អគារទីស្តីការថ្មី​កម្ពស់១៨ជាន់ របស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់១០០%ហើយ

អគារទីស្តីការថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពស់ ១៨ជាន់ តាមបណ្តោយមហាវិថីព្រះនរោត្តម​ បានបញ្ចប់ការសាងសង់ហើយ។

នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។

បើតាមលោក​ ឃុន​ សេងផេង​ តំណាងក្រុមហ៊ុន​សាងសង់​ គឺក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត​ អ៊ិចផត​ បានបញ្ជាក់ថា​ អគារទីស្តីការថ្មីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​នេះ មានកម្ពស់ ​១៨ជាន់ ​ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ និងបញ្ចប់ការសាងសង់នៅថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ២០២៣​កន្លងទៅ​នេះ។

លោក​ ឃុន​ សេងផេង​ បានបញ្ជាក់បន្ថែមថា អគារទីស្តីការថ្មីនេះត្រូវបានសាងសង់ឡើងប្រើរយៈពេលអស់ជាង៣ឆ្នាំ ​ ក្រុមហ៊ុន​របស់លោក​ និងក្រុមហ៊ុន​ដៃគូគឺក្រុមហ៊ុន​ ម៉ាទីន​ ឌីហ្សាញ​ &សឹកសេស​ ប៊ីល​ ទទួលបានការគាំទ្រជានិច្ចទាំងផ្នែកពិគ្រោះយោបល់​និងបច្ចេកទេសពីគណៈ​ក​ម្មការសាងសង់របស់ក្រសួង​ ក្នុងកិច្ចសហការ​និងយោគយល់គ្នាយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា​ អគារទីស្តីការថ្មីរបស់ក្រសួងនេះ​ គឺមានជណ្តើរយោងរថយន្តចំនួន ០២គ្រឿង​ អាចចតរថយន្តនៅជាន់ទី១​ ទី២​ និងទី៣​ បានចំនួន ​៤៥​គ្រឿង​ ។ ចំពោះថ្នាក់ដឹកនាំ​ ជារដ្ឋលេខាធិការ​ និងអនុរដ្ឋលេខាធិការ ក៏ត្រូវបានរៀ​ប​ចំ​ពិធីចាប់ឆ្នោត​ ដើម្បីជ្រើសរើស​ជាន់​ និងបន្ទប់ធ្វើការ​​ផងដែរ​ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយទឹកស្អាត ២៩កន្លែង ក្នុងខេត្តបន្ទាយមានជ័យ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែងនេះ ស្ថិតនៅក្នុងស្រុកទាំងចំនួន៥ នៃខេត្តបន្ទាយមានជ័យ ដែលមានគ្រួសារទទួលផលចំនួន ១៤.៩៥១ គ្រួសារ។ ឯកឧត្តម ក៏បានបញ្ជាក់ថា បច្ចុប្បន្នខេត្តនេះ មានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨.២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញ។ រីឯស្ថានីយផលិតទឹកផឹកវិញ ឯកឧត្តមថា មានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦ ខណៈបណ្តាញចែកចាយទឹកតាមបំពង់ ទាំងស្ថានីយផលិតទឹកផឹក […]

កម្ពុជានឹងសង់ច្រកព្រំដែនអន្តរជាតិថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង

​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ច្រក​អន្តរជាតិ​ថ្មី​ចំនួន ៤ នៅ​ខេត្ត​ក្រចេះ តាកែវ ត្បូងឃ្មុំ និង​រតនគិរី។ ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ ។ កិច្ចប្រជុំបានផ្តោតលើគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដែលផ្តល់មូលនិធិដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមន្ត្រីក្រសួងបានពិនិត្យរបាយការណ៍បឋម និងពិភាក្សាអំពីទីតាំងសក្តានុពលសម្រាប់ច្រកព្រំដែនថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តគម្រោងនេះដោយជោគជ័យ និងតម្រូវការក្នុងការបង្កើតក្រុមការងារបច្ចេកទេស។ ក្រុមនេះនឹងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើកត្តាផ្សេងៗរួមទាំងការជ្រើសរើសទីតាំង តម្រូវការដី លក្ខខណ្ឌភូមិសាស្រ្ត លទ្ធភាព និងវិធានការចាំបាច់សម្រាប់ការរៀបចំ និងការចរចាដីធ្លី។ ទីតាំងដែលបានកំណត់សម្រាប់ច្រកទ្វារអន្តរជាតិថ្មី គឺត្រពាំងស្រែ ក្នុងខេត្តក្រចេះ ភ្នំដិន ក្នុងខេត្តតាកែវ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ និងអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវឆ្លងកាត់ថ្មីទាំងនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងសម្រួលពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែរលូនរវាងកម្ពុជា និងប្រទេសជិតខាង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន ជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហការក្នុងតំបន់។ - Video Advertisement -

ត្រឹមតែ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានការវិនិយោគថ្មី ១១២គម្រោង មានទុនជាង ១ពាន់លានដុល្លារ

គិតត្រឹមរយៈពេល២ខែ ពោលគឺខែកមរា-កុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥។ ប្រភពដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១១២គម្រោងនេះ គេរំពឹងថាអាចជួយបង្កើតការងារបានជាង ៧ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ទៅ៤៣គម្រោង។ ដោយឡែក សម្រាប់ខែកុម្ភៈតែមួយ ក្នុងឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។ ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់សម្រាប់ខែកុម្ភៈ ឃើញថាលំហូរទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលេខរៀងទី១ រួមចំណែកប្រមាណ ៨៦,៧៥%, ខណៈសង្ហបុរីស្ថិតនៅលេខរៀងទី២ មានប្រមាណ ១១,៩៧%, អូស្រ្តាលី ស្ថិតនៅលេខរៀងទី៣ ០,៨០%, និងប្រទេសអង់គ្លេស មានប្រមាណ ០,៤៨%។ ដោយឡែក […]

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

កម្ពុជាប្រកាសសង់កីឡដ្ឋានគោកធ្លក តម្លៃជាង ៤លានដុល្លារ នៅខេត្តកណ្ដាល

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការសាងសង់កីឡដ្ឋានថ្មីមួយ គឺកីឡដ្ឋានគោកធ្លក រួមជាមួយនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងខេត្តកណ្តាល។ គម្រោងនេះ​មាន​តម្លៃប្រមាណ ៤.៤លាន​ដុល្លារ​ ដែលជាការគូសបញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​របស់​សហព័ន្ធ​ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​បាល់ទាត់​របស់​ប្រទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ FFC បានបញ្ជាក់ថា គម្រោងសាងសង់នេះត្រូវបានអនុម័តក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គម្រោងនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការរួមបញ្ចូលគ្នានៃមូលនិធិដែលនៅសល់ពីគម្រោង Goal Project, FIFA Forward 2.0 និងគំនិតផ្តួចផ្តើម FIFA Forward 3.0 ។ កីឡដ្ឋានគោកធ្លកនេះ មានទីតាំងនៅក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ស្ថិតនៅលើដីកម្មសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់ ដែលនឹងបំពាក់គ្រឿងបរិក្ខារទំនើបបំផុតដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១២.០០០នាក់ ជាមួយនឹងដំណាក់កាលដំបូងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកគាំទ្រចំនួន ៤.២០០នាក់។ ពេលវេលាសម្រាប់ការសាងសង់ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាត និងការអនុម័តចាំបាច់មួយចំនួន។ FFC មានគោលបំណងបើកសម្ពោធកីឡដ្ឋាន និងទីស្នាក់ការរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បាល់ទាត់កម្ពុជា។ គម្រោងនេះមិនត្រឹមតែមានគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់វត្តមានរបស់កម្ពុជានៅក្នុងសហគមន៍បាល់ទាត់ថែមទៀត។ - Video Advertisement -

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។ - Video Advertisement -