វៀតណាមគ្រោងវិនិយោគ ៦៥ ពាន់លានដុល្លារ សម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក

ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម កាលពីថ្មីៗនេះបានប្រកាសពីគម្រោងចំណាយទឹកប្រាក់សរុបដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទូទាំងប្រទេស។

យោងតាមផែនការមេឆ្នាំដល់ ២០៣០ ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ និងស្ដារគម្រោងជាច្រើន រួមមាន ការសាងសង់ផ្លូវល្បឿនលឿនសរុប ៥ ០០០គីឡូម៉ែត្រ ទូទាំងប្រទេស ការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុង ការសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ពីហាណូយ ទៅហូជីមិញ (ជើងត្បូង) និង ការបញ្ចប់ការសងសង់ព្រលានយន្តហោះអន្តរជាតិឡុងថាញ់។

ប្រទេសវៀតណាម បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទៅហើយ ជាក់ស្ដែង គិតត្រឹមឆ្នាំនេះ វៀតណាមមានផ្លូវល្បឿនលឿនសរុបប្រវែង ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការទូទាំងប្រទេស។ ប៉ុន្តែ ហេតុអ្វីវៀតណាមនៅតែត្រៀមទុនដ៏សម្បើមដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត?

តើមហិច្ឆតារបស់វៀតណាមគឺជាអ្វី?

The Diplomat បានវិភាគថា មហិច្ឆតារបស់វៀតណាមគឺចង់ក្លាយខ្លួនជា កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍថ្មី និងមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្នុងតំបន់។ ជារួម វៀតណាមចង់ក្លាយជាប្រទេសចំណុចកណ្ដាលនៃសេដ្ឋកិច្ចតំបន់ដូចប្រទេសទាំងនោះដែរ។

ដើម្បីធ្វើដូច្នោះបាន វៀតណាមត្រូវតែរៀនសូត្រពីគំរូប្រទេសទាំង ៣ នោះ ហើយចំណុចដូចគ្នាដែរប្រទេសទាំង ៣ បានអនុវត្តគឺការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្ដែង សេដ្ឋកិច្ចប្រទេសវៀតណាមបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យឧស្សាហកម្មផលិតកម្ម និងការនាំចេញ ដែលជំរុញដោយកម្លាំងពលកម្មតម្លៃទាប។

ដោយយកកំណើនសេដ្ឋកិច្ចមកវិភាគ វៀតណាមគិតថា ដើម្បីឱ្យសង្វាក់ផលិតកម្មនៅប្រទេសរបស់ខ្លួនកាន់តែធំ វៀតណាមត្រូវមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំគ្រប់គ្រាន់។ ឧទាហរណ៍ ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ និងកំពង់ផែ ត្រូវតែតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូល ដែលកំពុងកើនឡើង។

ជាក់ស្ដែង វៀតណាមរួមបញ្ចូលការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុងទៅក្នុងផែនការមេឆ្នាំ ២០៣០ គឺដោយសារតែសម្លឹងឃើញថា ក្រុមហ៊ុន LG Display ពីប្រទេសកូរ៉េខាងត្បូងបានវិនិយោគជាង ៣ពាន់លានដុល្លារ លើរោងចក្រផលិតនៅទីក្រុងហៃផុងភាគខាងជើង។ ដូច្នេះ ទៅអនាគតក្រុមហ៊ុននេះ នឹងត្រូវការកំពង់ផែដ៏ធំ និងងាយស្រួលក្នុងការនាំចេញ និងនាំចូលទំនិញ។

ជាមួយនឹងមហិច្ឆតាដែលនឹងត្រូវចំណាយទុនជាង ៦៥ពាន់លានដុល្លារនេះ សំណួរបន្ទាប់គឺ តើវៀតណាម នឹងយកថវិកាពីប្រភពណា?

កន្លងមកវៀតណាមបានសិក្សារុករកវិធីសាស្រ្តជាច្រើនដើម្បីរកថវិកាមកបំពេញមហិច្ឆតានេះ ដូចជាការជំរុញដោយឯកជនជាអ្នកវិនិយោគ និងកម្ចីពីបរទេសជាដើម។ ប៉ុន្តែវិធីសាស្រ្តទាំងនេះ ហាក់ដូចជាពិបាក និងត្រូវចំណាយពេលយូរដោយសារតែគម្រោងមានទំហំទុនធំ។

បើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម Nguyen Van The វិធីសាស្រ្តចុងក្រោយដែលវៀតណាមគ្រោងនឹងធ្វើដើម្បីស្វែករកទុន គឺតាមរយៈការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល ឬហៅថា Government Bond។

ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ និយាយឱ្យងាយយល់គឺដូចជារដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ទាបណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។

លើសពីនេះ រដ្ឋាភិបាលវៀតណាម ក៏មានផែនការនឹងយកថ្លៃឈ្នួលពីការធ្វើចរាចរណ៍លើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីសងបំណុលផងដែរ។ វៀតណាម ចាត់ទុកថាវិធីប្រសើរជាងខ្ចីលុយពីបរទេសដោយផ្ទាល់ៗទាំងដុំៗដែរ។

យ៉ាងណាមិញ The Diplomat វិភាគទៀតថា ផែនការនេះហាក់ដូចជាល្អ ប៉ុន្តែក្នុងការអនុវត្ត វៀតណាមអាចនឹងប្រឈមបញ្ហាជាច្រើនទៀតដូចជា ការដោះស្រាយវិវាទដីធ្លីនៅតាមតំបន់អភិវឌ្ឍន៍បញ្ហាហិរញ្ញប្បទាន និងបំណុលរយៈពេលវែង ជាដើម។

រូបភាពដោយ៖ Financial Time

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន

រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុក​មានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -

កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​គឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]

អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន […]

អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ

ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។ […]

ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%

រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន ៤១.៩០៨.៨៣៣ដុល្លារ មានការកើនឡើង ២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៨៩៨.៣៣៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤១.៩០៨.៨៣៣ដុល្លារ កើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែវិច្ឆិកាតែមួយ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩២០.៨៧២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៤.១៣៦​នាក់ ដែលចំណូលនេះកើនឡើង ២៦,៩៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែលក៏បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១១ខែនេះ បានចំនួន ២៧៨.៧១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧០០.០០៤ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) […]