតមេដៃស្តាំ ឬចុះហត្ថលេខាដោយផ្ទាល់លើពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងត្រូវបង់កម្រៃសេវាសុរិយោដី។ បន្ថែមពីនេះ ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ត្រូវប្រគល់ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែង ឬឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុប្រសិនបើមាន ជូនរដ្ឋបាលសុរិយោដី ដើម្បីដូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់ដើមនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទះសម្បែងទាំងនោះ ត្រូវបោះត្រាមោឃៈ និងរក្សាទុក នៅរដ្ឋបាលសុរិយោដី។ រីឯច្បាប់ដើមនៃឯកសារដទៃទៀតដែលបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុ […]

រដ្ឋកំពុងរៀបផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេភ្ជាប់ជាមួយផ្លូវសមុទ្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា ២០២៥-២០៣៣។ នេះបើតាមសេចក្តីប្រកា​ស​ព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីព្រាងនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានភាពរីកចម្រើន និ​ង​​ដើម្បីពង្រីកការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ។ បន្ថែមពីនេះ សេចក្តីព្រាងក្របខណ្ឌនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។​ គួរបញ្ជាក់ថា សេចក្តីព្រាងក្របខណ្ឌនេះ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលដោយគណៈកម្មាធិការគោលនយោ​បា​យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ។ ក្របខណ្ឌនេះ បានដាក់ចេញបន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដែលកំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ​ និងអន្តរជាតិ។ (អានបន្ថែម) - Video Advertisement -

រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ទន្ទឹមនឹង ឯកឧត្តម បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគផងដែរ។ ក្រៅពីអនុសាសន៍ខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មី […]