ស្ថានីយឧតុនិយមតម្លៃ ៧លានដុល្លារ គ្រោងសាងសង់នៅខេត្តកំពង់ធំ នៅឆ្នាំក្រោយ

ស្ថានីយឧតុនិយមទីពីរ គ្រោងសាង់សង់នៅឆ្នាំ ២០២១ នៅខេត្តកំពង់ធំ ដើម្បីបង្កើនបច្ចេកវិទ្យា និងសមត្ថភាពបំពេញការងារព្យាករការប្រែប្រួលអាកាសធាតុ និងកម្រិតទឹកភ្លៀង ក្នុងប្រទេសកម្ពុជា នេះបើយោងតាមការប្រកាសថ្មីៗនេះ របស់ក្រសួងធនធានទឹក និងឧតុនិយម។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងនៅក្នុងសន្និសីទព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះថា ស្ថានីយឧតុនិយម ឬហៅថាស្ថានីយរាដា នឹងត្រូវសាងសង ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានតម្លៃប្រមាណ ៧លានដុល្លារ។

លោក ចាន់ យុត្ថា មិនបានបញ្ជាក់ ពីទីតាំង នៃការសាងសង់ស្ថានីយឧតុនិយម ក្នុងខេត្តកំពង់ធំនៅឡើយទេ។ ទោះយ៉ាងណាក្តី លោកបានបង្ហើបឱ្យដឹងថា គម្រោងសាងសង់ស្ថានីយឧតុនិយមទីពីរនេះ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ ដែលក្នុងគម្រោងនេះ រួមបញ្ជូលទាំងការបណ្តុះបណ្តាលមន្រ្តីជំនាញផ្នែកឧតុនិយម ជាមួយនឹងការបំពាក់ឧបករណ៍ទំនើបៗថែមទៀតផង។

បច្ចុប្បន្ន កម្ពុជា មានស្ថានីយឧតុនិយម ទីមួយ ឈ្មោះ ស្ថានីយឧតុនិយម “តេជោសែន” មានទីតាំងនៅជិតច្រមុះជ្រូកក្បាលថ្នល់ ក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។ ស្ថានីយឧត្តុនិយមនេះ មានកំពស់ ៦០ម៉ែត្រ ដែលចំណាយអស់ថវិកាប្រមាណ ៧លានដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យដំណើការ ក្នុងឆ្នាំ២០១២៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម) - […]

ទីលានចាក់សំរាមទំហំជិត ១៩ហិកតា នៅក្រុងកំពង់ចាម សម្ពោធដាក់ឱ្យប្រើជាផ្លូវការហើយ

ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្ថិតលើផ្ទៃដីទំហំ ១៨,៦៧ហិកតា ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀ​ម​ ខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានចាក់សំរាមនេះ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤  ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិបត្តិការសាងសង់ដោយក្រុមហ៊ុន BM Construction & Electric Co., Ltd។ គម្រោងនេះចំណាយពេល ១១ខែ ដើម្បីបញ្ចប់ និងមានគោលបំណងបម្រើដល់តម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍។ នៅក្នុងដំណាក់កាលដំបូង ទីលានចាក់សំរាមនេះត្រូវបានរៀបចំឡើងសម្រាប់ទុកដាក់សំរាមក្នុងតំបន់សម្រាប់រយៈពេល៧ឆ្នាំខាងមុខ ដោយគិចចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។ គួរបញ្ជាក់ថា ប្រជាជនក្នុងតំបន់ប្រមាណជា ៨៥% ស្មើនឹងប្រមាណ ៩០៨.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដ៏សំខាន់មួយនេះ។ តំបន់ទាំងនោះរួម​មាន​សហគមន៍​នៅ​សង្កាត់​បឹង​កក់ សង្កាត់​កំពង់ចាម សង្កាត់​សំបួរមាស សង្កាត់​វាលវង់ ព្រម​ទាំង​ឃុំ​អំពិល និង​ឃុំ​ឃ្វាល ក្នុង​ស្រុក​កំពង់សៀម។ យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ទីលានចាក់សំរាមក្រុងកំពង់ចាមនេះ គឺជាយុទ្ធសាស្រ្តត្រួសត្រាយផ្លូវសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្អាត និងសុវត្ថិភាពជាងមុន ដែលនេះជាសញ្ញាបង្ហាញពីការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គកាន់តែប្រសើរឡើង។   - Video Advertisement -

ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ថវិកា $៤០៣លាន ដើម្បីអនុវត្តគម្រោងសំខាន់៦ នៅកម្ពុជា

ក្នុងឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយកម្ពុជាតាមរយៈផ្តល់កម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍគម្រោងសំខាន់ៗចំនួន៦ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការអភិវឌ្ឍន៍កម្មវិធីចំនួន៦ ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា បានឈានដល់កម្រិតមួយគួរឱ្យកត់សម្គាល់ជាមួយនឹងការអនុម័តកញ្ចប់ថវិកាកម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក ស្ថិតក្រោមយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨។ កញ្ចប់ថវិកា ៤០៣លានដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តលើគម្រោងសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖ ១. ការអប់រំ៖ ៨០លានដុល្លារអាមេរិក សម្រាប់បង្កើនការអប់រំកម្រិតមធ្យមសិក្សា និងបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍសម្ភារៈក្នុងសាលារៀនដែលធន់នឹងអាកាសធាតុ។ ២. អំពើហឹង្សាផ្អែកលើយេនឌ័រ៖ ១០ លានដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធឆ្លើយតបរបស់ប្រទេស ដើម្បីសម្រេចឱ្យបាននូវសង្គមដែលគ្មានអំពើហិង្សាផ្អែកលើយេនឌ័រនៅឆ្នាំ ២០៣០។ ៣. បរិយាកាសធុរកិច្ច៖ […]

ផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate’s Post  នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ​តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ […]

សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!

សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធ​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) […]

រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតតម្លៃជាង ១លានដុល្លារ នៅខណ្ឌកំបូល រាជធានីភ្នំពេញ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ តម្លៃ ១,៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ បើតាមការឲ្យដឹងរបស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា ៣ពាន់គ្រួសារ។ រោងចក្រនេះ មានបណ្តាញចែកចាយទឹកប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោ​ត។ ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ នឹងអាចឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០គីឡូម៉ែត្រ […]