វៀតណាមជាប់ជាប្រទេសមានតម្លាភាពទីផ្សារអចលនទ្រព្យទាបបំផុតនៅអាស៊ីអាគ្នេយ៍

ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានតម្លាភាពទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំណោមប្រទេសចំនួន ៨៩ នៅក្នុងសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ របស់ស្ថាប័នស្រាជជ្រាវអចលនទ្រព្យ JLL។ របាយ​ការណ៍​នេះ​ បាន​ដាក់​ប្រទេស​វៀតណាម​នៅ​ពី​ក្រោយ​ប្រទេស​សិង្ហបុរី (ទី ១៣) ថៃ (ទី៣២) ម៉ាឡេស៊ី (ទី៣៣) ឥណ្ឌូណេស៊ី (ទី ៤០) និង​ហ្វីលីពីន (ទី ៤៥) ក្នុង​លក្ខខណ្ឌ​តម្លាភាព ដោយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​សម្រាប់​អ្នក​វិនិយោគ​ទាក់ទង​នឹង​ភាព​ច្បាស់លាស់​នៃ​បទប្បញ្ញត្តិ គុណផល​វិនិយោគ និងបញ្ហានិរន្តរភាព។ របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយសារៈព័ត៌មានវៀតណាម e.vnexpress.net នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៤។

គួរបញ្ជាក់ថាវិធីសាស្ត្រចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយការវាយតម្លៃតម្លាភាពតាមរយៈការរួមបញ្ចូលទិន្នន័យបរិមាណវិស័យ (quantitative data)  និងលទ្ធផលស្ទង់មតិពីទីក្រុងចំនួន ១៥១ទូទាំងពិភពលោក ដោយកំណត់ឱ្យទីផ្សារនៃប្រទេសនីមួយៗនូវពិន្ទុពី០១ទៅ ០៥ ក្នុងនោះពិន្ទុ០១បង្ហាញពីកម្រិតខ្ពស់បំផុតនៃតម្លាភាព។ ចំណាត់ថ្នាក់ពាក់កណ្តាលតម្លាភាពរបស់វៀតណាម ឆ្លុះបញ្ចាំងពីការបំពេញគុណផលទាបរបស់ខ្លួននៅក្នុងផ្នែកសំខាន់ៗដូចជាការវិនិយោគ និយតកម្ម និងក្របខ័ណ្ឌច្បាប់ ដំណើរការប្រតិបត្តិការ និងស្តង់ដារនិរន្តរភាព។

ផ្ទុយទៅវិញ ប្រទេសជប៉ុនបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានចំណាត់ថ្នាក់ទី ១១។

លើសពីនេះ​ស្ថាប័នវាយតម្លៃ JLL បានកត់សម្គាល់ថា ទីផ្សារអាស៊ីបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើនិយាយពីរឿងតម្លាភាព គិតចាប់តាំងពីឆ្នាំ ២០២២រៀងមក ដោយប្រទេសឥណ្ឌានាំមុខគេលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលបានបង្ហាញច្បាស់ថា បញ្ហានិរន្តរភាព នៅតែចោទជាបញ្ហា គឺគ្រប់ប្រទេសទាំងអស់នៅទូទាំងសកលលោក សុទ្ធតែទទួលបានពិន្ទុទាបចំពោះបញ្ហានេះ ដោយសារតែអវត្តមាននៃការដាក់កំហឹតលើការអនុវត្តស្តង់ដារការបំពេញគុណផលសម្រាប់អគារ អវត្តមានការបង្ហាញអំពីការប្រើប្រាស់ថាមពលសាធារណៈ និងអវត្តមានការរាយការណ៍អំពីហានិភ័យអាកាសធាតុនៅក្នុងទីផ្សារភាគច្រើន។ ម្យ៉ាងទៀត របាយការណ៍នេះ​បានរំលេចបន្ថែមថា “ការលាងលុយកខ្វក់នៅតែជាកង្វល់សំខាន់” នៅក្នុងបណ្តាប្រទេសជាច្រើន។

លោក Richard Bloxam នាយកប្រតិបត្តិផ្នែកទីផ្សារមូលធនប្រចាំនៅស្ថាប័ន JLL បាននិយាយថា “ទីផ្សារ (ប្រទេសណា) ដែលមានការកំណត់តម្លៃច្បាស់លាស់ មូលដ្ឋានគ្រឹះរឹងមាំ និងការកែលម្អតម្លាភាព ត្រូវបានគេរំពឹងថានឹងដឹកនាំការងើបឡើងវិញនៃវិស័យអចលនទ្រព្យ។

លោកក៏បានព្យាករណ៍ថា “ចលករសំខាន់ៗដែលកំពុងលេចវត្តមានឡើងនៅក្នុងទីផ្សារ រួមមានទាំងបញ្ញាសិប្បនិមិត្ត និងស្តង់ដារនិរន្តរភាពខ្ពស់ ដែលកត្តាទាំងអស់នេះ នឹងជំរុញអ្នកវិនិយោគឱ្យទាមទារឱ្យមានតម្លាភាពកាន់តែច្រើនបន្ថែមទៀត នៅគ្រប់ទីផ្សារអចលនទ្រព្យទូទាំងពិភពលោក”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]