Urban Village ឈ្នះពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ីដោយ PropertyGuru
Urban Village របស់ក្រុមហ៊ុន Urban Hub (Cambodia) Co.,Ltd គឺជាអ្នកប្រកួតពីកម្ពុជាតែម្នាក់គត់ដែលឈ្នះពានរង្វាន់ពីកម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ នោះគឺ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលជាលើកទី១៤ហើយ។
ធ្វើឡើងនៅឯសណ្ឋាគារ Athenee Hotel ក្នុងទីក្រុងបាងកកប្រទេសថៃ កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019 បានប្រគល់ពានរង្វាន់ជាច្រើនដល់អ្នកដែលបានចូលរួមប្រកួតនៅក្នុងអាស៊ី ដែលក្នុងនោះ Urban Village បានឈ្នះប្រភេទពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ី ដោយសារភាពល្អរបស់គម្រោងមួយនេះ។
Urban Village គឺជាគម្រោងខុនដូកម្ពស់ ១៩ ជាន់ ដែលត្រូវបានរចនាឡើងនៅតំបន់ត្រូពិកបៃតងដែលបង្កើតបរិយាកាសយ៉ាងស្វាគមន៍នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រនៃរាជធានីភ្នំពេញ។ ខុនដូនេះ ស្ថិតនៅជាប់នឹង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hubដែលជាមជ្ឈមណ្ឌលចម្រុះផ្នែកលើព័ត៌មានវិទ្យា និងការច្នៃប្រឌិត ដែលរួមមានទីធ្លាបៃតង កន្លែងធ្វើការរួមគ្នា អាហារនិងការដើរទិញឥវ៉ាន់ និងកន្លែងជាច្រើនទៀត។
ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលបានប្រារព្ធធ្វើឡើងកាលពីខែឧសភា Urban Village ក៏បានត្រឡប់ទៅផ្ទះវិញជាមួយនឹងពានរង្វាន់ជាច្រើនប្រភេទផ្សេងៗគ្នានៅក្នុងអំឡុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថាក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យើងធ្វើប្រតិបត្តិការ PropertyGuru ជាក្រុមហ៊ុនផ្អែកលើគុណតម្លៃ និងដោយផ្អែកទៅលើគុណតម្លៃស្នូលមួយដែលបានជំរុញទឹកចិត្តដល់យើង នោះគឺការបង្កើតសមិទ្ធផលជាបន្តបន្ទាប់បន្ថែមទៀត។ ទោះបីជាអ្វីក៏ដោយ ក៏មិនអាចធ្វើឱ្យយើងមានមោទនភាពជាងការស្មោះត្រង់ចំពោះគម្រោង និងចំពោះភាគីពាក់ព័ន្ធនៃអចលនទ្រព្យដែលជំរុញយើងឆ្ពោះទៅរកឧត្ដមភាពដែរ»។
មុនពេលឈានដល់កម្មវិធីប្រគល់ពានរង្វាន់វគ្គ ផ្ដាច់ព្រ័ត្រ កម្មវិធីនេះបានប្រគល់ពានរង្វាន់ជាង ៣៣០ និងបានប្រមូលផ្ដុំភ្ញៀវកិត្តិយសជាង ៣២២០ នាក់ឱ្យមកអញ្ជើញចូលរួមនៅក្នុងកម្មពិធីពិសាភោជនាអាហារពេលល្ងាចចំនួនប្រាំបីកម្មវិធី និងកម្មវិធីប្រគល់ពានរង្វាន់ជាច្រើនផ្សេងទៀតដែលបានប្រារព្ធរៀបចំធ្វើឡើងនៅក្នុងឆ្នាំនេះនៅតាមបណ្ដាទីក្រុងនានានៅអាស៊ី។
ការឈានជើងចូលរបស់ជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ លើកទី១៤ ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យដែលរួមមានសមាសភាគចៅក្រមដឹកនាំនៅក្នុងទីផ្សារចូលរួម។
សម្រាប់បញ្ជីឈ្មោះអ្នកឈ្នះទាំងអស់សូមចុចទីនេះ។
- Video Advertisement -