អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។

ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖

ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។

ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។

ទី៣_ជំនួយផ្នែកការងារ និងពិការភាព៖ ក្រសួងការងារសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៣លានដុល្លារ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក និងដោះស្រាយឧបសគ្គនានាទាក់ទងនឹងពិការភាព។

លើសពីនេះ អ្នកស្រី Power ក៏សង្កត់ធ្ងន់លើវិស័យសុខុមាលភាពផងដែរ ដោយបានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ដើម្បីនឹងជួយពង្រឹងសន្តិសុខសុខភាពរបស់កម្ពុជា តាមរយៈកម្មវិធី COMMIT2 ថ្មី រយៈពេលប្រាំឆ្នាំរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID សហការជាមួយអង្គការ KHANA ដែលនឹងលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅកម្ពុជា។

គំនិតផ្តួចផ្តើមសំខាន់ៗនៅក្នុងកម្មវិធីនេះរួមមាន៖

ទី១_ USAID នឹងប្រើប្រាស់ទឹកប្រាក់ ៤ លានដុល្លារ ក្នុងឆ្នាំដំបូងរបស់ខ្លួន ផ្តោតលើការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការបង្ការក្នុងសហគមន៍មូលដ្ឋាន។​

ទី២_ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងវិនិយោគជាង ១លានដុល្លារ ដើម្បីវាយតម្លៃកម្រិតនៃលោហធាតុធ្ងន់ដូចជាសារធាតុសំណ និងអាសេនិចនៅក្នុងខ្លួនកុមារ ស្ត្រីមានផ្ទៃពោះ បរិស្ថាន និងផលិតផលនានា ហើយចាត់វិធានការ ដើម្បីជួយបង្ការការប៉ះពាល់នៃសារធាតុទាំងនេះនាពេលអនាគត។

ទី៣_ USAID ក៏បានផ្តល់ជំនួយសម្រាប់សមកម្មភាពបោសម្អាតមីន និងការអប់រំពីហានិភ័យមីនសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍នៅកម្ពុជា​ដែលមានថវិកាសរុបចំនួន ១២លានដុល្លារ។ បើគិតមកទល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានជួយបោសសម្អាតមីននៅកម្ពុជាបានចំនួន ១,៥លានគ្រាប់ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៣ម៉ឺនហិកតា។

គួរបញ្ជាក់ថា ការវិនិយោគលើវិស័យទាំងនេះ គឺជាសក្ខីភាពនៃកិច្ចសហការរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ជាមួយប្រទេសកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីកែលម្អវិស័យសុខាភិបាល សុវត្ថិភាព និងលើកកម្ពស់ឱកាសនានាសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបាលខេត្តហ៊ឺណាន, ប្រទេសចិន ប្រកាសចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា

តាមរយៈគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6), រដ្ឋបាលខេត្តហ៊ឺណាន បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងធ្វើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ CDC បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មដែលគ្រោងបង្កើតនេះ ត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួររំលឹកថា ក្រុមហ៊ុន […]

ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]

ថៃ គ្រោងចំណាយ ១១លានដុល្លារ សង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ

ក្នុង​វិធានការ​ពង្រឹង​សន្តិសុខ​ព្រំដែន អាជ្ញាធរ​ថៃ​បាន​ប្រកាសពី​គម្រោង​សាងសង់​របង​ប្រវែង ៥៥ គីឡូម៉ែត្រ​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ស្រះកែវ ដោយ​ចំណាយ​ថវិកាប្រមាណ ៣៩៥លាន​បាត (ឬស្មើនឹងប្រមាណ ១១លាន​ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ភូមថាម វេឆាយ៉ាឆៃ ទទួលបន្ទុកបញ្ហាសន្តិសុខ បានផ្តល់ភ្លើងខៀវឱ្យពិនិត្យ និងជំរុញសំណើសុំសាងសង់របងព្រំដែននេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​របងព្រំដែននេះ អភិបាល​ខេត្ត​ស្រះកែវ លោក Parinya Phothisat ក៏បាន​ស្នើ​ឲ្យ​ពង្រឹង​សន្តិសុខ​​បន្ថែម​ទៀត ដោយត្រូវ​ដំឡើង​កាមេរ៉ា​ឃ្លាំមើល​តាម​របងព្រំដែន ​ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​ខុសច្បាប់ទាំងនេះឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព។ ជាងនេះទៅទៀត អភិបាលខេត្ត Phothisat បានជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតការិយាល័យកុងស៊ុលពិសេសមួយ ដើម្បីត្រួតពិនិត្យសុខុមាលភាពរបស់ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូទាំងខេត្តចំនួនប្រាំបីក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋថៃនៅបរទេស។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងវិធានការសន្តិសុខតាមព្រំដែនរបស់ខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់ដែលកំពុងកើតមានទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។ - Video Advertisement -

អាជ្ញាធរខេត្តតាកែវ គ្រោងចំណាយជាង $២លាន សង់ប្រាសាទកណ្ដាលបឹងតាកែវ ទុកជាទីសកា្ករៈ

ក្នុង​គោល​បំណង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ជំរុញ​វិស័យ​ទេសចរណ៍ អាជ្ញាធរ​ខេត្តតាកែវ​បាន​ប្រកាសពី​គម្រោង​វិនិយោគ​ជាង ២​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​ដែល​មានទីតាំងស្ថិត​នៅចំ​កណ្តាល​បឹង​តាកែវ។ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បានលើកឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម  វ៉ី សំណាង  អភិបាល​ខេត្ត​តាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។។ ​ឯកឧត្តម បានសង្កត់ធ្ងន់ថា មូលនិធិសម្រាប់សាងសង់ប្រាសាទនេះ នឹងមិនប្រើថវិកាជាតិទេ។ ផ្ទុយទៅវិញ វាជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនក្នុង និងក្រៅប្រទេស។ ប្រាសាទ​នេះ​មិន​ត្រឹម​តែ​ជា​ទី​សក្ការៈគោរពបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ពង្រឹង​សហគមន៍​មូលដ្ឋាន​ផង​ដែរ។ បន្ថែមពីលើគម្រោងសង់ប្រាសាទ អាជ្ញាធរខេត្តគ្រោងនឹងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងថ្មីមួយជុំវិញបឹងតាកែវ ដោយមានសួនច្បារបៃតងស្រស់ត្រកាលនៅអមសងខាងផ្លូវ។ ផ្លូវនេះដែរ នឹងលាតសន្ធឹងជាង១០គីឡូម៉ែត្រ ដែលផ្តល់ឱ្យពលរដ្ឋជាកន្លែងសម្រាប់ហាត់ប្រាណ ជិះកង់ និងលំហែកាយ អមដោយទេសភាពដ៏ស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្ត មានសុទិដ្ឋិនិយមថា គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែ ឱ្យរិតតែមានភាពទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តខេត្តមួយនេះឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមទាំងនេះ ខេត្តតាកែវមានគោលបំណងបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពទំនើប បង្កើតបរិយាកាសរស់រវើកសម្រាប់ទាំងអស់គ្នា។ - Video Advertisement -

រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណ​ជាង ២០០កន្លែង។​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ​ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយ​ប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។​ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]

ដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការវិនិយោគថ្មីចំនួន ១២គម្រោង តម្លៃ $១៣៥លាន

ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានសំណើសុំការវិនិយោគថ្មីចំនួន ១២គម្រោង ក្រោមទុនវិនិយោគសុរបចំនួន ១៣៥លានដុល្លារ។ សំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យនិងពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំបានឱ្យដឹងថា គម្រោងវិនិយោគថ្មីៗទាំងនេះ មានចំនួន ១២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ, ដោយគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ដោយផ្តោតលើឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់)។ ជាការកត់សម្គាល់ គម្រោងទាំងអស់នេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។ គួររំលឹកថា កាលពីខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]