ហេដ្ឋារចនាសម្ព័ន្ធធំៗ២ នៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង​ សម្រេចបាន១០០%

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួនពីរ នៅតំបន់រុនតាឯក និងពាក់ស្នែង​សម្រេចបាន ១០០ភាគរយ ក្នុងនោះរួមមានគម្រោងកសាងផ្លូវ ១៦៥គីឡូម៉ែត្រ និងគម្រោងដាក់បណ្តាញមេបញ្ជូនទឹក។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន ២៨ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦៥ គីឡូម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុងហើយ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសឱ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គម្រោងផ្លូវនេះសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់ទាំងបិរខាងលើឱ្យក្លាយជាទីប្រជុំជនមួយ។ ​(អានបន្ថែម)

ដោយឡែក គម្រោងដាក់បណ្តាញមេបញ្ជូនទឹកទៅតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង សម្រេចបាន ១០០% ហើយ ដែលបច្ចុប្បន្នក្រសួងក៏កំពុងត្រៀមរៀបចំតម្លើងម៉ូទ័របូមទឹក ដើម្បីបញ្ជូនទឹកបន្តចូលទៅតំបន់អភិវឌ្ឍន៍រុនតាឯក។

គួរបញ្ជាក់ទៀតថា ចំពោះតំបន់អភិវឌ្ឍន៍ពាក់ស្នែង សម្រេចបានការដាក់បណ្តាញទឹកស្អាតទំហំ ​៤០០មម ប្រវែង៥គីឡូម៉ែត្រ និង ទំហំ ៣១៥មម ប្រវែង ១៥គីឡូម៉ែត្រ ផងដែរ។ នេះបើយោងតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងនៅពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា កន្លងមក ក្រសួងបានរៀបចំរាល់ឯកសារគតិយុត្តពាក់ព័ន្ធ​ ការគិតគូមធ្យោបាយ និង​សំភារៈ​​សាងសង់​ ហើយការចុះពិនិត្យគម្រោងមានការចុះអនុវត្តផ្ទាល់ដោយក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តសៀមរាប​៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។ - Video Advertisement -

ចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ និង ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀ​ត​ជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួ​យនឹ​ងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ […]

រយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២៨គម្រោង តម្លៃ៤៤៣លានដុល្លារ

ក្នុងរយៈពេល១ខែ គឺខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ តុលា ២០២៤នេះ។ ជាការគត់សម្គាល់ ឃើញថាគម្រោងវិនិយោគទាំង២៨ខាងលើ បានហៀរចូលក្នុងវិស័យឧស្សាហកម្មទាំងអស់ ដោយខេត្តព្រះសីហនុទទួលបាន ៨គម្រោងច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀងចំនួន ៧គម្រោង, កោះកុងចំនួន ៤គម្រោង, ភំ្នពេញចំនួន ៣គម្រោង, តាកែវ និងពោធិ៍សាត់ចំនួន ២គម្រោងដូចគ្នា, និង កំពង់ស្ពឺនិងកណ្តាល ១គម្រោងដូចគ្នាផងដែរ។ តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងខែកញ្ញានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៣២,៩២ភាគរយ នៃទុនវិយោគសរុប។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។ ជាងនេះទៅទៀត របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ ក្នុងនោះរួមមាន៖ ក_ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១_ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ […]

ក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

​ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.៥០០តោន ក្នុងមួយឆ្នាំ ខណៈកាលពីចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាចកែច្នៃបានត្រឹមតែ ៣00តោនប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន MIRARTH បានបង្ហាញពីការសិក្សារបស់ខ្លួនអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងត្រូវប្រើរយ:ពេល ២ឆ្នាំ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។ ជាមួយនឹងសំណើខាងលើនេះ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន MIRARTH បានបើកសម្ពោធដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីអំឡុងខែមិថុនា កន្លងទៅ ដែលមានជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង […]

រដ្ឋប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីឈានដល់ការអនុវត្តជំហានបន្ទាប់

​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ និងពិភាក្សាពីជំហានបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ ការប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។ គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ត្រូវបានបង្កើតឡើងដោយមានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និង ទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា […]

ចិនចំណាយជិត $១០ពាន់លាន ជីកព្រែកវៀងសមុទ្រភ្ជាប់មកប្រទេសអាស៊ាន បច្ចុប្បន្នសម្រេចបាន ៥៣%

ព្រែកជីកពីងលូ ( Pinglu ) តម្លៃ ៩,៩៧ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវៀងសមុទ្រដ៏សំខាន់នៅក្នុងតំបន់ស្វយ័តគួងស៊ី ( Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមប្រតិបត្តិការជាង២ឆ្នាំ ចាប់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។ វឌ្ឍនភាពដ៏សំខាន់នេះ ត្រូវបានរាយការណ៍ដោយ pattayamail នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។​ ក្រោយសាងសង់រួច គម្រោងខ្នាតយក្សនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីតំបន់ណាននីងទៅកាន់ឈូងសមុទ្រ Beibu ភាគខាងត្បូងប្រទេសមកត្រឹម ១៥ ទៅ ១៧ ម៉ោងប៉ុណ្ណោះ។ ព្រែកជីកនេះ គឺជាធាតុសំខាន់នៅក្នុងផែនការប្រាំឆ្នាំទី ១៤ របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រច្រករបៀងដី និងសមុទ្រខាងលិចថ្មី និងមានតួនាទីជានិម្មិតរូបបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៅក្នុងវិស័យភស្តុភាររវាងប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រែកជីក Pinglu មានប្រវែងសរុបប្រមាណ ១៣៤,២ គីឡូម៉ែត្រ ដែលមានទំហំអាចអនុញ្ញាតឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៥០០០ តោន ចំនួន ០៣ អាចឆ្លងកាត់ទន្ទឹមគ្នាបាន ដែលធានាបាននូវការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ […]