ជប៉ុននិងអាមេរិក បន្តផ្តល់ជំនួយជាង១លានដុល្លារ ជួយដល់គម្រោងអភិរក្ស និងជួសជុសប្រាសាទខ្មែរ

រដ្ឋាភិបាលប្រទេសជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែបានបន្តផ្តល់ជំនួយជាថវិកាសរុបប្រមាណ ១.១៥០.០០០ ដុល្លាអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទខ្មែរ។ នេះបើតាម​លទ្ធផលនៃ​កិច្ច​​ប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរពគុក កាលថ្ងៃទី ៩ ដល់​ទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ដឹកនាំដោយលោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ និង​អន្តរជាតិសរុប៣០០នាក់។

អង្គប្រជុំ​នោះ បានឱ្យដឹងថា ​រដ្ឋាភិបាលប្រទេសជប៉ុន បាន​បន្ត​ផ្តល់​ជំនួយ​ថវិកា​ចំនួន ៩០០.០០០ដុល្លារអាម៉េរិក ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទី​ប្រាំពីរ​។ ចំណែកឯ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បាន​ប្រកាស​បន្ត​ផ្តល់​ជំនួយថវិកាចំនួន ២៥០.០០០ដុល្លារអាម៉េរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទ​ភ្នំបាខែងផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីពាក់ព័ន​បានសម្តែង​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​​គម្រោងអភិរក្ស និង​ជួសជុល​ប្រាសាទមេបុណ្យ​ខាងលិច ដែល​ជា​កិច្ច​សហការគំរូ​រវាង​រដ្ឋាភិបាល​ប្រទេសបារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា បន្ទាប់​ពីដំណើរ​ការ​រយៈ​ពេល ១៤ឆ្នាំ ក្រោម​ជំនួយ​ថវិកា​ប្រទេស​បារាំង​ចំនួន ១២លានអឺរ៉ូ។ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ថា៖​ «គម្រោងនេះគ្រោង​ នឹង​បិទ​​បញ្ចប់​​នៅ​​ក្នុង​​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខាងមុខ និង​​គ្រោង​ប្រារព្ធ​ពិធី​សម្ពោធដាក់ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ព្រម​ទាំង​គម្រោង​​អភិរក្ស និង​អភិវឌ្ឍន៍ដទៃ​ទៀត ដែល​អនុវត្ត​​ដោយ​​សា្ថប័ន​​ដៃ​គូអន្តរជាតិ​នានា»៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង