រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។

បន្ថែមពីនេះ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។

ជាមួយគ្នានេះដែរ ចាប់តាំងពីការបង្កើតក្រុមការងារពិសេសនេះមក ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និងការសិក្សារៀបចំ និ​ងពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។

លើសពីនេះទៀត, ក្រុមការងារ បានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០០លានដុល្លារ។

ក្នុងនោះដែរ គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន២៧ ហើយក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ១២ ទៀតផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចបង្កើតកម្មវិធីពិសេសមួយ ដែលមានក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីជំរុញ និងដោះស្រាយគម្រោងជាប់គាំងនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤ ចំនួន ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ២២បន្ថែមទៀត នៅព្រះសីហនុ

ក្រុមការងារពិសេសកំពុងបន្តជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះ​ស្រាយវិវាទចំនួន ២២គម្រោង គិតជាទុនវិនិយោគមានប្រមាណជាង ២ពាន់លានដុល្លារ។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារខាងលើនេះ បានឱ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៣, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០០.០០០ដុល្លារ ដល់ ៥០០.០០០.០០០ដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមការងារ នឹងបន្តពន្លឿនពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៦បន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ […]

រដ្ឋចុះកំទេចសំណង់របងខុសច្បាប់ ដែលកំពុងសង់ព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត

ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត ដែលជាអំពីរំលោភលើទ្រព្យសម្បត្តិរដ្ឋ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរ​បស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា លោក អ៊ុក វុទ្ធី​ អនុរដ្ឋលេខាធិការ​ក្រសួងធនធានទឹក និង​ឧតុនិយម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​​ទីតាំង​ដី​ចំណី​ស្ទឹង​ព្រែកត្នោត​ដែល​រងការ​រំលោភបំពាន​​ ក្នុងភូមិសាស្ត្រ​ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល​ និង​ខណ្ឌកំបូល​ រាជធានីភ្នំពេញ​​​។ ក្នុងនោះ ក្រុមការងារបាន​​​​ចុះ​ពិនិត្យ សង្កេត និងស្រាវជ្រាវ ប្រវត្តិនៃការសាងសង់លំនៅឋាន និងបោះបង្គោលព្រំចាប់យកដី នៅលើដីចំណីស្ទឹងព្រែកត្នោត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ មួយវិញទៀត ក្រុមការងារ បានវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោតដែលជាដីសាធារណ:របស់រដ្ឋ និងដែលត្រូវរក្សាទុកជាប្រយោជន៍សាធារណ:។ ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងអំពីសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និង​ទំនប់អាងទឹក ៧មករា​ ដោយបានបញ្ជាក់ថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យ​សម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។​​ បន្ថែមពីនេះ ក្រសួងបានបន្ថែមថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុង​មាត្រា​៧១ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០​រៀល […]

សម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន រួមទាំងថាមពលអគ្គិសនីផងដែរ ដែលតម្រូវឱ្យមានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធគ្រងគ្រង និងបទដ្ឋានបច្ចេកទេស។ សម្តេចបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ទិញធុងហ្គាសមកដាក់ប្រើប្រាស់ក្នុងផ្ទះ ដែលអាចបង្ក​ហានិភ័យផ្ទុះ ដែលត្រូវមានក្រុមហ៊ុនមួយ សម្រាប់គ្រប់គ្រងការបំពាក់តម្លើងប្រព័ន្ធហ្គាសតាមតំបន់។​ សម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀប​ចំប្រព័ន្ធស្តង់ដារ រួមមាន៖ប្រព័​​​ន្ធភ្លើង ប្រព័​​​ន្ធទឹក និងប្រព័​​​ន្ធហ្គាស ដោយច្របាច់បញ្ចូលគ្នាទៅក្នុងការរៀបចំផែនការគោលនយោបាយសុវត្ថិភាពសំ​ណ​​ង់​អគារ។ - Video Advertisement -

រដ្ឋបន្តដកហូតដីព្រៃជាង ៣៤០០ហិកតាបន្ថែមទៀត នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ

អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណ ៣៤៣៤ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំ​ឱរ៉ាល់ ​មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០៣កន្លែង ដែលមានផ្ទៃដីសរុប ៣៤៣៤ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤៥០ហិកតា រួចហើយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ (អានបន្ថែម) - Video Advertisement -

រដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង

មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទន្ទ្រានយ៉ាងអនាធិបតេយ្យយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ដីទាំងអស់ខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុង ភូមិភ្លុក នៃឃុំភ្លុក ស្រុកសេសាន និងមួយចំនួនទៀតនៅតំបន់អូរឃ្លៀង ស្ថិតក្នុងភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក ភូមិសំរោង នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិឫទ្ធីសែនជ័យ១ ភូមិណាអូង នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រភពដដែល បានឱ្យដឹងទៀតថា​ ក្រសួងកសិកម្ម បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១.៩១៤,២៣៦៧ហិកតា  ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក […]

រដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង  បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ​  ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។ ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៤។ ការផ្តល់ជូននេះ សម្រាប់ពលរដ្ឋចំនួន៧ភូមិ ក្នុងនោះរួមមាន៖ ភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ នាឱកាសនោះ ​ ឯកឧត្តម​ សាយ​ សំអាល់ បានលើកឡើងថា រដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ឱ្យបានត្រឹមត្រូវ តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។ […]